នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីផ្លាស់ប្តូរលើកនេះ ទន្ទឹមនឹងនោះ ស្នើឱ្យស្ថាប័ន អង្គភាពនានាប្រកាន់ខ្ជាប់ និងកំណត់ថានេះជាភារកិច្ចនយោបាយស្នូល និងសំខាន់របស់កងឆ្មាំសមុទ្រវៀតណាមក្នុងឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ត្រី Le Quang Dao សំណូមពរស្ថាប័ន អង្គភាពនានាសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជំនះពុះពាររាល់ការលំបាកដើម្បីរៀបចំកម្មវិធីនេះប្រកបដោយជោគជ័យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

គេរំពឹងថា កម្មវិធីផ្លាស់ប្តូរការងារបក្ស និងការងារនយោបាយថ្នាក់ជាន់ខ្ពស់រវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនលើកដំបូង ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅខែសីហាខាងមុខ ដោយមានសកម្មភាពសំខាន់ៗដូចជា៖ ការជួបសម្តែងការគួរសមប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម; កិច្ចពិភាក្សាថ្នាក់ជាន់ខ្ពស់រវាងប្រធាននយោបាយនៃកងកម្លាំងទាំងពីរ; គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងទស្សនាតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ; ទៅទស្សនាបញ្ជាការដ្ឋានតំបន់លេខ១ កងឆ្មាំសមុទ្រវៀតណាម; ទៅទស្សនានាវាកងឆ្មាំសមុទ្រលេខ ៨០០៤ នៅកងនាវាលេខ១១ (បញ្ជាការដ្ឋានតំបន់លេខ១ កងឆ្មាំសមុទ្រវៀតណាម); និងផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ។ល។

កម្មវិធីផ្លាស់ប្តូរនេះមានគោលបំណងពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន ជំរុញទំនាក់ទំនងរវាងកងកម្លាំងទាំងពីរឲ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីកសាង និងជំរុញសកម្មភាពសហប្រតិបត្តិការផ្សេងទៀតនៅថ្នាក់ជាន់ខ្ពស់ នាពេលខាងមុខ។ តាមរយៈសកម្មភាពរបស់កម្មវិធី កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនអាចបង្កើនការផ្លាស់ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍ក្នុងការងារបក្ស និងការងារនយោបាយរបស់កងកម្លាំងទាំងពីរ៕

បកប្រែដោយ Huyen Trang