ពេញមួយជីវិតបំរើបដិវត្ដន៍ពោរពេញដោយភាពក្លៀវក្លា ទោះបីនៅក្នុងឋានៈណាក៏ដោយ ក៏លោកតែងតែខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អនៅចំពោះមុខបក្ស រដ្ឋ កងទ័ព និងប្រជាជន។ លោកតែងតែប្រកាន់ខ្ជាប់នូវអត្ដចរិត “កងទ័ពលោកអ៊ំហូ” ជានិច្ច ខិតខំអស់ពីកម្លាំងកាយចិត្ដដើម្បីបម្រើមាតុភូមិ និងប្រជាជន។ ការចូលរួមវិភាគទានដ៏ធំធេងរបស់គាត់ក្នុងបុព្វហេតុកសាងកងទ័ពប្រជាជន​វៀតណាមឲ្យកាន់តែរឹងមាំខាងនយោបាយដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីបក្ស រដ្ឋ និងប្រជាជន និងបានបង្ហាញយ៉ាងច្បាស់អំពីសតិអារម្មណ៍នយោបាយ និងយោធា ដែលមានលក្ខណៈទ្រឹស្តី និងជាក់ស្តែងយ៉ាងជ្រាលជ្រៅ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយ ថតរូបជាមួយលោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម

សមមិត្ដ Le Kha Phieu កើតនៅតំបន់ជនបទក្រីក្រមួយនៃខេត្ត Thanh Hoa ប្រទេសវៀតណាម។ នៅអាយុ ១៥ ឆ្នាំ លោកបានចូលរួមចលនាវៀតមិញ ហើយដល់អាយុ ១៨ ឆ្នាំ លោកចូលជាសមាជិកបក្សកុម្មុយនិស្តវៀតណាម ហើយបន្ទាប់មកបានចូលបំរើកងទ័ព។ ពីយុទ្ធជនម្នាក់កាន់កាំភ្លើងប្រយុទ្ធប្រឆាំងនឹងសត្រូវនោះ លោកបានក្លាយជាអ្នកដឹកនាំម្នាក់ដែលឆ្លងកាត់សង្គ្រាមប្រឆាំងអាណានិគមបារាំង ប្រឆាំងចក្រពត្តិអាមេរិក ការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្ដរជាតិនៅប្រទេសឡាវ និងកម្ពុជា។ លោកបានឆ្លងកាត់តំណែងជាច្រើនចាប់ពីតំណែងជាមេបញ្ជាការថ្នាក់ក្រុម ថ្នាក់កងវរសេនាធំ ថ្នាក់កងពលធំ ថ្នាក់​កងពល ថ្នាក់​យោធភូមិភាគ រហូតដល់តំណែងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកប្រចាំការនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ លោកពិតជាកម្មាភិបាលគំរូល្អដែលមានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំ និងបញ្ជាការប្រយុទ្ធ រួមទាំងការងារបក្ស និងការងារនយោបាយក្នុងកងទ័ពផងដែរ។ លោកកាន់តំណែងជាប្រធានអគ្គស្នងការនយោបាយនៃ​កងទ័ពប្រជាជនវៀតណាម ចាប់ពីខែមិថុនាឆ្នាំ ១៩៩១ ដល់ខែធ្នូឆ្នាំ ១៩៩៧ ជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស (ខែមិថុនា ឆ្នាំ ១៩៩២) ជាសមាជិកការិយាល័យនយោបាយ (ខែមករា ឆ្នាំ ១៩៩៤) និងជាសមាជិកប្រចាំការនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម។ 

លោកនិងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសតែងតែយកចិត្តទុកដាក់ដល់ការកសាងគណៈកម្មាធិការបក្សក្នុងកងទ័ពឲ្យមានស្អាតស្អំ និងរឹងមាំ ធ្វើជាសេនាធិការជូនបក្ស រដ្ឋ និងកំណត់មាគ៌ាយោធា និងការពារជាតិ ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចការបក្ស និងនយោបាយ កសាងកងទ័ពប្រជាជនឲ្យបានរឹងមាំខាងនយោបាយដើម្បីធ្វើជាមូលដ្ឋានសម្រាប់លើកកម្ពស់កម្លាំងប្រយុទ្ធ និងពង្រឹងភាពជាអ្នក​ដឹកនាំដោយផ្ទាល់របស់បក្សចំពោះកងទ័ព​។

សមិទ្ធិផលលេចធ្លោរបស់សមមិត្ត Le Kha Phieu នៅពេលកាន់តំណែងជាប្រធានអគ្គស្នងការនយោបាយគឺទាក់ទងជាមួយនឹងដំណាក់កាលដែលប្រទេសឈានចូលសម័យផ្លាស់ថ្មី ដោយជួបប្រទះការលំបាក និងឧបសគ្គជាច្រើន និងរបបសង្គមនិយមធ្វើតាមគំរូសូវៀត និងអឺរ៉ុបខាងកើតដែលត្រូវដួលរលំ។ ចក្រពត្តិនិយម និងកម្លាំងអនុភាពអមិត្ដបានឆ្លៀតយកឱកាសនេះដើម្បីបំផ្លាញ និងប្រឆាំងបណ្ដាប្រទេសសង្គមនិយម ដែលក្នុងនោះមានវៀតណាមផងដែរ ដោយឧបាយកល "បម្រែបម្រួលដោយសន្ដិភាវូបនីយកម្ម" ការធ្វើចលាចល និងការធ្វើអនយោបាយ" ក្នុងកងទ័ព។ ប្រការនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការងារសតិអារម្មណ៍ និងវប្បធម៌ចំពោះកម្មាភិបាល និងយុទ្ធជនមួយចំនួន ។

ប្រឈមនឹងស្ថានភាពនោះ លោកបានគិតយ៉ាងច្រើន ដោយចក្ខុវិស័យយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែងជាច្រើន លោកតែងតែស្ងប់ចិត្ដ និងធ្វើជាសេនាធិការជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសអំពីគោលការណ៍ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលានូវការដឹកនាំ និងតំរង់ទិសសតិអារម្មណ៍ដល់កម្មាភិបាល និងយុទ្ធជន ព្រមទាំងពង្រឹងតួនាទីដឹកនាំរបស់អង្គការបក្ស និងពង្រីកតួនាទីរបស់ជួរកម្មាភិបាល និងសមាជិកបក្ស ក្រៅពីនេះតស៊ូដើម្បីទប់ស្កាត់ និងធ្វើឲ្យបរា​ជ័យ​នូ​វរាល់ឧបាយកល  "ការប្រែប្រួលដោយសន្ដិភាវូបនីយកម្ម"  ការធ្វើចលាចលដើម្បីផ្ដួលរំលំ "ការធ្វើអនយោបាយ" ក្នុងកងទ័ព ដើម្បីបន្តកសាងកងទ័ពប្រជាជនវៀតណាមឲ្យកាន់តែរឹងមាំខាងនយោបាយ។

សមមិត្ត Le Kha Phieu បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកសាងគណៈកម្មាធិការបក្សនៃកងទ័ព។ លោកបានលើកឡើងថា ដើម្បីកសាងគណៈកម្មាធិការបក្សក្នុងកងទ័ពឲ្យបានស្អាតស្អំ និងរឹងមាំគឺត្រូវយល់ច្បាស់នូវការប្រៀនប្រដៅរបស់លោក​អ៊ំហូ ដោយ​យក​នយោបាយជា "មូលដ្ឋានគ្រឹះ" ក្នុងការកសាងកងទ័ព ហើយចាត់ទុកកិច្ចការបក្ស និងនយោបាយជា "សរសៃឈាម" នៃកងទ័ពយើង។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ដល់ការកសាងបក្សខាងនយោបាយ សតិអារម្មណ៍ ការរៀបចំ និងពង្រឹងការដឹកនាំរបស់បក្សចំពោះកងទ័ព ព្រមទាំងយកចិត្ដទុកដាក់ដល់ការលើកកម្ពស់សមត្ថភាព បំប៉នជំនាញជូនជួរកម្មាភិបាល និងផ្ដោតលើការកសាងកម្លាំងស្រួចដែលជាកម្មាភិបាល និងសមាជិកបក្សមានអត្ដចរិតល្អខាងនយោបាយ និងមានសមត្ថភាព ឆ្លើយតបនឹងតម្រូវការភារកិច្ច និងមានទំនាក់ទំនងជិតស្និទ្ធជាមួយមហាជន។

ក្នុងស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ថា “ទោះជា​ជួប​លំបាក និងបញ្ហាប្រឈមក៏​មិន​ថយក្រោយទេ​” លោក និងបណ្ដាថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយបានអនុវត្ដវិធានការជាច្រើនក្នុងការដឹកនាំគ្រប់លំដាប់ថ្នាក់ ការចាត់​តាំង​ក្នុងបក្ស និងអង្គការនយោបាយក្នុងកង​ទ័ព​ទាំង​មូលឲ្យអនុត្ដត្រឹមត្រូវ ហើយមានដំណោះស្រាយជាក់លាក់ជាច្រើនដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស។ 

ទន្តឹមនឹងនោះ ការត្រួតពិនិត្យអង្គការបក្ស និងសមាជិកបក្សត្រូវបានពង្រឹងបន្ថែមទៀត រួមចំណែករក្សាគោលការណ៍ និងឯកភាពក្នុងគណៈកម្មាធិការបក្សនៃកងទ័ព។ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច កសាងប្រទេសជាតិក្នុងដំណាក់កាលដំបូងនៃការផ្លាស់ថ្មីប្រទេសជាតិ។ ប្រឈមនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពពិភពលោក និងរាល់បញ្ហាថ្មីដែលកើតឡើងក្នុងការអនុវត្ដជាក់ស្ដែង ការកែទម្រង់ និងការផ្លាស់ថ្មីក្នុងប៉ុន្មានទសវត្សឆ្នាំ ១៩៩០ នៃសតវត្សរ៍ទី ២០ ដែលតម្រូវឲ្យមានការស្រាវជ្រាវ  ផ្លាស់ថ្មីដើម្បីនាំប្រទេសឱ្យបន្តមានស្ថិរភាព និងរឹងមាំលើមាគ៌ាផ្លាស់ថ្មី និងការអភិវឌ្ឍតាមមាគ៌ាសង្គមនិយម។ ប្រការនេះតម្រូវឱ្យមានការអប់រំនយោបាយ សតិអារម្មណ៍វប្បធម៌ក្នុងកងទ័ពត្រូវមានលក្ខណៈផ្លាស់ថ្មី ដូចជា ត្រូវមានជំហររឹងមាំជាមួយទស្សនៈនៃម៉ាក្សនិយម - លេនីននិយម សតិអារម្មណ៍ហូជីមិញ និងមាគ៌ាផ្លាស់ថ្មីរបស់បក្សផងដែរ។

លោកយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំនយោបាយ ជាពិសេសផ្តោតលើការអប់រំកម្មាភិបាល និងយុទ្ធជននូវរាល់បញ្ហាថ្មីៗនៃគោលការណ៍ មាគ៌ា និងទស្សនៈរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ សេចក្ដីសម្រេច និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស  ដែលក្នុងនោះការអប់រំការពារជាតិ និងសន្តិសុខគឺជាខ្លឹមសារសំខាន់​ក្នុងជីវភាពនយោបាយ ។

ក្នុងនាមជាមេដឹកនាំម្នាក់ លោកតែងតែផ្ទៀងស្តាប់ និងគោរពមតិសមូហភាព ជាពិសេសគោលការណ៍នៃអង្គការបក្ស ហើយចាត់ទុកការប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពជាអ្នកដឹកនាំរបស់បក្សចំពោះកងទ័ពគឺជាកត្តាយ៉ាងសំខាន់នៃបដិវត្តន៍​ដើម្បីកងទ័ពបំពេញភារកិច្ច និងការពារមាតុភូមិនិងប្រជាជន  ទទួលខុសត្រូវ និងបម្រើមាតុភូមិ និងបម្រើប្រជាជន។ តាមរយៈការកំណត់ និងបទប្បញ្ញត្តិនោះ យន្តការដឹកនាំរបស់បក្សចំពោះកងទ័ពត្រូវបានអនុវត្ដជាក់ស្ដែងក្នុងវិស័យជាច្រើនដូចជា នយោបាយ សតិអារម្មណ៍ យោធា ការពារជាតិ សេដ្ឋកិច្ច សន្តិសុខ និងកិច្ចការបរទេស ... ការត្រួតពិនិត្យអង្គការបក្ស និងសមាជិកបក្សត្រូវបានលើកកម្ពស់គុណភាព និងប្រតិបត្ដិការមានរបៀបរៀបរយ។  តាមរយៈនោះរួមចំណែករក្សាគោលការណ៍ សកម្មភាពរបស់បក្ស និងពង្រឹងទំនាក់ទំនងសាមគ្គីភាពនៅក្នុងគណៈកម្មាធិការបក្សនៃកងទ័ព នោះគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះអំពីនយោបាយ ការិយាធិបតេយ្យ និងឧបាយកល “ធ្វើអនយោបាយ” ក្នុងកងទ័ព…នេះក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់លោកសមណូមពរជូនការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្សលើកទី ៨ ដើម្បីចេញសេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៦ (លើកទី ២) នៅថ្ងៃទី ២ ខែកុម្ភះ ឆ្នាំ ១៩៩៩ និងដឹកនាំដោយផ្ទាល់នូវការអនុវត្តសេចក្ដីសម្រេចចិត្ដនេះ ដោយមានការប្តេជ្ញាចិត្តខ្ពស់ រួមចំណែកកសាង និងកែលម្អក្នុងបក្សស្របពេលដែលលោកកាន់តំណែងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម...

ដោយយោងតាមការដឹកនាំកសាងគណៈកម្មាធិការបក្សក្នុងកងទ័ពឲ្យមានស្អាតស្ អំនិងរឹងមាំ ក្នុងឋានៈជាប្រធានអគ្គស្នងការនយោបាយ លោកបានលើកយកបញ្ហាមូលដ្ឋានចំនួន ៣ គឺ ទី ១ គឺត្រូវយកចិត្តទុកដាក់ដល់ការអប់រំនយោបាយ និងសតិអារម្មណ៍ ហើយនិងផ្សារភ្ជាប់ជាមួយការកសាងអង្គការបក្ស ជាពិសេសលើកកម្ពស់គុណភាពនៃសកម្មភាពរបស់អង្គការបក្ស។ ទី ២ គឺត្រូវបញ្ចូលការអភិវឌ្ឍបក្សឲ្យផ្សារភ្ជាប់ជាមួយការអប់រំ និងគ្រប់គ្រងសមាជិកបក្ស។ ទី ៣ គឺត្រូវផ្សារភ្ជាប់នូវការកសាងជួរកម្មាភិបាលជាមួយការកសាងសមាជិកបក្ស។ ទាំងនេះគឺជាមេរៀនដ៏មានតម្លៃដែលចាំបាច់ត្រូវយកមកអនុវត្តក្នុងការងារកសាងគណៈកម្មាធិការបក្សក្នុងកងទ័ពប្រកបដោយស្អាតស្អំ និងរឹងមាំនាពេលបច្ចុប្បន្ននេះ។

សមមិត្ត Le Kha Phieu គឺជាមនុស្សម្នាក់មានចិត្ដត្រង់ លោកបានលើកឡើងនូវចំណុចខ្សោយនៃកិច្ចការបក្ស និងនយោបាយ ជាពិសេសការងារសតិអារម្មណ៍ វប្បធម៌ក្នុងកងទ័ព។ នៅក្នុងសន្និសីទជាច្រើននៃកងទ័ពទាំងមូល លោកលើកឡើងនូវចំណុចខ្វះខាត និងចំណុចខ្សោយនៃការងារអប់រំនយោបាយ សតិអារម្មណ៍ និងវប្បធម៌នៅក្នុងកងទ័ពដែលតម្រូវឲ្យមានការផ្លាស់ថ្មីប្រទេស ប្រឆាំងនឹងការធ្លាក់ចុះអំពីនយោបាយដើម្បីការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស។ តាមរយៈនោះបង្ហាញពីបញ្ហាទ្រឹស្តីជាច្រើននៃម៉ាក្សនិយម - លេនីននិយម និងសតិអារម្មណ៍ហូជីមិញស្តីពីការផ្លាស់ថ្មីប្រទេសជាតិដែលមិនទាន់បានបញ្ជាក់ច្បាស់ទេ ដែលចាំបាច់ត្រូវបន្តស្រាវជ្រាវ និងស្វែងរកចម្លើយនោះគឺ៖ បញ្ហាទ្រឹស្តីនៃការផ្លាស់ថ្មីក្នុងសម័យអន្ដរកាល និងឆ្ពោះទៅរបបសង្គមនិយម; ទ្រឹស្តីស្ដីពីកិច្ចការបក្សនិងនយោបាយ និងកសាងកងទ័ពនៅសម័យសង្គ្រាមផ្លាស់ទៅសម័យសន្តិភាព; ទ្រឹស្ដីស្តីពីការប្រយុទ្ធប្រឆាំងនឹងឧបាយកល "ការបម្រែបម្រួលដោយសន្តិភាវូបនីយកម្ម" ការធ្វើចលាចលដើម្បីប្រឆាំងនឹង "ការធ្វើអនយោបាយ" ក្នុងកងទ័ព; ទ្រឹស្តីស្ដីពីការប្រឆាំងអំពើពុករលួយ ការរើសអើងអ្នកមាន និងអ្នកក្រស្រទាប់សង្គម និងការកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូល។

ពេញមួយជីវិតរបស់សមមិត្ត Le Kha Phieu គឺជាគំរូល្អមួយនៃស្មារតីបដិវត្តដ៏អង់អាចក្លាហាន ស្មោះត្រង់ជាមួយបក្ស ប្រជាជន និងបុព្វហេតុបដិវត្តន៍ ហើយរស់នៅនិងប្រយុទ្ធដើម្បីគោលដៅ និងឧត្ដមគតិរបស់បក្សដើម្បីសុភមង្គលរបស់ប្រជាជន។ សមមិត្ត Le Kha Phieu បានលាចាកលោកហើយ ប៉ុន្ដែមនោសញ្ចេតនា និងអត្ដចរិតដ៏ខ្ពង់ខ្ពស់របស់លោកបានបន្សល់ទុកក្នុងបេះដូងកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម និងប្រជាជនរបស់យើង។

ដោយសំដែងនូវការសោកសៅយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះមរណភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងជាអតីតប្រធានអគ្គស្នងការនយោបាយនោះ កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែង តាំងចិត្ដកសាងកងទ័ពប្រជាជនវៀតណាមឲ្យមានរបៀបរៀបរយ ចំណាន ទំនើបជាបណ្ដើរៗ និងបំពេញល្អនូវភារកិច្ចដែលប្រគល់ដោយបក្ស រដ្ឋ និងប្រជាជន ដើម្បីសក្ដិសមជាកងទ័ពលោកអ៊ូហូ កងទ័ពរបស់ប្រជាជនជានិច្ច។

អត្ថបទសរសេររបស់លោកនាយឧត្តមសេនីយ៍ Luong Cuong លេខានៃគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកប្រចាំការនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។

បកប្រែដោយ Pham Diep