leftcenterrightdel
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ធ្វើជាអធិបតីភាពនៃពិធីទទួលបដិសណ្ឋារកិច្ចលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន។

នៅកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានសារសំខាន់ក្នុងការវាយតម្លៃលើលទ្ធផលនៃកិច្ចសហការ និងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិក្នុងរយៈពេលកន្លងមករវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមដែលបានជួយប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាគ្រប់ជាន់ថ្នាក់ ក្នុងវិស័យជាច្រើន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កងទ័ពនៃប្រទេសទាំងពីរនិយាយរួម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនិយាយដោយឡែក បានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តវិធានការជាមួយគ្នា។ លទ្ធផលដ៏ល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិជាសសរស្តម្ភមួយ ក្នុងទំនាក់ទំនង វៀតណាម-កម្ពុជា។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងនូវជំនឿជាក់ថា វៀតណាមនឹងទទួលបានជោគជ័យនៅពេលដែលជាប្រធានអាស៊ានឆ្នាំ ២០២០ ក៏ដូចជាការរៀបចំកិច្ចប្រជុំមេបញ្ជាការនៃកងកំលាំងការពារជាតិបណ្តាប្រទេសអាស៊ាន។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានរំពឹងថា ភាគីទាំងពីរនឹងជំរុញការខណ្ឌសីមា និងបោះបង្គោលព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅប្រទេសកម្ពុជា។

* នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Phan Van Giang បានមកជួបសំដែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang  មកជួបសំដែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជំរុញទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអនុវត្តខ្លឹមសារដែលភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពជាមួយគ្នា។

លោកឧត្តមសេនីយ៍ឯក Phan Van Giang  បានរំពឹងថា លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមចំណែកក្នុងការបំពេញកាត្វកិច្ចពារជាតិរបស់ប្រទេសនីមួយៗ៕

បកប្រែដោយ Huyen Trang