កងទ័ពទាំងមូលមានភាពសកម្ម និងម្ចាស់ការក្នុងការបង្ការ និងទប់ទល់នឹងការរាតត្បាតជំងឺ Covid-19 នៅដំណាក់កាលទី ២
កប.អនឡាញ - នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំការបង្ការ និងទប់ទល់នឹងជំងឺ Covid-19 បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានគណៈកម្មាធិការដឹកនាំការបង្ការ និងទប់ទល់ជំងឺ Covid-19 របស់ក្រសួងការពារប្រទេស ដើម្បីវាយតម្លៃស្ថានភាព និងដាក់ពង្រាយការងារជាបន្ទាន់ក្នុងការបង្ការ និងទប់ទល់និងជំងឺ Covid-19 ក្នុងដំណាក់កាលទី ២។
    |
 |
ការណែនាំឲ្យកងទ័ពចេះរបៀបបង្ការ និងទប់ទល់នឹងជំងឺ Covid-19 |
រាល់វិធានការត្រូវបានអនុវត្តជាបន្ទាន់
តាងនាមឲ្យអង្គភាពអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធាបានរាយការណ៍ពីលទ្ធផលនៃការងារបង្ការ និងទប់ទល់ជំងឺ Covid-19 របស់ក្រសួងការពារប្រទេស៖ ដោយមានស្មារតី “ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងខ្មាំង” បានជាគ្រប់ស្ថាប័ន អង្គភាព និងកម្មាភិបាលក្នុងជួរកងទ័ពទាំងមូលបានចូលរួមយ៉ាងសកម្ម ការពារ និងទប់ស្កាត់ការរាតត្បាតមិនទុកឱ្យមានការរាលដាលជំងឺដល់កងទ័ពឡើយ។ ក្រសួងការពារប្រទេសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្រសួងដទៃទៀតនានា និងគ្រប់តំបន់មូលដ្ឋាន រួមទាំងគ្រប់កម្លាំងពាក់ព័ន្ធដើម្បីទប់ស្កាត់ការរាលដាលនៃ Covid-19 នៅទូទាំងប្រទេស។
ភ្លាមៗបន្ទាប់ពីការរកឃើញករណីទី១៧ នៃជំងឺ Covid-១៩ នៅទីក្រុងហាណូយនោះ នាយកដ្ឋានពេទ្យយោធាបានចេញសារមួយជាបន្ទាន់ណែនាំដល់គ្រប់អង្គភាពដែលមានតួនាទីផ្តល់ប្រឹក្សាខាងវេជ្ជសាស្ត្រដល់ថ្នាក់ដឹកនាំសម្រាប់ស្ថិតិ រៀបចំការដាក់ឲ្យនៅដាច់ដោយឡែកចំពោះ គ្រប់មុខសញ្ញាសង្ស័យនៃជំងឺ Covid-19 ដើម្បីការពារការរាលដាល និងត្រៀមខ្លួនសម្រាប់ទទួលព្យាបាលអ្នកជំងឺ។
ដោយធ្វើតាមការណែនាំពីថ្នាក់លើ គ្រប់អង្គភាពនានាបានជំរុញយ៉ាងខ្លាំងការឃោសនាឱ្យកងទ័ពនិងប្រជាជនទាំងមូលបង្កើនការយល់ដឹងអំពីការការពារការរាលដាលនៃជំងឺ។ ហើយបានពង្រឹងនូវគ្រប់វិធានការដើម្បីការពារមិនឲ្យមានការឆ្លងមេរោគដល់កងកម្លាំងដែលចូលរួមក្នុងការដាក់ដាច់ដោយឡែកមុខសញ្ញាសង្ស័យមានមេរោគ Corona។
ម្ចាស់ការបង្ការ និងទប់ស្កាត់ Covid-19 តាមគ្រប់កម្រិតនៃជំងឺ
ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Le Hien Van អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា៖ នៅក្នុងដំណាក់កាលទី១ នេះ កងទ័ពបានអនុវត្តការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើប្រជាជនដែលវិលត្រឡប់មកពីតំបន់ដែលរងការរាតត្បាតជំងឺ ជាពិសេសការចាត់ចែងដាក់ឲ្យដាច់ដោយឡែកករណីដែលសង្ស័យឆ្លងមេរោគ Covid-១៩ គណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់ជាន់ថ្នាក់បានចូលរួម និងផ្សព្វផ្សាយយ៉ាងរហ័សទាន់ពេលដើម្បីជួយប្រជាជនបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Tran Don បានបញ្ជាក់ថា៖ ក្នុងដំណាក់កាលទី១ នៃការបង្ការនិងទប់ទល់នឹង Covid-19 ប្រទេសទាំងមូលមានត្រឹមតែ ១៦ ករណីដែលឆ្លងមេរោគប៉ុណ្ណោះ ហើយករណីទាំងនោះបានព្យាបាលជាសះស្បើយអស់ហើយ។ កងទ័ពបានម្ចាស់ការបង្កើតផែនការ និងរៀបចំការធ្វើសមយុទ្ធនៅកម្រិតក្រសួងការពារប្រទេស ហើយបានត្រៀមខ្លួនបង្កើតផែនការ ត្រៀមខ្លួនទាំងខាងធនធានមនុស្ស សម្ភារៈបរិក្ខារគ្រប់យ៉ាងដើម្បីទប់ទល់នឹងស្ថានភាពទាំងអស់នៃគ្រប់កម្រិតការរាលដាល។ ប្រឈមមុខចំពោះការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺ Covid-19 ដែលកើតមានឡើងនៅលើពិភពលោក និងរាល់ករណីឆ្លងថ្មីនៅវៀតណាមនោះ លោកឧត្តមសេនីយ៍ឯក Tran Don បានស្នើឱ្យគណៈកម្មាធិការដឹកនាំ និងគ្រប់ស្ថាប័ន អង្គភាពនានាក្នុងជួរកងទ័ពទាំងមូលធ្វើការបានល្អក្នុងការពិនិត្យឡើងវិញ ការត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបជាមួយនឹងជំងឺ និងគ្រប់វិធានការដើម្បីដោះស្រាយជាមួយនឹងការរីករាលដាលនៃជំងឺ Covid-19។
ទន្ទឹមនឹងនោះស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវសិក្សាឱ្យបានសកម្ម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងស្រាវជ្រាវអំពីជំងឺ និងមានវិធានការធ្វើការវិនិច្ឆ័យ ព្យាបាលជំងឺនេះ។ ត្រូវតែម្ចាស់ការមានសកម្មភាពផ្នែកវេជ្ជសាស្ត្រ ការត្រៀមបរិក្ខារពេទ្យគ្រប់យ៉ាង និងត្រៀមមន្ទីរពេទ្យចល័តនៅតាមមូលដ្ឋាននានារួចជាស្រេចដើម្បីត្រៀមខ្លួនក្នុងកាលៈទេសៈណាក៏ដោយ។ អនុវត្តនូវគ្រប់វិធានការតាមអនុក្រឹតរបស់រដ្ឋាភិបាលដែលបានចែងលំអិតអំពីការអនុវត្តមាត្រាមួយចំនួននៃបទបញ្ញត្តិស្តីពីស្ថានភាពបន្ទាន់ក្នុងករណីមានគ្រោះមហន្តរាយធំៗរីករាលដាលកើតមានឡើង។ រីឯក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា ផ្នែកវេជ្ជសាស្ត្រយោធាត្រូវតែធានាបាននូវបរិស្ថានមួយប្រកបដោយសុវត្ថិភាព និងការថែទាំវេជ្ជសាស្រ្តយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកចូលរួមក្នុងសន្និសីទ។ ជាពិសេសកងទ័ពទាំងមូលត្រូវតែសម្របសម្រួលគ្នាឲ្យបានល្អក្នុងការការពារនិងគ្រប់គ្រងការរីករាលដាលនៃ Covid-19 ត្រឹមត្រូវតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តី៕
បកប្រែដោយ Minh Trung