លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម
កប.អនឡាញ - នាថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម ចូលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាម និងគុយបាបានអភិវឌ្ឍយ៉ាងវិជ្ជមាន និងកាន់តែស៊ីជម្រៅលើវិស័យជាច្រើន រួមចំណែកដល់សន្តិភាពនិងស្ថិរភាព ការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយ និងទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងក្រសួងការពារប្រទេសទាំងពីរ។
|
|
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén |
ផ្អែកលើផែនការសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០២៣-២០២៥ សកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្តត្រូវបានជំរុញ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយភាគីទាំងពីរនិងផ្តោតសំខាន់លើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេស គណៈប្រតិភូជាន់ខ្ពស់; ការងារបក្ស ការងារនយោបាយ; ការបណ្ដុះបណ្ដាល; ពេទ្យយោធា; ការចងសម្ព័ន្ធមេត្រីភាព ...
ឆ្នាំ ២០២៥ អបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងគុយបា (១៩៦០-២០២៥) ក្រសួងការពារប្រទេសវៀតណាមមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា រួមចំណែកអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសវៀតណាម និងគុយបាដែលបានពូនជ្រំដោយប្រធានហូជីមិញ និងលោកប្រធាន Fidel Castro រួមជាមួយថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានឲ្យដឹងថា នាខែធ្នូខាងមុខ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ២។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សូមទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា មកចូលរួមសកម្មភាពទាំងនេះក្នុងប្រទេសវៀតណាម។
|
|
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានសម្តែងនូវការរំភើបចិត្ដចំពោះមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ក៏ដូចជាមនោសញ្ចេតនាដែលក្រសួងការពារប្រទេសវៀតណាមផ្តល់ជូនលោកក្នុងអាណត្ដិការងារនៅវៀតណាម។ ព្រមទាំងសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងទំនាក់ទំនងគុយបា-វៀតណាម។
លោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានអះអាងថា ទោះបីជាក្នុងឋានៈណាក៏ដោយក៏នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងការពារជាតិនិយាយដោយឡែកឲ្យកាន់តែរីកចម្រើន៕
បកប្រែដោយ Pham Diep