ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ព្យុះលេខ៣ ដែលជាព្យុះមានខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ខេត្ត និងទីក្រុងនានានៅភាគខាងជើង ជាពិសេសគឺទីក្រុង Hai Phong ខេត្ត Quang Ninh និងខេត្ត Hoa Binh ខេត្ត Bac Giang ខេត្ត Thai Nguyen ខេត្ត Cao Bang ខេត្ត Lang Son ខេត្ត Phu Tho ខេត្ត Yen Bai ខេត្ត Lao Cai...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

ដោយប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃព្យុះលេខ៣ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការបញ្ជាពីការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រី គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងការបញ្ជារបស់មេបញ្ជាការ កម្មាភិបាល និងយុទ្ធជននៃអង្គភាពកងទ័ព និងកងសេនាជននៅតំបន់ភាគខាងជើង បានអនុវត្តយ៉ាងរហ័សនូវវិធានការទប់ទល់នឹងព្យុះនៅក្នុងអង្គភាពរបស់ពួកគេ និងក្នុងតំបន់ដែលឈរជើង ផ្សព្វផ្សាយ និងជួយគាំទ្រប្រជាជនឲ្យផ្លាស់ទីលំនៅ ចលនានាវា និងប្រជាជនទៅកាន់ទីទួលសុវត្ថិភាព។ សមមិត្តទាំងអស់បានរក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរ៉ឹងបំផុត បានបញ្ជូនកងកម្លាំង និងមធ្យោបាយចាំបាច់ទៅដល់កន្លែងជួបការលំបាក និងមានគ្រោះថ្នាក់ ដោយឈានមុខគេក្នុងការទប់ទល់នឹងទឹកជំនន់ ព្យុះ ការស្វែងរក និងជួយសង្គ្រោះ ជួយប្រជាជនឲ្យយកឈ្នះលើផលវិបាកនៃព្យុះលេខ៣។ សកម្មភាពរបស់សមមិត្តជាគំរូដ៏ភ្លឺស្វាងនៃភាពក្លាហាន និងឆន្ទៈ របស់កងទ័ពប្រជាជន "បម្រើប្រជាជនដោយមិនគិតតែពីខ្លួនឯង"។

ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមមិត្តក្នុងការចូលរួមទប់ទល់ និងជំនះផលវិបាកនៃព្យុះលេខ៣។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ព្យុះនៅតែមានការវិវត្តយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនបន្តរងការគំរាមកំហែង។ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសសង្ឃឹមថា សមមិត្តទាំងអស់នឹងពង្រឹងថែមទៀតនូវភាពអង់អាចក្លាហាន ប្រពៃណីនៃការប្តេជ្ញាប្រយុទ្ធ និងប្ដេជ្ញាឈ្នះរបស់កងទ័ពប្រជាជនវៀតណាម សាមគ្គីភាព និងសហការការពារដាច់ខាតនូវសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិរដ្ឋ និងប្រជាជន ជួយប្រជាជននៅបណ្ដាខេត្តភាគខាងជើងឲ្យរួចផុតពីផលវិបាកនៃព្យុះ ធ្វើឲ្យជីវភាពរស់នៅមានស្ថិរភាពយ៉ាងឆាប់រហ័ស ព្រមទាំង ធានាបាននូវសុវត្ថិភាពក្នុងការបំពេញភារកិច្ច។

សូមប្រសិទ្ធិពរជូនសមមិត្តទាំងអស់ជួបតែសុខភាពល្អ សុភមង្គល សុវត្ថិភាព និងរីកចម្រើនជាបន្តបន្ទាប់។

ជំរាបសួរ និងតាំងចិត្តឈ្នះជាដាច់ខាត!

បកប្រែដោយ Thuy Anh