ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Kunio Umeda បានពិភាក្សាអំពីការសហការដើម្បីជំនះផលវិបាកដោយគ្រាប់បែក គ្រាប់មីន និងជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីតក្រោយសង្គ្រាមនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាល និងអង្គការរបស់ជប៉ុនក្នុងគម្រោងការទាក់ទងនឹងការកម្ចាត់គ្រាប់បែក គ្រាប់មីន ការសំអាតឌីអុកស៊ីត ជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតរបស់វៀតណាម និងស្នើឲ្យស្ថាប័នរបស់ជប៉ុនសហការជាមួយគណៈកម្មការដឹកនាំជាតិវៀតណាមទទួលបន្ទុកជំនះផលវិបាកដោយគ្រាប់បែក គ្រាប់មីន និងជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតក្រោយសង្គ្រាមនៅវៀតណាម (គណៈកម្មការដឹកនាំលេខ៧០១) ក្នុងការធ្វើផែនការសហប្រតិបត្តិការអំពីការជំនះផលវិបាកនៃសង្គ្រាម។ ព្រមទាំងផ្តោតទៅលើការផ្សព្វផ្សាយសំដៅជួយប្រជាជននៃប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិយល់ច្បាស់ថែមទៀតអំពីការខិតខំប្រឹងប្រែងរបស់វៀតណាមនិងជប៉ុនលើវិស័យនេះ។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Kunio Umeda សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានចាត់ទុកទំនាក់ទំនងលើវិស័យការពារជាតិជាសសរស្ដម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់របស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ស៊ីជម្រៅនិងទូលំទូលាយដែលកំពុងអភិវឌ្ឍដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ចាត់ទុកថា ភាគីទាំងពីរគប្បីជម្រុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ លោកក៏សង្កត់ធ្ងន់ដែរថា ក្រសួងការពារប្រទេសវៀតណាមជួយគាំទ្រជប៉ុនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងស្នើឲ្យជប៉ុនជួយគាំទ្រវៀតណាមក្នុងការរៀបចំដោយជោគជ័យកិច្ចប្រជុំ និងសកម្មភាពនានាក្នុងឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន៕

បកប្រែដោយ Thanh Cong