ការអះអាងនោះត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់ និងគួរឱ្យជឿជាក់តាមរយៈសមិទ្ធផលសម្រេចបានក្នុងពាក់កណ្តាលអាណត្តិនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។

“អរគុណវៀតណាម!”

នោះគឺការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រពីសំណាក់ប្រជាពលរដ្ឋបរទេស និងភ្ញៀវទេសចរអន្តរជាតិ ដែលបានទទួលការថែទាំសុខភាព ធានាសុខភាព និងដាក់ខ្លួនក្នុងគុណតម្លៃមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម ក្នុងអំឡុងពេលរាតត្បាតជំងឺ Covid-19 បានផ្ទុះឡើងយ៉ាងខ្លាំង និងស្មុគស្មាញ។  នោះក៏ជាការលើកឡើងរបស់ប្រធានាធិបតីទួរគី Tayyip Erdogan នៅពេលដែលលោកបានជួបក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម នៅក្នុងខេត្ត Hatay និង Kahramanmaras ។ ឬនៅតំបន់ដាច់ស្រយាលមួយទៀតនៃពិភពលោក ប្រជាជនស៊ូដង់ខាងត្បូង ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅជាច្រើនលើកចំពោះកងទ័ពវៀតណាម ដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានជួយសង្គ្រោះ យកចិត្តទុកដាក់ ជួយថែទាំសុខភាព ជួយលើកកំពស់ចំណេះដឹងប្រជាជន  ជួយបំបាត់ភាពអត់ឃ្លានបន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍ សេដ្ឋកិច្ច ដើម្បីឱ្យពួកគេអាចរស់នៅប្រកបដោយសុខសន្តិភាព និងសុភមង្គល...

និងមានជាច្រើនទៀតនូវការថ្លែងអំណរគុណចំពោះវៀតណាម ដែលត្រូវបានមិត្តភ័ក្តិពិភពលោកបង្ហាញដោយក្តីរាប់អាន និងស្មោះស្ម័គ្រចំពោះកាយវិការ និងសកម្មភាពអន្តរជាតិរបស់បក្ស រដ្ឋវៀតណាម និងរបស់ប្រជាជនវៀតណាមគ្រប់រូប។

ក្នុងទិដ្ឋភាពពហុភាគី វៀតណាមបានរួមចំណែកប្រកបដោយប្រសិទ្ធភាពជាច្រើន ហើយបានដើរតួនាទីសំខាន់ៗយ៉ាងជោគជ័យ ក្នុងអង្គការ និងវេទិកានានា ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន។ វៀតណាមបានលើកឡើងនូវគំនិតប្រកបដោយភាពច្នៃប្រឌិតជាច្រើននៅអង្គការអន្តរជាតិសំខាន់ៗ និងវេទិកានានា ជាពិសេសអាស៊ាន, ASEM, APEC អង្គការសហប្រជាជាតិ G7, G20... វៀតណាមបានក្លាយទៅជាតំណភ្ជាប់ច្រវាក់ដ៏សំខាន់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។ សកម្មភាពការទូតការពារជាតិ និងសន្តិសុខរបស់វៀតណាមកាន់តែស៊ីជម្រៅ កាន់តែសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន រួមចំណែកក្នុងការពង្រឹង និងលើកកំពស់សក្តានុពលរបស់ប្រទេស  ជួយការពារមាតុភូមិតាំងពីដើម តាំងពីចម្ងាយ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ  ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ធ្លាប់បានអះអាងថា៖ “វៀតណាមជាកត្តាសំខាន់ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក”។ រីឯ ឯកអគ្គរដ្ឋទូត Barbara Woodward ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់អង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បានវាយតំលៃថា៖ “វៀតណាមចូលរួមដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើន ដូចជាតួនាទីរបស់ស្ត្រីចំពោះសន្តិភាព និងសន្តិសុខ និងការការពារជនស៊ីវិលក្នុងជម្លោះ ឬដោះស្រាយបញ្ហាគ្រាប់បែក និងមីន... ការរួមចំណែករបស់វៀតណាមមានតម្លៃខ្ពស់ ជួយដោះស្រាយបញ្ហាបន្ទាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ”។ ជាងនេះទៅទៀត វាងាយមើលឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមតែងតែទទួលបានការអញ្ជើញឱ្យចូលរួម និងថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងសន្និសីទ និងវេទិកាអន្តរជាតិសំខាន់ៗ។

leftcenterrightdel
រូបជាឧទាហរណ៍

វៀតណាមមួយពោរពេញទៅដោយក្តីជឿជាក់លើឆាកពិភពលោក

វាងាយមើលឃើញថា ការងើបឡើងវិញ ស្ថិរភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចវៀតណាមបានបង្កើនកិត្យានុភាព និងកិត្តិយសនៃប្រទេសក្នុងការទាក់ទាញការវិនិយោគអន្តរជាតិ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសន្និដ្ឋានថា វៀតណាមគឺជាចំណុចភ្លឺ “នៅក្នុងរូបភាពពណ៌ប្រផេះ” នៃសេដ្ឋកិច្ចពិភពលោក។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២១ នឹងឈានដល់ ២.៥៦% ខណៈដែលសេដ្ឋកិច្ចជាច្រើននៅជុំវិញពិភពលោកមានកំណើនអវិជ្ជមាន។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម​ក្នុងឆ្នាំ២០២២ នឹងឈានដល់ ៨.០២% ខ្ពស់ជាងគោលដៅ ៦-៦.៥% និងជាការកើនឡើងខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ទោះបីត្រឹមតែ ៣.២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅក៏ដោយ ប៉ុន្តែតាមការព្យាករណ៍របស់អង្គការអន្តរជាតិជាច្រើន ពេញមួយឆ្នាំ ២០២៣ វៀតណាមនៅតែអាចសម្រេចបាននូវកំណើនពី ៦-៦.៥%។ សមិទ្ធផលទាំងនេះបានជួយវៀតណាមក្លាយជាគោលដៅដ៏ល្អសម្រាប់រាល់សាជីវកម្មពិភពលោក សូម្បីតែមានសាជីវកម្មធំៗលើលោកបានកំណត់ថា គេដាក់អនាគតអភិវឌ្ឍរបស់គេក្នុង ១០០ ឆ្នាំខាងមុខនៅវៀតណាម។

វៀតណាមបាន និងកំពុងជំរុញការបង្កើតទំនាក់ទំនងទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ នាបច្ចុប្បន្ន វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចំនួន ១៩២ ជុំវិញពិភពលោក   ក្នុងនោះមានប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៩០/១៩៣។ ក្នុងនោះ វៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ រួមមានទាំងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងមូល (G7) និងប្រទេសសមាជិកអាស៊ានទាំងអស់។ បក្សកុម្មុយនិស្តវៀតណាម បានបង្កើតទំនាក់ទំនងជាមួយគណបក្សនយោបាយចំនួន ២៤៧ នៅក្នុងប្រទេសចំនួន ១១១ ដែលក្នុងនោះមានគណបក្សកុម្មុយនិស្តចំនួន ៩៦ គណបក្សកាន់អំណាចចំនួន ៦៣ គណបក្សចំនួន ២៨ ចូលរួមជាមួយរដ្ឋាភិបាលចម្រុះ និងចូលរួមក្នុងនយោបាយ។ រដ្ឋសភាវៀតណាមមានទំនាក់ទំនងជាមួយសភា នៃប្រទេសជាង ១៤០។ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូជាង ២២០ ប្រទេសចំនួន ៧១ បានទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សារចំពោះវៀតណាម។ វៀតណាមជាសមាជិកនៃអង្គការ និងវេទិកាពហុភាគីក្នុងតំបន់ និងពិភពលោកជាង ៧០។ នេះគឺជាលក្ខខណ្ឌដ៏រឹងមាំ និងជាគោលបំនងសម្រាប់វៀតណាម ដើម្បីបញ្ជាក់ និងលើកកំពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសលើគ្រប់វិស័យ និងទំនាក់ទំនងអន្តរជាតិ។

ទន្ទឹមនឹងនោះ ការដែលបក្ស ប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូលរួបរួមគ្នា តាំងចិត្ត និងតស៊ូ ក្នុងការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន  បានពង្រឹងជំនឿទុកចិត្តរបស់មិត្តភ័ក្តិ និងអ្នកវិនិយោគអន្តរជាតិ។  កិច្ចខិតខំប្រឹងប្រែងលើការធ្វើកំណែទម្រង់រដ្ឋបាល ការកាត់បន្ថយចំនួនកម្មាភិបាលក្នុងក្របខ័ណ្ឌ  ការកសាងរដ្ឋាភិបាលឌីជីថល... បង្កើតបរិយាកាសវិនិយោគបើកចំហ និងយន្តការអំណោយផលសម្រាប់សកម្មភាពវិនិយោគនៅវៀតណាម។ កិត្យានុភាព និងតួនាទីរបស់វៀតណាមកាន់តែរីកចម្រើនខ្លាំង ដូចដែលបានលើកឡើងដោយលោក Ahmad Ibrahim Almutaqqi នាយកកម្មវិធីស្រាវជ្រាវអាស៊ាន៖ “យើងកំពុងឃើញវៀតណាមមួយដ៏ពោរពេញទៅដោយភាពជឿជាក់លើខ្លួនឯង លើឆាកពិភពលោក មានការរួមចំណែកយ៉ាងសំខាន់ដល់តំបន់។ ហើយវៀតណាម ជាកញ្ចក់ឆ្លុះបញ្ចាំងពីឧត្តមគតិនិងគុណតម្លៃដែលអាស៊ានអាចនាំមកជូនប្រជាជននៃប្រទេសក្នុងតំបន់”៕

បកប្រែដោយ Minh Trung