នៅ ACAMM-24 មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសអាស៊ានទាំង ១០ បានពិភាក្សាលើរាល់បញ្ហាដែលមានយកចិត្ដទុកដាក់ដូចគ្នា និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាសន្តិសុខរួម ជាពិសេសបញ្ហាប្រឈមនៃសន្តិសុខមិនប្រពៃណីដូចជា៖ ការទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត សន្តិសុខ សុវត្ថិភាពតាមអុីនធឺណិតដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អញ្ជើញចូលរួមកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី ២៤

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានវាយតំលៃខ្ពស់ចំពោះប្រធានបទរបស់ ACAMM-24 ក្នុងបរិបទដែលស្ថានការណ៍ពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា កងទ័ពជើងគោកគឺជាកម្លាំងដោយផ្ទាល់ដែលអនុវត្ដរាល់សកម្មភាពក្នុងយន្តការសហប្រតិបត្តិការការពារជាតិ និងយោធារបស់អាស៊ាន រួមចំណែកដោយផ្ទាល់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ការយោគយល់គ្នា ការជឿទុកចិត្តរវាងបណ្ដាប្រទេសអាស៊ានជាមួយប្រទេសជាដៃគូ រួមចំណែករក្សាតួនាទីមជ្ឈភាពរបស់អាស៊ាន និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ក៏បានអះអាងផងដែរថា ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងអាស៊ាន កងទ័ពប្រជាជនវៀតណាមបាននិងកំពុង ហើយនឹងបន្តចូលរួមដោយការទទួលខុសត្រូវក្នុងរាល់សកម្មភាពសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសអាស៊ាននិយាយរួម និងរវាងកងទ័ពជើងគោកអាស៊ាននិយាយដោយឡែក។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានអញ្ជើញថ្នាក់ដឹកនាំកងទ័ពជើងគោកនៃគ្រប់ប្រទេសទាំងអស់មកចូលរួមការតាំងពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ និងសកម្មភាពផ្លាស់ប្តូរតន្ត្រីយោធានៃបណ្ដាប្រទេសអាស៊ានដែលនឹងធ្វើឡើងនៅវៀតណាមនៅឆ្នាំ ២០២៤។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ក៏មានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីប្រទេសឡាវ កម្ពុជា ថៃ ហ្វីលីពីន និងប្រ៊ុយណេ ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកជាមួយប្រទេសដទៃទៀត។ ក្នុងជំនួបនេះ ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសបានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពនិងតួនាទីរបស់កងទ័ពប្រជាជនវៀតណាម និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យយោធា ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ ... ស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ៕

បកប្រែដោយ Pham Diep