ក្រសួងនគរបាលវៀតណាមប្រគល់ម៉ាស់ចំនួន ១ ម៉ឺនសន្លឹកជូនក្រសួងមហាផ្ទៃនៃប្រទេសបារាំង
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែមេសា ដោយទទួលបានការផ្ទេសិទ្ធពីលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយកដ្ឋានទាក់ទងបរទេសនៃក្រសួងនគរបាលវៀតណាមបានប្រគល់ជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាមនូវម៉ាស់ចំនួន ១០,០០០ សន្លឹក ដែលជាអំណោយរបស់ក្រសួងនគរបាលវៀតណាមប្រគល់ជូនក្រសួងមហាផ្ទៃនៃប្រទេសបារាំងដើម្បីប្រយុទ្ធប្រឆាំងនឺងជំងឺរាតត្បាត Covid-19 ។
    |
 |
តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nicolas Wrarney លោកឧត្តមសេនីយ៍ទោ Truong Van Thong បានប្រគល់ម៉ាស់របស់ក្រសួងនគរបាលវៀតណាមជូនក្រសួងមហាផ្ទៃបារាំង (រូបថត៖ vov.vn) |
នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Truong Van Thong ប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងនគរបាលវៀតណាមបានអះអាងថា វៀតណាមនិងបារាំងតែងតែយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តឲ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព ដោយស្របតាមគោលការណ៍ទាំងឡាយដែលត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅលើពិភពលោក។
ក្រសួងនគរបាលវៀតណាម និងដៃគូនានានៃប្រទេសបារាំងបានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ នាពេលខាងមុខ ក្រសួងនគរបាលវៀតណាមរំពឹងថា កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័ននីតិប្រតិបត្តិនានានៃប្រទេសបារាំងនឹងកាន់តែរីកចម្រើនថែមទៀត តាមរយៈការបន្តអនុវត្តបណ្តាសកម្មភាពសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងដៃគូនានានៃប្រទេសបារាំង ក្រោយពេលដែលជំងឺរាតត្បាត Covid-19 ផុតរលត់ទៅ។
លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាល្អពីក្រសួងនគរបាលវៀតណាម និងបានសង្កត់ធ្ងន់ថា នេះគឺជាការយកចិត្តទុកដាក់ និងការចែករំលែកបានទាន់ពេលវេលា ដែលបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួនលោកនឹងបន្តចូលរួមលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរបារាំង - វៀតណាម ក៏ដូចជារវាងបណ្តាស្ថាប័ននីតិប្រតិបត្តិបារាំង និងក្រសួងនគរបាលវៀតណាមឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក៕
បកប្រែដោយ Duy Hoan