បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច  រដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នា។ នៅក្នុងកិច្ចពិភាក្សានេះ  ភាគីទាំងពីរបានវាយតម្លៃថា វៀតណាម និងអូស្ត្រាលីបានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៨ ដោយសម្រេចបានលទ្ធផលយ៉ាងសកម្ម ជាពិសេសលើវិស័យដូចជា ការជួបជុំរវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ពេទ្យយោធា; ការផ្លាស់ប្តូរយោបល់ក្នុងការប្រឆាំងភេរវកម្ម; សន្តិសុខដែនសមុទ្រ; ជំនះពុះពារផលវិបាកដោយសារសង្គ្រាម; ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; គាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃ ADMM+។ ក្រសួងការពារប្រទេសវៀតណាមវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់អូស្ត្រាលីក្នុងក្របខ័ណ្ឌ ADMM+។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ទទួលបដិសណ្ឋារកិច្ច ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី

ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលមានស្រាប់ ស្រប​តាមឯកសារ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវលើការចុះហត្ថលេខា និងការធ្វើបច្ចុប្បន្នភាពឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្ដិការដែលមានស្រាប់ ស័ក្តិសមនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយផ្តោតលើវិស័យសំខាន់ៗដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រក្សាប្រសិទ្ធភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី និងយន្តការពិគ្រោះយោបល់ដែលកំពុងដំណើរការ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល; ពេទ្យយោធា អង្គភាព ជំនះពុះពារផលវិបាកដោយសារសង្គ្រាម; សិក្សាស្រាវជ្រាវពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពល និងតម្រូវការ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើភាគីអូស្ត្រាលីបន្តជួយការដឹកជញ្ជូនបុគ្គលិកកងពេទ្យកម្រិត ២ របស់វៀតណាមទៅកាន់ប្រទេសស៊ូដង់ខាងត្បូង និងជួយលើកកម្ពស់សមត្ថភាពរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនរក្សាសន្តិភាពវៀតណាម; លើកកំពស់សមត្ថភាពវិជ្ជាជីវៈជូនបុគ្គលិក និង​គាំទ្រវៀតណាមជាបេក្ខភាពក្នុងតំណែងជាន់ខ្ពស់នៅស្ថានបេសកកម្ម និងនៅទីស្នាក់ការអង្គការសហប្រជាជាតិ។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានចែករំលែក និងវាយតម្លៃអំពីស្ថានភាពពិភពលោក និងតំបន់ រួមទាំងបញ្ហាដែលភាគីទាំងពីរមានកង្វល់ ដូចជា សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាចរណ៍នៅសមុទ្រខាងកើតផងដែរ។ ព្រមទាំងភាគីទាំងពីរសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការជឿទុកចិត្ត បរិយាកាសសន្តិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍រួម ផ្ដោតលើតួនាទីមជ្ឈភាពរបស់អាស៊ាន និងឯកភាពបន្តបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគី៕

បកប្រែដោយ Pham Diep