ក្រសួងការពារប្រទេសវៀតណាមអនុវត្តភារកិច្ចសំខាន់ៗមួយចំនួននៅក្នុងខែឧសភា ឆ្នាំ២០២០
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែមេសា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានធ្វើជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលបំពេញភារកិច្ចយោធា ការពារជាតិ នៅខែមេសា និងអនុវត្តភារកិច្ចសំខាន់ៗមួយចំនួននៅខែឧសភា ឆ្នាំ២០២០។
    |
 |
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ |
ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យបណ្តាអង្គភាពក្នុងកងទ័ពទាំងមូលត្រូវផ្តោតលើការដឹកនាំ និងបំពេញភារកិច្ចសំខាន់ៗឱ្យបានល្អនៅក្នុងខែឧសភាខាងមុខនេះ។ ជាដំបូងបង្អស់គឺដឹកនាំកងទ័ពទាំងមូលរក្សាឱ្យបានហ្មត់ចត់នូវភារកិច្ចត្រៀមប្រយុទ្ធ ជាពិសេសក្នុងឱកាសទិវាជ័យជំនះ ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្តាប់ឲ្យជាប់នូវស្ថានភាពនៅលើសមុទ្រ និងស្ថានភាពសន្តិសុខក្នុងស្រុក បន្តផ្តល់យោបល់ជូនបក្សនិងរដ្ឋនូវវីធានការក្នុងការដោះស្រាយរាល់បញ្ហាកើតឡើង បន្តកែសំរួលបំពេញបន្ថែមផែនការត្រៀមប្រយុទ្ធ ព្រមទាំងដឹកនាំកម្លាំងការពារព្រំដែន និងយោធភូមិភាគនានាឲ្យធ្វើការត្រួតពិនិត្យការចេញចូលនៅច្រកទ្វារព្រំដែន ច្រករបៀង និងផ្លូវលំនានា ជាពិសេសនៅតំបន់ព្រំដែនភាគនិរតី ហើយបន្តសំរបសំរួលជាមួយកងកំលាំងនានាដើម្បីតាមដានយ៉ាងដិតដល់នូវការរីករាលដាលនៃ Covid-19 ។
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏ស្នើឱ្យកងទ័ពទាំងមូលអនុវត្តយ៉ាងតឹងរឹងនូវភារកិច្ចការពារសន្តិសុខផ្ទៃក្នុង ធានាបានល្អនូវភ័ស្តុភា សព្វាវុធ និងឧបករណ៍បច្ចេកទេសសម្រាប់ការបំពេញភារកិច្ច ជាពិសេសភារកិច្ចហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ និងការការពារអធិបតេយ្យភាពកោះ សមុទ្រជាដើម៕
បកប្រែដោយ Duy Hoan