រួមដំណើរជាមួយគោលនយោបាយការបរទេសរបស់ប្រទេសជាតិ
កប.អនឡាញ - អស់រយៈពេលជាយូរមកហើយ នៅលើបណ្តាញសង្គមមានព័ត៌មានមិនពិតជាច្រើនអំពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋវៀតណាម រួមទាំងគោលនយោបាយការបរទេស។ ដើម្បីអាចវាយបំបែក និងក្លាយជា “ភាពស៊ាំ” ចំពោះព័ត៌មានមិនពិតប្រភេទនេះចាំបាច់ត្រូវមានការយល់ដឹងឱ្យបានត្រឹមត្រូវពីប្រជាពលរដ្ឋម្នាក់ៗក៏ដូចជាសង្គមទាំងមូល។
មានជនអគតិមួយចំនួនដែលតាំងខ្លួនជា “អ្នកស្នេហាជាតិ” រឺជា “អ្នកជំនាញនយោបាយតាមអ៊ីនធឺរណែត” នោះបាននិយាយថា កិច្ចការការបរទេសរបស់ប្រទេសវៀតណាមនៅតែបានពឹងផ្អែក និងស្ថិតក្រោមការត្រួតត្រាដោយមហាអំណាចបរទេស។
មតិទាំងនេះពិតជាមានគោលបំណងចង់ញុះញង់ឱ្យមានការស្អប់គ្នា លើកកម្ពស់ភាពជាតិនិយមជ្រុល និងធ្វើឱ្យប្រេះឆានូវទំនាក់ទំនងល្អ រវាងវៀតណាមជាមួយបណ្តាប្រទេស និងសហគមន៍អន្តរជាតិ ព្រមទាំងពួកគេចង់ធ្វើឱ្យទំនុកទុកចិត្តរបស់ប្រជាជនលើបុព្វហេតុកសាង និងការពារជាតិរបស់វៀតណាមត្រូវធ្លាក់ចុះ។
|
|
ប្រទេសវៀតណាមធ្វើជាប្រធាន អាស៊ាន ឆ្នាំ២០២០ |
ឯករាជ្យភាព និងភាពខ្លួនទីពឹងខ្លួនគឺជាមេរៀនដែលមិនអាចកាត់ថ្លៃបានពីបណ្តាសង្គ្រាមពីមុនសម្រាប់ដណ្តើមឯករាជ្យជាតិ និងរំដោះប្រទេសជាតិទេ ហើយតាមរយៈមេរៀននោះបានឆ្លុះបញ្ចាំងនូវទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋវៀតណាមសព្វថ្ងៃ។ និយាយអំពីទំនាក់ទំនងអន្តរជាតិ លោកប្រធាន ហូ ជីមិញ ធ្លាប់បានសន្និដ្ឋានថា៖ “ខ្លួនទីពឹងខ្លួន និងពឹងផ្អែកលើកម្លាំងខ្លួនឯងគឺជាគន្លឹះ” និង “យកកម្លាំងរបស់ខ្លួនយើងដើម្បីរំដោះឱ្យខ្លួនយើង”។ ហើយប្រវត្តិនៃការអភិវឌ្ឍពិភពលោកក៏បានបង្ហាញផងដែរថា មានប្រទេសជាច្រើនដែលបានបាត់បង់អធិបតេយ្យភាពរបស់ខ្លួន និងបាត់បង់សិទ្ធិក្នុងការសំរេចចិត្តដោយខ្លួនឯងដោយសារតែការពឹងផ្អែកលើប្រទេសដទៃទៀត។
មេរៀនដ៏ថ្លៃថ្នូរទាំងនោះគឺជាមូលដ្ឋានសម្រាប់បក្សកុម្មុយនិស្តវៀតណាមដាក់ចេញនូវគោលនយោបាយការបរទេសឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីនីយកម្មក្នុងទំនាក់ទំនងការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ពោលគឺធ្វើជាមិត្តភក្តិ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ជាពិសេស ទាក់ទងនឹងវិស័យការពារប្រទេស សៀវភៅសការពារជាតិឆ្នាំ ២០១៩ របស់វៀតណាមបានបញ្ជាក់ពីចរិតនៃសន្តិភាព និងការការពារខ្លួនរបស់ខឿនការពារជាតិវៀតណាមដោយបញ្ជាក់ពីទស្សនៈថា៖ មិនចូលរួមសម្ព័ន្ធភាពយោធា; មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសមួយផ្សេងទៀត; មិនអនុញ្ញាតឱ្យប្រទេសណាមួយបង្កើតមូលដ្ឋានយោធា ឬ ប្រើប្រាស់ទឹកដីវៀតណាមប្រឆាំងនឹងប្រទេសដទៃទៀត; មិនប្រើកម្លាំងឬគំរាមប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយដែលមានគោលនយោបាយការបរទេសច្បាស់លាស់ ជាការពិតណាស់គ្មានរឿងដែរថា ប្រទេសវៀតណាមរងឥទ្ធិពល ឬ ត្រូវរងសម្ពាធក្នុងការជ្រើសរើសមិត្ត ឬ បក្សសម្ព័ន្ធ ឬធ្វើតាមឆន្ទៈឯកតោភាគីរបស់ប្រទេសមួយផ្សេងទៀតជាដាច់ខាតទេ។
ភាពជាក់ស្តែងរស់រវើកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានបង្ហាញនូវភាពត្រឹមត្រូវនៃគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋវៀតណាម។ ដោយសារតែមានឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម និងពហុភាគីនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ហើយការមិនចូលរួមសម្ព័ន្ធភាពជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀតនោះ យើងបានមានលក្ខខណ្ឌអនុគ្រោះដើម្បីថែរក្សាឯករាជ្យជាតិ និងអធិបតេយ្យភាព បូរណភាពទឹកដី រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងពង្រីកទំនាក់ទំនងជាមួយប្រទេសដទៃទៀត។ នាពេលថ្មីៗនេះ ដោយមានតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០-២០២១ បានជាតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិត្រូវបានលើកកំពស់កាន់តែកើនឡើង។ ចំពោះវិស័យសេដ្ឋកិច្ច សូម្បីតែនៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 បានរីករាលដាលនៅគ្រប់ទិសទីនៃពិភពលោកក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រទេសមួយចំនួនមិនត្រឹមតែមិនថយចុះប៉ុណ្ណោះទេ ប៉ុន្តែក៏កើនឡើងថែមទៀត។ ហើយក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះត្រូវតែមានការទទួលស្គាល់ថា ចំនួនវ៉ាក់សាំងដែលបានចូលមកប្រទេសវៀតណាមនោះក៏ជាផ្នែកមួយពីលទ្ធផលនៃសកម្មភាពបរទេសផងដែរ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺយើងមិនធ្លាក់ចូលក្នុងស្ថានភាពជាប្រទេសដែល “ពឹងផ្អែក” និងក្លាយជា “ឧបករណ៍” សម្រាប់ប្រទេសនេះខ្ចីដៃប្រើប្រយុទ្ធ និងប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតឡើយ។
គួរកត់សំគាល់ផងដែរថា ទោះបីក្នុងកំឡុងពេលកំពុងរាតត្បាតជំងឺក៏ដោយ ក៏ប្រទេសវៀតណាមនៅតែខិតខំប្រឹងប្រែងដើម្បីនាំឱ្យទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសជាច្រើន រួមទាំងប្រទេសធំៗឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ កម្រិតទាប ការជួបជុំពិភាក្សាដោយផ្ទាល់ ឬ តាមរយៈប្រព័ន្ធវីដេអូ រវាងថ្នាក់ដឹកនាំវៀតណាម និងប្រទេសដទៃទៀតនៅតែត្រូវបានគេចាត់ទុកជាសកម្មភាពជៀសមិនរួចដែលផ្តើមចេញពីតំរូវការនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមកដើម្បីដោះស្រាយបញ្ហាបន្ទាន់នាពេលបច្ចុប្បន្ន ហើយក្នុងនោះរួមទាំងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាពេលថ្មីៗនេះរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស និងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនាពេលខាងមុខនេះអាចត្រូវបានចាត់ទុកថាជាឧទាហរណ៍គួរឱ្យចាប់អារម្មណ៍។
លទ្ធផលទាំងនេះគឺជាមូលដ្ឋានសម្រាប់បក្ស និងរដ្ឋរបស់យើងកំណត់បាននូវតម្រូវការខ្ពស់ជាង ពោលគឺក្នុងប៉ុន្មានឆ្នាំខាងមុខយើងត្រូវតែបន្តបង្កើនប្រសិទ្ធភាពនៃសកម្មភាពបរទេស បន្តធ្វើឱ្យទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
ដោយសារតែបានយល់ជ្រាបអំពីបញ្ហាទាំងនេះ ជាងពេលណាៗទាំងអស់ ពលរដ្ឋវៀតណាមម្នាក់ៗត្រូវបង្ហាញការជឿទុកចិត្ត ការគាំទ្រ និងរួមដំណើរជាមួយគោលនយោបាយការបរទេសបច្ចុប្បន្នរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះគឺមានជំហររឹងមាំដោយមិនជឿ និងស្តាប់តាមការបំភ្លៃការពិតពីកម្លាំងអរិភាពដើម្បីជៀសវាងការធ្លាក់ចូលក្នុងស្ថានភាព "ទាត់ត្រូវជើងខ្លួនឯង" ៕
បកប្រែដោយ Minh Trung