ដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសថៃ ចាប់តាំងពីមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋ ទៅកាន់ប្រទេសថៃ បន្ទាប់ពីរយៈពេលជាង២០ឆ្នាំ។  ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃ បន្តអភិវឌ្ឍយ៉ាងល្អ ទោះបីជារងផលប៉ះពាល់នៃការរាតត្បាត Covid-19 ក៏ដោយ។

leftcenterrightdel
រូបថត៖ Vietnam Insider

ក្នុងរយៈពេលជិតកន្លះសតវត្សកន្លងទៅនេះ ទំនាក់ទំនងវៀតណាម-ថៃ បានបោះជំហានទៅមុខយ៉ាងធំធេងដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។ ប្រទេសទាំងពីរបានអះអាងនូវសារៈសំខាន់ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្តែង រវាងវៀតណាម-ថៃ ដោយផ្អែកលើការគោរព និងការយោគយល់គ្នាទៅវិញទៅមក។ សកម្មភាពទំនាក់ទំនងកម្រិតខ្ពស់ យន្តការទ្វេភាគីនានាត្រូវបានរក្សាជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្តក្លាយជាចំណុចភ្លឺស្វាង ខណៈដែលប្រទេសថៃរក្សាជំហររបស់ខ្លួនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងអាស៊ាន និងជាវិនិយោគិនធំជាងគេទី ៩ នៅ​វៀត​ណាម។ ភាគីទាំងពីររក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការទ្វេភាគីលើវិស័យការពារជាតិ និងសន្តិសុខ សម្របសម្រួលក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សហការបណ្តុះបណ្តាល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

ទន្ទឹមនឹងនោះ កិច្ចប្រជុំថ្នាក់ដឹកនាំ APEC លើកទី២៩ នឹងត្រូវបានប្រព្រឹត្តទៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញលើពិភពលោក និងក្នុងតំបន់ ជាមួយនឹងភាពមិនច្បាស់លាស់ដែលអាចកើតមានជាច្រើន។ ការងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ និងពិបាកជាមួយនឹងអតិផរណាខ្ពស់ និងការធ្លាក់ចុះសក្តានុពល។ បញ្ហាសន្តិសុខមិនមែនប្រពៃណី ដូចជាគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបម្រែបម្រួលអាកាសធាតុនៅតែបន្តមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងច្រើនមុខលើជីវិតសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងអស់។ តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តនាំមុខគេក្នុងការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម ហើយជាតំបន់ប្រកួតប្រជែងយុទ្ធសាស្ត្រដ៏សំខាន់ក្នុងចំណោមប្រទេសធំៗ។ ដោយប្រធានបទនៃឆ្នាំ APEC ឆ្នាំ ២០២២ គឺ “បើកទូលាយ តភ្ជាប់គ្នា មានតុល្យភាព” នេះជាឆ្នាំដំបូងដែល APEC បានអនុវត្តផែនការសកម្មភាព Aotearoa និងចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០។ កិច្ចប្រជុំថ្នាក់ដឹកនាំ APEC លើកទី ២៩ មានអត្ថន័យ និងសារៈសំខាន់ពិសេសខណៈប្រទេសជាសមាជិក បន្តយកចិត្តទុកដាក់នូវតួនាទីរបស់ APEC ជាយន្តការតភ្ជាប់សេដ្ឋកិច្ចឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត  ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់ និងជំរុញកំណើនប្រកបដោយតុល្យភាព និរន្តរភាព និងបរិយាប័ន្ន។

សម្រាប់វៀតណាម តំបន់អាស៊ីប៉ាស៊ីហ្វិក និង APEC គឺជាអាទិភាពសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេស លើកកម្ពស់ទំនាក់ទំនងការទូតពហុភាគី។ ក្នុងរយៈពេល ២៤ ឆ្នាំនៃការចូលរួម APEC វៀតណាមតែងតែជាសមាជិកសកម្ម និងទទួលខុសត្រូវក្នុងសកម្មភាពសហប្រតិបត្តិការរបស់វេទិកា ជាពិសេសនៅពេលដែលយើងជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចសមាជិកតិចតួចដែលបានធ្វើម្ចាស់ផ្ទះពីរដងនៃវេទិកា APEC ដោយជោគជ័យ។ ក្នុងឆ្នាំ ២០២២ វៀតណាមបានគាំទ្រយ៉ាងសកម្ម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយម្ចាស់ផ្ទះថៃ សមាជិក APEC សំខាន់ៗ និងសមាជិកអាស៊ានក្នុង APEC ដើម្បីរក្សាគោលការណ៍ពាណិជ្ជកម្ម-វិនិយោគសេរី  និងជំរុញសន្ទុះនៃសេដ្ឋកិច្ចពិភពលោក។ ឆ្លើយតបទៅនឹងជំងឺរាតត្បាត ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកំណើនប្រកបដោយនិរន្តរភាព។ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងការចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ APEC លើកទី ២៩ របស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងបង្កើតនូវមូលដ្ឋានអំណោយផលសម្រាប់ពង្រឹងទំនាក់ទំនង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - ថៃ៕

បកប្រែដោយ Pham Diep