"ដំណើរដើម្បីសន្តិភាព" របស់កងទ័ពមួកខៀវ
កប.អនឡាញ - ក្នុងបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម កម្មវិធីជួបប្រាស្រ័យក្រោមប្រធានបទ “ដំណើរដើម្បីសន្តិភាព” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ ដោយតភ្ជាប់កន្លែងនានារួមមាន៖ ស្ថានបេសកកម្មស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងតំបន់ Abyei និងទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បាននាំយកនូវភាពកក់ក្តៅនៃបុណ្យចូលឆ្នាំថ្មី និងមនោសញ្ចេតនាពីមាតុភូមិ លើកទឹកចិត្តដល់ស្មារតីរបស់កម្មាភិបាល យុទ្ធជនរក្សាសន្តិភាពដែលស្វាគមន៍ឆ្នាំថ្មីនៅឆ្ងាយពីស្រុកកំណើត។
ដោយបានក្លាយទៅជាទម្លាប់ប្រចាំឆ្នាំ កម្មវិធីជួបប្រាស្រ័យគឺជាអំណោយបុណ្យចូលឆ្នាំថ្មីដ៏មានអត្ថន័យពីមាតុភូមិជូនកងទ័ពមួកខៀវ ដែលរៀបចំដោយក្រសួងការបរទេសវៀតណាមសម្របសម្រួលជាមួយមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព; លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុប្រធានក្រុមការងារអន្តរស្ថាប័ន អនុប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងតំណាងថ្នាក់ដឹកនាំស្ថាប័ននានានៃក្រសួងការពារប្រទេស ក្រសួងការបរទេស ក្រសួងនគរបាល ស្ថានទូតអូស្ត្រាលី សហរដ្ឋអាមេរិក អង្គការអន្តរជាតិនៅទីក្រុងហាណូយ... បានអញ្ជើញចូលរួមកម្មវិធីនេះ។
|
|
ប្រតិភូថតរូបជាមួយសិល្បករ និងសិស្សានុសិស្សដែលសម្តែងក្នុងកម្មវិធី |
ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងក្រសួងនគរបាល លោកឧត្តមសេនីយ៍ឯក Phung Si Tan បាន សួរសុខទុក្ខដោយផ្ទាល់ លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាម និងនគរបាលប្រជាជននៅតាមតំបន់នានា។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា នេះមិនត្រឹមតែជាឱកាសដើម្បីផ្លាស់ប្តូរ ជួបសំណេះសំណាល និងផ្សព្វផ្សាយនូវមនោសញ្ចេតនាកក់ក្តៅជូនចំពោះកងទ័ពមួកខៀវវៀតណាមដែលកំពុងបំពេញកាតព្វកិច្ចឆ្ងាយពីមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រឡេកមើលលទ្ធផលការងារគួរឱ្យសរសើរណាស់របស់កម្លាំងវៀតណាមចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងទ័ពមួកខៀវវៀតណាមបំពេញភារកិច្ចបានល្អ ខិតខំអស់ពីចិត្តជួយសហគមន៍មូលដ្ឋាន រួមចំណែកផ្សព្វផ្សាយរូបភាពលោកអ៊ំហូ ទឹកចិត្តមនុស្សធម៌ របស់ប្រជាជនវៀតណាមស្រលាញ់សន្តិភាព។
នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា សមិទ្ធិផលរបស់វៀតណាមក្នុងការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពិតជាមានមោទនភាពណាស់។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាពជាថ្មីម្តងទៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានអត្ថន័យ និងប្រសិទ្ធភាពរួមជាមួយនឹងស្មារតីទទួលខុសត្រូវ ការឧស្សាហ៍ព្យាយាម និងគំនិតច្នៃប្រឌិតរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមក្នុងបេសកកម្មនានា។
នៅស៊ូដង់ខាងត្បូង លោកឧត្តមសេនីយ៍ទោ William Ryaras មេបញ្ជាការកងឯកភាពបានវាយតំលៃខ្ពស់ចំពោះកងពេទ្យកម្រិត ២ របស់វៀតណាមដែលបានបង្ហាញពីសមត្ថភាពរបស់ពេទ្យយោធាវៀតណាមក្នុងបរិយាកាសដ៏លំបាក និងបានកោតសរសើរចំពោះស្មារតីធ្វើការមិនចេះនឿយហត់របស់កម្មាភិបាល និងបុគ្គលិក នៃកងពេទ្យកម្រិត ២ វៀតណាម ជាពិសេសក្នុងស្ថានភាពលំបាក និងសង្គ្រោះបន្ទាន់។
នៅតំបន់ Abyei តំណាងថ្នាក់ដឹកនាំតំបន់រដ្ឋបាល Abyei ចែករំលែកនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ លោកបានសម្តែងនូវសេចក្តីរីករាយដែលបានបន្តទទួលស្វាគមន៍ក្រុមវិស្វកម្មវៀតណាម។ លោកបានបន្តថា Abyei កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដូច្នេះការជួយជ្រោមជ្រែងពីសំណាក់មិត្តវៀតណាមគឺជាការចាំបាច់បំផុត និងទាន់ពេលវេលា។ "អរគុណវៀតណាមដែលបានបញ្ជូនកម្លាំងរក្សាសន្តិភាពមកតំបន់របស់យើង!"
បកប្រែដោយ Duy Hoan