អ្នកយកព័ត៌មាន៖ សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក រំលឹកខួបលើកទី២៥ នៃការដែលវៀតណាមបានចូលរួមក្នុង APEC។ តើលោកស្រីអនុរដ្ឋមន្ត្រី អាចចែករំលែកអំពីការរួមចំណែករបស់វៀតណាមក្នុងវេទិកានានេះក្នុងរយៈពេលកន្លងមក?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ក្រឡេកមើលទៅលើដំណើរ ២៥ ឆ្នាំនៃការចូលរួម APEC យើងអាចបញ្ជាក់បានថា ការសម្រេចចិត្តចូលរួម APEC ឆ្នាំ១៩៩៨ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេស ដោយបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការធ្វើសមាហរណកម្មពិភពលោក និងរួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជារបស់តំបន់។

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកយ៉ាងសកម្ម មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពចំពោះគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ដោយបន្សល់ទុកនូវការចាប់អារម្មណ៍សំខាន់ៗជាច្រើនក្នុងដំណើរការ APEC។ យើងអាចសង្កត់ធ្ងន់ទៅលើចំណុចលេចធ្លោចំនួនបីគឺ។ ទីមួយ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចមួយចំនួនតិចតួចដែលទទួលបានការជឿទុកចិត្ត និងការគាំទ្រពីសមាជិក APEC ឱ្យធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ ២០០៦ និង ២០១៧។ ក្រោមការដឹកនាំរបស់វៀតណាម កិច្ចប្រជុំកំពូល APEC ចំនួនពីរត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយក្នុងឆ្នាំ ២០០៦ និងទីក្រុង Da Nang ក្នុងឆ្នាំ ២០១៧ ហើយទាំងពីរលើកសុទ្ធតែត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗដែលមានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់វេទិកា APEC ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទីពីរ វៀតណាមគឺជាសមាជិកសកម្មបំផុតមួយក្នុងការលើកឡើងនូវគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការជាមួយគម្រោងជិត ១៥០ លើគ្រប់វិស័យចាប់ពីការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក សន្តិសុខស្បៀងដល់ការអភិវឌ្ឍជនបទ និងទីក្រុង កាកសំណល់មហាសមុទ្រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។ គំនិតផ្តួចផ្តើមនិងគម្រោងទាំងនេះជំរុញកិច្ចសហប្រតិបត្តិការ APEC ស្របតាមក្តីកង្វល់ និងផលប្រយោជន៍របស់បណ្តាប្រទេសជាសមាជិក ទន្ទឹមនឹងនោះបម្រើឱ្យប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

ទីបី យើងបានអះអាងនូវតួនាទីប្រតិបត្តិរបស់យើង  ជំរុញការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ APEC តាមរយៈការទទួលតួនាទីសំខាន់ៗក្នុងយន្តការរបស់វេទិកា។

ក្រឡេកទៅមើលរយៈពេល ២៥ ឆ្នាំកន្លងទៅ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយការបរទេសរបស់បក្ស ហើយអនុវត្តគោលនយោបាយវៀតណាម ជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមយើងបានចូលរួមក្នុង APEC យ៉ាងសកម្ម វិជ្ជមាន មានទំនួលខុសត្រូវ និងរួមចំណែកជាច្រើនដល់ការអភិវឌ្ឍនៃវេទិកា APEC។ ជោគជ័យនៃឆ្នាំ APEC ឆ្នាំ ២០០៦ និង ២០១៧ រួមជាមួយនឹងការរួមវិភាគទានសំខាន់ៗផ្សេងទៀតរបស់វៀតណាមនៅវេទិកានេះ បានរួមចំណែកលើកកំពស់តួនាទី និងកេរ្តិ៍ឈ្មោះរបស់ប្រទេសលើឆាកអន្តរជាតិ ឆ្លៀតយកឱកាសយ៉ាងពេញទំហឹងនូវធនធាននានាពីកិច្ចសហប្រតិបត្តិការ APEC និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងយន្តការតភ្ជាប់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ តើអ្វីជាអត្ថន័យ និងខ្លឹមសារដែលបានពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ បច្ចុប្បន្ន APEC គឺជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលស្រូបយកចំនួន ៣៩% នៃចំនួនប្រជាជន,  ៥៩% នៃផលិតផលក្នុងស្រុកសរុប និងជិត ៥០% នៃពាណិជ្ជកម្មពិភពលោក។ កិច្ចប្រជុំកំពូលឆ្នាំនេះមានសារៈសំខាន់ដែលបង្ហាញពីទិដ្ឋភាពពីរ។ កិច្ចប្រជុំឆ្នាំនេះពិតជាតម្រុយសម្គាល់រយៈពេល ៣០ ឆ្នាំចាប់តាំងពីកិច្ចប្រជុំកំពូល APEC លើកដំបូងក៏ត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីនេះ កិច្ចប្រជុំឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ និងតំបន់មានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ រាល់ហានិភ័យ និងបញ្ហាប្រឈមត្រូវបានភ្ជាប់ជាមួយនឹងឱកាសដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ដូច្នេះហើយ នេះជាពេលវេលាដែលតម្រូវឱ្យសមាជិក APEC ត្រូវតែពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសសម្រាប់ការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយអត្ថន័យនោះ និងដោយប្រធានបទ “បង្កើតអនាគតប្រកបដោយភាពរឹងមាំ និរន្តរភាពសម្រាប់មនុស្សគ្រប់រូប” កិច្ចប្រជុំលើកនេះនឹងផ្តោតលើការវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ APEC ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដោយសង្ខេបនូវសមិទ្ធផល មេរៀន និងគុណតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដោយហេតុនេះកំណត់ទិសដៅសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីជាមួយនឹងគោលដៅរបស់ APEC បន្តអះអាងនូវតួនាទីរបស់ខ្លួនជាវេទិកានាំមុខគេក្នុងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងអស់ក៏នឹងពិភាក្សាអំពីបញ្ហាធំៗដែលកំពុងប្រឈមមុខនឹងពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់នាពេលបច្ចុប្បន្ន ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ កំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងការលើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុនេះ ជំរុញនិន្នាការនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងនៃតំបន់។

អ្នកយកព័ត៌មាន៖ តើការចូលរួមរបស់វៀតណាមក្នុងសប្តាហ៍កំពូលឆ្នាំនេះរួមចំណែកដល់ជោគជ័យរួមនៃសន្និសីទ អនុរដ្ឋមន្ត្រីយ៉ាងដូចម្តេច?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ដោយមានអត្ថន័យពិសេសនៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ និងក្នុងបរិបទទំនាក់ទំនងវៀតណាម - អាមេរិក បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ ដំណើរបេសកកម្មចូលរួមកិច្ចប្រជុំកំពូល APEC និងសកម្មភាពទ្វេភាគីរបស់លោកប្រធានរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់។

លោកប្រធានរដ្ឋនឹងចូលរួមជាមួយថ្នាក់ដឹកនាំ APEC ក្នុងការពិភាក្សាអំពីបញ្ហាសំខាន់ៗចំពោះពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់ កំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យជាច្រើនទៀត។ វៀតណាមនឹងចូលរួមជាមួយសមាជិកដទៃទៀត ដើម្បីលើកកម្ពស់ស្មារតីនៃកិច្ចសន្ទនា ការកសាង ទំនួលខុសត្រូវ ការលើកកម្ពស់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃតំបន់។

លោកប្រធានរដ្ឋវៀតណាមនឹងចូលរួម និងថ្លែងសុន្ទរកថា និងមានកិច្ចប្រជុំការងារជាច្រើននៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់សហគមន៍ធុរកិច្ចក្នុងតំបន់ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាជីវកម្មឈានមុខគេក្នុងពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិកជាង ២,០០០ នាក់។

សម្រាប់សហរដ្ឋអាមេរិក សកម្មភាពរបស់ប្រធានរដ្ឋនៅក្នុងកិច្ចប្រជុំកំពូល APEC និងរាល់សកម្មភាពទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងដៃគូរបស់អាមេរិក ជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ា នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង សហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការតភ្ជាប់តាមមូលដ្ឋាន។

យើងអាចបញ្ជាក់បានថា ដំណើរបំពេញបេសកកម្មរបស់ប្រធានរដ្ឋវៀតណាមដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣០ រួមជាមួយនឹងសកម្មភាពទ្វេភាគីនានានៅសហរដ្ឋអាមេរិក គឺជាសកម្មភាពសំខាន់មួយក្នុងកម្មវិធីសកម្មភាពសម្រាប់គោលនយោបាយការបរទេសឆ្នាំ ២០២៣ របស់បក្ស និងថ្នាក់ដឹកនាំរដ្ឋ តាមរយៈនោះបន្តរក្សាស្ថានការណ៍កិច្ចការបរទេសប្រកបដោយសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស។

អ្នកយកព័ត៌មាន៖ សូមអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung