លោកស្រី Dang Thi Thu Ha នៅភូមិ Tan Binh ឃុំ Dong Xuan (ខេត្ត Dak Lak) គឺជាមនុស្សចាស់រស់នៅតែម្នាក់ឯង។ នៅពេលដែលផ្ទះចាស់របស់ខ្លួនត្រូវបានបំផ្លាញទាំងស្រុងដោយទឹកជំនន់ លោកស្រី Ha ស្ទើរតែអស់សង្ឃឹម ព្រោះមិនមានលុយគ្រប់គ្រាន់ដើម្បីសាងសង់ផ្ទះឡើងវិញ។ នៅពេលដែលលោកស្រីបានឮថារដ្ឋកំពុងផ្តល់ប្រាក់ជំនួយ ហើយថាកម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ៣៨ (កងពលធំលេខ២) ជួយសាងសង់ផ្ទះរបស់លោកស្រីឡើងវិញ លោកស្រី Ha បានស្រក់ទឹកភ្នែករីករាយ។ លោកស្រីបានចែករំលែកថា “ខ្ញុំពិតជារំជួលចិត្តណាស់ នៅពេលដែលកងទ័ពមកជួយសាងសង់ផ្ទះរបស់ខ្ញុំឡើងវិញ។ ពួកគេធ្វើការទាំងយប់ទាំងថ្ងៃ។ អ្នកភូមិ Tan Binh គ្រប់ៗគ្នាមានមនោសញ្ចេតនាល្អចំពោះកងទ័ព”។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងពលធំលេខ ២ ជួយប្រជាជនខេត្ត Dak Lak សាងសង់ផ្ទះសម្រាប់ប្រជាជន

យោងតាមលោកវរសេនីយ៍ឯកបម្រុង Nguyen Long Vong មេបញ្ជាការរង និងជាប្រធានសេនាធិការនៃកងពលធំលេខ២ ការសាងសង់ផ្ទះសម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ ដែលបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនារបស់កងទ័ពចំពោះប្រជាជន។ ដូច្នេះ ថ្នាក់ដឹកនាំកងពលធំលេខ២ បញ្ជូនកម្មាភិបាល កងទ័ពជាង ១,០០០ នាក់ និងមធ្យោបាយ ដើម្បីចូលរួមក្នុង "យុទ្ធនាការ Quang Trung" ដោយជួសជុល និងសាងសង់ផ្ទះឡើងវិញយ៉ាងឆាប់រហ័សសម្រាប់ប្រជាជន។

ក្នុងអំឡុងពេលនៃការអនុវត្ត "យុទ្ធនាការ Quang Trung" កងពលធំបានប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេសភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅមូលដ្ឋាន។ កងពលធំទទួលបន្ទុកសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជននៅឃុំចំនួនប្រាំមួយនៅភាគខាងកើតនៃខេត្ត Dak Lak ក្នុងនោះ មូលដ្ឋានជាច្រើនមានការពិបាកក្នុងការដឹកជញ្ជូន ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃគម្រោងសាងសង់។ ប៉ុន្តែ គណៈកម្មាធិការបក្ស និងមេបញ្ជាការនៃកងពលធំលេខ២ បានដឹកនាំអង្គភាពនានាឲ្យបញ្ជូនកងកម្លាំង និងមធ្យោបាយដឹកជញ្ជូនសម្ភារៈជាច្រើន ធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីសកល ដើម្បីធានាបាននូវវឌ្ឍនភាពលឿនបំផុត សន្សំសំចៃបំផុត និងរឹងមាំបំផុត។ ទន្ទឹមនឹងផ្ទះចំនួន ៣៧ ខ្នងដែលទើបសាងសង់ថ្មី និងផ្ទះចំនួន ៣៧ ខ្នងដែលទើបជួសជុល កងពលធំបានកំណត់ថាផ្ទះចំនួន ៥៥ ខ្នងដែលនៅសល់នឹងត្រូវបញ្ចប់ និងប្រគល់ជូនប្រជាជនមុនថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦៕

បកប្រែដោយ Thuy Anh