រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានកោតសរសើរចំពោះនាយទាហាន និងពលទាហាន យោធិននៃកងទ័ពទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19
កប.អនឡាញ - នៅថ្ងៃទី១៨ មិនា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានផ្ញើសារកោតសរសើរនូវរាល់សមិទ្ធិផល និងស្នាដៃលេចធ្លោរបស់នាយទាហាន ពលទាហាន កម្មករ និងកម្មាភិបាលជាយោធិនទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19។ កាសែតកងទ័ពប្រជាជនមានកិត្តិយសសូមបានបង្ហាញនូវខ្លឹមសារទាំងស្រុងនៃសាររបស់លោករដ្ឋមន្រ្តី Ngo Xuan Lich ដូចតទៅ។
    |
 |
កងទ័ពវៀតណាមបាញ់ថ្នាំកម្ចាត់មេរោគតាមផ្លូវ |
សមមិត្តជាទីរាប់អាន!
ក្នុងរយៈពេលកន្លងមកប្រឈមនឹងការវិវឌ្ឍដ៏ស្មុគស្មាញ និងពិបាកទាយទុកជាមុននៃការរីករាលដាលជំងឺ Covid-19 នោះ ហើយអនុវត្តតាមសេចក្តីណែនាំពីសំណាក់គណៈលេខាមជ្ឈិមបក្ស នាយករដ្ឋមន្រ្តី គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្ស គណៈបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយដោយមានការអនុវត្តការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរវាងស្ថាប័នគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅតាមគ្រប់មូលដ្ឋាននោះ កម្មាភិបាល នាយទាហាន ពលទាហាន កម្មករ និងកម្មាភិបាលជាយោធិនក្នុងជួរកងទ័ពទាំងមូលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាកនៃប្រទេសជាតិទាំងមូលក្នុងគោលបំណងបង្ការ និងទប់ទល់នឹងជំងឺ មិនទុកឱ្យជំងឺរីករាលដាលទូលាយនៅក្នុងសហគមន៍ឡើយ។
អង្គភាពជាច្រើនបានម្ចាស់ការក្នុងការទុកបន្ទាយ សម្ភារៈបរិក្ខារ និងបានប្រមូលផ្តុំកម្លាំងដើម្បីបំរើ ថែរក្សា និងឆ្លើយតបនូវលក្ខខណ្ឌល្អបំផុតសម្រាប់ពលរដ្ឋវៀតណាម និងបរទេសឲ្យមានកន្លែងនៅដាច់ដោយឡែកនៅអង្គភាពរបស់ខ្លួនតែម្តង។ កម្មាភិបាល បុគ្គលិក និងយោធិននៃផ្នែកវេជ្ជសាស្រ្តយោធាជាច្រើនបានធ្វើជាគំរូល្អ ធ្វើការយ៉ាងឧស្សាលះបង់គ្រប់យ៉ាងដើម្បីត្រួតពិនិត្យ តាមដាន និងព្យាបាលឲ្យពលរដ្ឋរាប់ម៉ឺននាក់ដែលបានដាក់នៅដាច់ដោយឡែកនោះ ទន្ទឹមនឹងនោះក៏បានសំរបសំរួលផងដែរក្នុងការស្រាវជ្រាវ និងការផលិតដោយជោគជ័យនូវផលិតផលជីវសាស្ត្រដើម្បីរកឃើញវីរុសកូរ៉ូណាថ្មី និងឧបករណ៍ជាក់ស្តែងនានាសំរាប់បម្រើការប្រយុទ្ធប្រឆាំងនឹងជំងឺ។ កម្មាភិបាល និងយុទ្ធជនការពារព្រំដែនជាច្រើនបានដើរល្បាតនិងយាមយ៉ាងតឹងរឹងទាំងយប់ទាំងថ្ងៃដោយបានដាក់រនាំងការពារតាមផ្លូវលំ និងច្រករបៀងនានា និងបានធ្វើការត្រួតពិនិត្យច្រកព្រំដែនយ៉ាងម៉ឺងម៉ាត់ ការពារហានិភ័យនៃការរាតត្បាតជំងឺចូលក្នុងផ្ទៃប្រទេស។ កងទ័ពទាំងមូលបានអនុវត្តវិធានការគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នាដើម្បីការពារជំងឺឆ្លងក្នុងជួរកងទ័ព។ ទន្ទឹមនឹងនេះគឺការឃោសនា ផ្សព្វផ្សាយ និងការចលនាប្រជាជនអោយអនុវត្តតាមវិធានការបង្ការ និងទប់ទល់នឹងការរាតត្បាតនៃជំងឺយ៉ាងត្រឹមត្រូវ។
សកម្មភាពទាំងនេះបានរួមចំណែកក្នុងការផ្សព្វផ្សាយនូវរូបភាពរបស់កងទ័ពអ៊ំហូក្នុងយុគសម័យថ្មីដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង និងការវាយតំលៃខ្ពស់ពីបក្ស រដ្ឋ ប្រជាជន និងមិត្តភក្តិអន្តរជាតិ។ ក្នុងនាមគណៈកម្មាធិការបក្សយោធាកមជ្ឈិម និងក្រសួងការពារប្រទេស ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងសូមកោតសរសើរចំពោះសមិទ្ធិផល និងស្នាដៃលេចធ្លោទាំងឡាយរបស់កម្មាភិបាល នាយទាហាន ពលទាហាន កម្មករ និងយោធិនក្នុងជួរកងទ័ពទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ Covid-១៩ នេះ។
នាពេលអនាគត ស្ថានភាពនៃការរីករាលដាល Covid-19 នៅតែបន្តស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននូវចំនួនអ្នកឆ្លងវីរុស និងចំនួនមនុស្សដែលត្រូវការដាក់ឲ្យនៅដាច់ដោយឡែកក្នុងប្រទេសទេ ហើយចំនួននេះអាចកើនឡើងបន្ថែមទៀត។ ក្នុងស្មារតី “ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានតម្រូវឲ្យកម្មាភិបាល នាយទាហាន ពលទាហាន ទាំងអស់ក្នុងជួរកងទ័ពទាំងមូលបន្តលើកកម្ពស់គុណសម្បត្តិល្អផូរផង់របស់កងទ័ពអ៊ំហូ និងសាមគ្គីភាពជាប្រពៃណីរបស់ជាតិ, គោរពយ៉ាងម៉ឺងម៉ាត់ការអនុវត្តវិធានការតឹងរឹង ដាច់ណាត់ និងប្រកបដោយប្រសិទ្ធភាពដើម្បីការពារនិងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយជោគជ័យ និងនាំមកនូវសុខសន្តិភាពដល់ប្រជាជន។
សូមជូនពរសមមិត្ត រួមទាំងក្រុមគ្រួសារមានសុខភាពល្អ រីករាយ និងជួបតែសេចក្តីសុខ៕
បកប្រែដោយ Minh Trung