ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងទួរគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព
កប.អនឡាញ - នារសៀលថ្ងៃទី ១៣ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Haluk Gorgun ប្រធានទីភ្នាក់ងារឧស្សាហកម្មការពារជាតិទួរគី។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ឆ្លងកាត់ជិត ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងទួរគី ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើនណាស់ រួមទាំងវិស័យការពារជាតិផងដែរ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “បួនមិន” របស់ខ្លួន។ វៀតណាមមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមកចំពោះផលប្រយោជន៍រួម រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Haluk Gorgun |
យោងតាមលោកនាយឧត្តមសេនីយ៍ Phan Van Giang នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិរវាងវៀតណាម និងទួរគី ត្រូវបានជំរុញដោយភាគីទាំងពីរ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងរួមគ្នាកសាង និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិកាលពីខែកក្កដា ឆ្នាំ២០២៥ មក អាស្រ័យហេតុនេះ បង្កើតក្របខ័ណ្ឌមួយដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិឱ្យកាន់តែរឹងមាំ ស្របតាមតម្រូវការ និងលទ្ធភាពរបស់ភាគីទាំងពីរ។ ដោយឈរលើមូលដ្ឋាននៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិដែលបានចុះហត្ថលេខាកាលពីខែកក្កដា ឆ្នាំ២០២៥ មក លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចជួយគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសឧស្សាហកម្មការពារជាតិទួរគីបន្តផ្លាស់ប្តូរជាមួយស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាមដើម្បីឧទ្ទេសនាមផលិតផល ក៏ដូចជាស្វែងយល់ពីវិស័យសហប្រតិបត្តិការដែលស្របនឹងតម្រូវការ និងលទ្ធភាពរបស់ភាគីទាំងពីរ។
លោក Haluk Gorgun បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោក Haluk Gorgun សង្ឃឹមថា នាពេលខាងមុខ ទួរគី និងវៀតណាមនឹងបន្តពង្រឹង និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងស្រាវជ្រាវលើវិស័យសហប្រតិបត្តិការដែលមានសក្តានុពលថ្មី។ លោក Haluk Gorgun បានសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិដែលបានចុះហត្ថលេខាកាលពីខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញពីការជឿទុកចិត្ត និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្មការពារជាតិ។ លោកបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងទួរគី និងវៀតណាម៕
បកប្រែដោយ Pham Diep