អ្នកយកព័ត៌មាន ៖ សូមលោកអនុរដ្ឋមន្រ្តីឲ្យដឹងថា តើការរីករាលដាលនៃជំងឺ Covid-19 ប៉ះពាល់ដល់សកម្មភាពរបស់កងកំលាំងមួកខៀវវៀតណាមដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋស៊ូដង់ខាងត្បូងយ៉ាង​ដូចម្តេច? 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

 

លោកអនុរដ្ឋមន្រ្តី Nguyen Chi Vinh៖ ក្រសួងការពារប្រទេសវៀតណាមបានដឹកនាំឲ្យអនុវត្តតាមបទប្បញ្ញត្តិនិងវិធានការនានា ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងធានាសុវត្ថិភាពសម្រាប់កងកំលាំងរក្សាសន្ដិភាពរបស់វៀតណាមដែលកំពុងបំពេញបេសកកម្មនៅអាហ្វ្រិក។ ល័ក្ខខ័ណ្ឌនៃការព្យាបាលនៅទីនេះគឺពិបាកខ្លាំងណាស់ទាំងផ្នែកធនធានមនុស្សផង និងឧបករណ៍វេជ្ជសាស្ត្រផង។ បច្ចុប្បន្ន កងពេទ្យកម្រិត ២ លេខ២ នៃប្រទេសវៀតណាមនៅតំបន់ Bentiu នៃប្រទេសស៊ូដង់ខាងត្បូងកំពុងព្យាបាលអ្នកជំងឺដែលសង្ស័យឆ្លងមេរោគ Covid-19 ប៉ុន្តែត្រូវបញ្ជូនសំណាកទៅធ្វើតេស្តនៅរដ្ឋធានី Juba ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ។ ក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនសំភារៈបរិក្ខារពេទ្យជាច្រើនបន្ថែមទៀតទៅកាន់តំបន់នានាដើម្បីជួយបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។ ជារៀងរាល់ថ្ងៃ ក្រសួងការពារប្រទេសបានទទួលព័ត៌មានអំពីស្ថានភាពសុខភាពរបស់កងកម្លាំងមួកខៀវវៀតណាមនៅតំបន់នានា។ នៅក្នុងស្រុក វិទ្យាស្ថានពេទ្យយោធាក៏បានរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធវីដេអូស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 សម្រាប់កងពេទ្យកម្រិត ២ លេខ២ ដែរ។

បច្ចុប្បន្ននេះ កងពេទ្យកម្រិត ២ លេខ២ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ កម្មភិបាលនិងបុគ្គលិកទាំងអស់ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ និងធានាសុវត្ថិភាព។ ស្ថានភាពសន្មតក៏ត្រូវបានកំណត់ដើម្បីអាចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19  ឲ្យទាន់ពេលវេលា។យើងក៏បានគិតគូដល់ករណីដកកងកម្លាំងវិលត្រឡប់មកប្រទេសវិញប្រសិនបើជំងឺនេះរីករាលដាលក្នុងទ្រង់ទ្រាយធំនិងប៉ះពាល់យ៉ាងខ្លាំងដល់កម្មាភិបាលនិងយុទ្ធជន។ វិធានការទាំងអស់សុទ្ធតែបានពិភាក្សាជាមួយអង្គការសហប្រជាជាតិដើម្បីអនុវត្ដតាមការកំណត់។ ប៉ុន្ដែសំណាងល្អណាស់ដែលមកដល់ពេលនេះយើងមិនទាន់បានកើតឡើងបញ្ហានេះនៅឡើយទេ។ កងពេទ្យកម្រិត២ លេខ២ បានជួយទ្រទ្រង់យ៉ាងល្អសម្រាប់ស្ថានបេសកកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។

នាយទាហានរបស់យើងក៏បានចូលរួមយ៉ាងសកម្មជាមួយស្ថានបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលក្នុងការផ្សព្វផ្សាយនូវវិធានការណ៍នានាក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien បានទទួលប័ណ្ណសរសើរ ដោយបានកាត់ដេម៉ាស់ជាង ៤០០ សន្លឹក ជូនយុទ្ធមិត្ដនិងប្រជាជនក្នុងតំបន់មួយចំនួន។ ខ្ញុំគិតថានេះគឺជាការទទួលស្គាល់នូវការងារសាមញ្ញតែថ្លៃថ្នូនិងការទទួលខុសត្រូវសម្រាប់សហគមន៍ និងការរួមចំណែករបស់កម្លាំងមួក​ខៀវវៀតណាមសម្រាប់​សកលលោក។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយក៏យើងនៅតែប្តេជ្ញាថា កុំឲ្យឆ្លងជំងឺរាតត្បាតចូលទៅក្នុងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ និងប្តេជ្ញាថា កុំទុកឲ្យរោគរាតត្បាតប៉ះពាល់ដល់ការងារ។

អ្នកយកព័ត៌មាន៖ ក្រៅពីកត្តាជំងឺរាតត្បាតនោះ ក្នុងបរិបទដែលពិភពលោកនិងតំបន់មានការវិវត្ដយ៉ាងស្មុគស្មាញជាច្រើន និងបង្កបញ្ហាប្រឈមជាច្រើនដល់សកម្មភាពរក្សាសន្ដិភាពរបស់វៀតណាមនាពេលខាងមុខ។ តើលោកអនុរដ្ឋមន្ដ្រីអាចចែករំលែកបន្ថែមអំពីបញ្ហានេះដែរឬទេ?

លោកអនុរដ្ឋមន្រ្តី Nguyen Chi Vinh ៖ បញ្ហាប្រឈមរបស់វៀតណាមគឺការបណ្តុះបណ្តាលកម្មាភិបាលនិងនាយទាហានឲ្យមានសមត្ថភាពដើម្បីឆ្លើយតបតាមតម្រូវការនៃភារកិច្ចថ្មី។ ដោយសារតែលក្ខណៈនៃភារកិច្ច ហេតុដូច្នេះក្រុមកម្មាភិបាលត្រូវតែឆ្លាស់គ្នាជាញឹកញាប់ដើម្បីបំពេញភារកិច្ចនៅតំបន់។ ដូច្នេះការបណ្តុះបណ្តាលនាយទាហានទៅបំពេញភារកិច្ចក្នុងតំបន់ចាំបាច់ត្រូវទទួលបានការយកចិត្ដទុកដាក់ជាច្រើន។ ការបណ្តុះបណ្តាលភាសាបរទេសនិងចំណេះដឹងអំពីច្បាប់អន្តរជាតិ បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងវប្បធម៌របស់ប្រទេសសាមី រួមទាំងជំនាញរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិមានសារៈសំខាន់ណាស់។

ក្រសួងការពារប្រទេសតែងតែសង្កត់ធ្ងន់លើភាពចាំបាច់នៃការថែរក្សាសុខភាព និងធានាសុវត្ថិភាពសម្រាប់កងកំលាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ នៅពេលចូលរួមសកម្មភាពដែលមានលក្ខណៈហានិភ័យខ្ពស់។ បញ្ហាប្រឈមទីបីគឺលទ្ធភាពរបស់យើងនៅមានកម្រិត។ ទោះបីចូលរួមក្នុងសកម្មភាពនេះក៏បានអង្គការសហប្រជាជាតិផ្ដល់ថវិកាក៏ដោយ ប៉ុន្តែយើងក៏ត្រូវមានលទ្ធភាពដើម្បីបណ្តុះបណ្តាលនិងគ្រប់គ្រងកម្លាំងផងដែរ។ ខ្ញុំជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ និងក្រសួងការពារប្រទេស យើងនឹងជំនះរាល់ឧបសគ្គដើម្បីចូលរួមកាន់តែសកម្ម និងលើកកម្ពស់សកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិដូចតាមការវាយតម្លៃដោយអង្គការអន្ដរជាតិដែរ។

អ្នកយកព័ត៌មាន៖ រហូតមកដល់បច្ចុប្បន្នន្រះ វៀតណាមដែលបានចូលរួមសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិអស់រយៈពេល ៦ ឆ្នាំ។ សូមលោកអនុរដ្ឋមន្រ្តីលើកឡើងអំពីចំណុចថ្មីនៃការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្ដិភាពរបស់វៀតណាមនាពេលខាងមុខ?

លោកអនុរដ្ឋមន្រ្តី Nguyen Chi Vinh៖ នាពេលឆាប់ៗនេះ យើងនឹងបន្តអនុវត្តផែនការជំនួសកម្លាំងទៅចូលរួមសកម្មភាពរក្សាសន្ដិភាពនិងបន្តរក្សាកងពេទ្យកម្រិត ២ លេខ២ នៅប្រទេសស៊ូដង់ខាងត្បូង។ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិបានស្នើឱ្យប្រទេសវៀតណាមរក្សាកម្លាំងនេះយ៉ាងហោចណាស់ ៥ ឆ្នាំទៀត។

នៅក្នុងឆ្នាំ ២០២០នេះ វៀតណាមគ្រោងនឹងដាក់ពង្រាយកងវិស្វកម្មទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ប៉ុន្តែដោយសារការរីករាលដាលនៃ Covid-19 ផែនការនេះនឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ យើងក៏ពិចារណាលើការបញ្ជូនកម្លាំងផ្សេងទៀតដូចជា ប៉ូលីស សន្តិសុខ និងព័ត៌មានទៅចូលរួមសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិដែរ។

លើសពីនេះទៀត វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការបញ្ជូននាយទាហានទៅធ្វើការនៅទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ រួមមានទីភ្នាក់ងារតាក់តែងគោលនយោបាយនិងទីភ្នាក់ងារគ្រប់គ្រងសកម្មភាពរក្សាសន្ដិភាពនិងទីភ្នាក់ងាររំសាយសព្វាវុធ។ល។ នេះគឺជាមុខតំណែងដែលត្រូវការសមត្ថភាពខ្ពស់។ ខ្ញុំជឿជាក់ថា នៅប៉ុន្មានឆ្នាំខាងមុខនេះ វៀតណាមនឹងមាននាយទាហានទទួលបន្ទុកបញ្ជាការនៅស្ថានបេសកកម្មក្នុងប្រទេស​ស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក៏ដូចជាមុខតំណែងក្នុងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិដែរ។ ការបញ្ជូនកម្លាំងទៅចូលរួមសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិគឺផ្អែកលើឧត្ដមភាពរបស់កងទ័ពប្រជាជនវៀតណាម។ ទោះជាយ៉ាងណាក៏ដោយការចូលរួមសកម្មភាពរក្សាសន្ដិភាពក៏ត្រូវតែស្របនឹងគោលនយោបាយរបស់វៀតណាម ពោលគឺមិនចូលរួមវិវាទ មិនចូលរួមក្នុងការប្រយុទ្ធផ្នែកយោធា។ល។

អ្នកយកព័ត៌មាន៖ តើការចូលរួមសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិមានអត្ថន័យយ៉ាងដូចម្ដេចសម្រាប់ការធានាការពារជាតិនិងសន្តិសុខ?

លោកអនុរដ្ឋមន្រ្តី Nguyen Chi Vinh៖ ការចាត់បញ្ជូនកងកម្លាំងទៅចូលរួមសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិបានបង្ហាញថា វៀតណាមគឺជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ទី ២ នៅពេលដែលយើងរួមចំណែកក្នុងសន្តិភាពពិភពលោក ហេតុដូច្នេះយើងទាមទារឲ្យប្រទេសទាំងអស់ក៏ត្រូវតែគោរពសន្តិភាពរបស់វៀតណាម គោរពផលប្រយោជន៍ស្របច្បាប់និងអធិបតេយ្យភាពរបស់វៀតណាមដែរ។  នេះគឺជាគោលដៅដ៏សំខាន់ក្នុងការការពារមាតុភូមិនាសម័យសន្ដិភាព។  យើងការពារមាតុភូមិក្នុងគ្រាសន្តិភាពដើម្បីកុំឱ្យបាត់បង់ផលប្រយោជន៍ជាតិ និងចៀសវាងកើតឡើងជម្លោះ ជាពិសេសគឺរារាំងសង្គ្រាម។ តាមរយៈការចូលរួមសកម្មភាពទាំងនេះ យើងទើបមានសិទ្ធិទាមទារផលប្រយោជន៍របស់ខ្លួន។

នាពេលខាងមុខ ភារកិច្ចរបស់យើងគឺធ្ងន់ធ្ងរណាស់ពីព្រោះគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋរបស់យើងបានបញ្ជាក់ច្បាស់ថា វៀតណាមគឺជាដៃគូដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមនឹងមិនអាចឈរដាច់ពីបញ្ហាសន្តិសុខក្នុងតំបន់និងពិភពលោកឡើយ។ ដូច្នេះយើងនឹងត្រូវបន្តធ្វើសកម្មភាពបន្ថែមទៀតដើម្បីអនុវត្ដគោលនយោបាយនោះ។ ប្រកានេះគឺការការពារផលប្រយោជន៍របស់ប្រទេសយើង។

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ដ្រីវាយតំលៃការចូលរួមសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះយ៉ាងដូចម្តេច?

លោកអនុរដ្ឋមន្រ្តី Nguyen Chi Vinh ៖ យើងអាចនិយាយបានថា យើងទទួលបានលទ្ធផលគួរឲ្យពេញចិត្ដ។  វៀតណាមបានបញ្ជូននាយទាហានជិត ២០០ នាក់ ឱ្យទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មក្នុងអាហ្វ្រិកកណ្តាលនិងស៊ូដង់ខាងត្បូង ហើយដែលបញ្ជូនកងពេទ្យកម្រិត២លេខ១  (ដោយបានបញ្ចប់ភារកិច្ចវិលត្រឡប់មកមាតុភូមិវិញ) និងបច្ចុប្បន្នកងពេទ្យកម្រិត២ លេខ២ កំពុងបំពេញភារកិច្ចនៅប្រទេសស៊ូដង់ខាងត្បូង។ កងកម្លាំងទាំងអស់នេះត្រូវបានថ្នាក់ដឹកនាំអង្គការសហប្រជាជាតិកោតសរសើរនិងវាយតម្លៃខ្ពស់អំពីជំនាញ ការគោរពវិន័យ ហើយសមត្ថភាពមិនចាញ់ប្រទេសណាមួយឡើយ។

ដើម្បីទទួលបានលទ្ធផលទាំងនេះ វៀតណាមបានឆ្លងកាត់ការរៀបចំយ៉ាងហ្មត់ចត់ (ជាង ១០ ឆ្នាំ) អំពីគោលនយោបាយកម្លាំងនិងទំនាក់ទំនងអន្តរជាតិ។ ទន្ទឹមនឹងនោះ ការចូលរួមរបស់ស្ត្រីវៀតណាមក្នុងសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ។ ចំនួននាយទាហានជាស្ត្រីដែលចូលរួមសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិគឺខ្ពស់ជាងប្រទេសដទៃទៀត (ច្រើនជាង ១០%)។ នាយទាហានជាស្ដ្រីវៀតណាមបានបំពេញតួនាទីដូចនឹងបុរសដែរ។

អង្គការសហប្រជាជាតិបានស្នើឲ្យវៀតណាមរៀបចំសន្និសីទអន្ដរជាតិ ក្រោមប្រធានបទ "តួនាទីរបស់ស្ដ្រីក្នុងសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនាឆ្នាំ២០២០"។ នេះមិនត្រឹមតែជាកិត្តិយសសម្រាប់វៀតណាមនិងស្ត្រីវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការទទួលស្គាល់នូវតួនាទីរបស់ស្ដ្រីវៀតណាមក្នុងសកម្មភាពរក្សាសន្ដិភាពផងដែរ ហើយបញ្ជាក់ជាមួយអន្ដរជាតិថា វៀតណាមតែងតែលើកកម្ពស់តួនាទីនិងសិទ្ធិរបស់ស្ដ្រី។  យោងតាមការគ្រោងទុក ថ្នាក់ដឹកនាំមកពីប្រទេសជាង ១០០ ប្រទេសនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ យើងគួរដឹងថា ប្រទេសជាច្រើនក៏ចង់ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះដែរប៉ុន្តែប្រទេសវៀតណាមត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ។ ខ្ញុំមានមោទនភាពណាស់សម្រាប់នាយទាហានវៀតណាម មិនត្រឹមតែបំពេញបេសកកម្មអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើកិច្ចការសាមញ្ញ តែមានអត្ថន័យធំធេង  ដែលរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិទៅកាន់មិត្ដភក្ដិអន្ដរជាតិ៕

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណលោកអនុរដ្ឋមន្ដ្រី

បកប្រែដោយ Pham Diep