ក្នុងឱកាសនេះ យើងខ្ញុំមានកិត្តិយសសូមផ្សាយនូវអត្ថបទរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមលោក Konstantin V.Vnukov ដែលបានផ្ញើដាច់ដោយឡែកទៅកាសែតកងទ័ពប្រជាជន។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមលោក Konstantin V.Vnukov

 

ថ្ងៃបុណ្យជាតិរបស់ប្រទេសរុស្ស៊ីត្រូវបានប្រារព្ធនៅថ្ងៃទី ១២ ខែ មិថុនា។ នាថ្ងៃនេះកាលពី ៣០ ឆ្នាំមុន (ឆ្នាំ១៩៩០) សេចក្តីប្រកាសស្តីពីអធិបតេយ្យភាពរដ្ឋរបស់សហព័ន្ធរុស្ស៊ី -  សេចក្តីប្រកាសដែលបានចាក់គ្រឹះសម្រាប់ការចាប់ផ្តើមនៃយុគសម័យថ្មីមួយនៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ននៃប្រទេសរបស់យើងត្រូវបានអនុម័ត។ នៅថ្ងៃនេះយើងខ្ញុំរៀបចំពិធីអបអរសាទរប្រទេសរុស្ស៊ី - ជាប្រទេសមួយដែលមានប្រវត្ដិសាស្ដ្ររាប់សតវត្សរ៍ដែលពោរពេញទៅដោយជ័យជំនះដ៏រុងរឿងនិងឧបសគ្គដ៏លំបាកជាច្រើន។ ប្រទេសមួយនេះបានបូជាឲ្យពិភពលោកនូវគំរូៗដែលមិនអាចប្រៀបបានអំពីភាពអង់អាចក្លាហាន ភាពស្មោះត្រង់ ស្មារតីហ៊ានលះបង់គ្រប់យ៉ាង និងកម្លាំងចិត្តក្នុងគ្រប់វិស័យយោធា ពលកម្ម និងស៊ីវិល។ ប្រទេសមួយនេះដែលបានបង្កើតជាស្នាដៃវប្បធម៌ ស្នាដៃនៃការច្នៃប្រឌិតវិទ្យាសាស្ត្រប្លែកៗមានមួយគ្មានពីរលើលោកដែលបានរួមចំណែកយ៉ាងធំធេងដល់វឌ្ឍនភាពរបស់មនុស្សជាតិ និងការថែរក្សាសន្តិភាព និងស្ថេរភាពនៅលើភពផែនដីរបស់យើង។

នៅក្រោយសម័យសូវៀតនោះ ប្រទេសរុស្ស៊ីបានឆ្លងកាត់ការលំបាកជាច្រើនដោយសារតែការផ្លាស់ប្តូរជាមូលដ្ឋានប៉ុន្តែមិនមែនជួបតែភាពរលូនគ្រប់ពេលទេ។ ទោះជាយ៉ាងណាក៏ដោយជនជាតិរុស្ស៊ីដោយមានចរិតខិតខំប្រឹងប្រែងក្នុងការងារ និងស្មារតីសាមគ្គីភាពរបស់ខ្លួន បានជាយើងខ្ញុំបានដោះស្រាយនូវគ្រប់ភារកិច្ចចាំបាច់នោះយ៉ាងល្អ។ ប្រទេសរុស្ស៊ីទទួលបានជោគជ័យក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ហើយបង្កើតបាននូវប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និងខឿនសេដ្ឋកិច្ចទីផ្សារត្រឹមតែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ ធានាបានសក្តានុពលការពារជាតិ និងពង្រឹងជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ។

ឆ្នាំ ២០១៩ មិនមែនជាឆ្នាំសាមញ្ញចំពោះរុស្ស៊ីទេ។ ទោះយ៉ាងណាក៏ដោយទោះបីមានបញ្ហាប្រឈមទាំងក្នុងស្រុកនិងក្រៅស្រុកក៏ដោយយើងខ្ញុំបានទទួលជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ កំណើនផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីសម្រេចបានលើសជាង ១.៥% សន្ទស្សន៍ផលិតកម្មឧស្សាហកម្មកើនឡើង ២.៤% ហើយទុនវិនិយោគលើវិស័យសំណង់បានកើនឡើង ១.៧%។ អតិផរណា និងបំណុលសាធារណៈត្រូវបានរក្សានៅកម្រិតទាប សន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

ប្រទេសរុស្ស៊ីបន្តប្រកាន់ខ្ជាប់គោលនយោបាយការបរទេសរបស់ខ្លួនក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការចម្រុះជាមួយដៃគូបរទេសដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយជំលោះនិងវិបត្តិដោយសន្តិវិធី និងពង្រឹងស្ថេរភាព ... ប្រទេសរុស្ស៊ី ជានិច្ចកាលចាត់ទុកអង្គការសហប្រជាជាតិគឺជាអង្គការគន្លឹះមួយដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសនានា និងជាអង្គការជួយសម្របសម្រួលក្នុងការប្រតិបត្តិដោយឈរលើគោលការណ៍នៃការសន្ទនាស្មើភាព និងគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ យើងខ្ញុំជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៅលើវេទិកាអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ និងមិនធ្វើនយោបាយភាវូបនីយកម្ម និងបណ្តា “ស្តង់ដារទ្វេ” ឡើយ។ ប្រទេសរុស្ស៊ីការពារនូវគោលការណ៍ពហុភាគីនិយមនៅពេលដោះស្រាយគ្រប់ភារកិច្ចសកលសំខាន់ៗក្រោមក្របខ័ណ្ឌ G20, BRICS និង SCO ។

យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកដែលក្នុងនោះរុស្ស៊ីគឺជាផ្នែកមួយដែលមិនអាចបំបែកបាន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីទទួលបានជោគជ័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការចម្រុះជាមួយអាស៊ាន។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានគាំទ្រដំណើរការនេះហើយសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យជាមួយសមភាគីវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។

ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមគឺជាអាទិភាពរយៈពេលវែងក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី។ ឈរលើមូលដ្ឋាននៃចំណងមិត្តភាពរឹងមាំ និងការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍលើវិស័យជាច្រើនក្នុងទ្រង់ទ្រាយធំ។

នៅក្នុងឆ្នាំ ២០២០ ពិភពលោកកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកគឺជំងឺ Covid-19។ ប្រទេសវៀតណាមបានឆ្លើយតបយ៉ាងល្អ និងគ្រប់គ្រងស្ថានការណ៍បានយ៉ាងឆាប់រហ័សមិនទុកឲ្យជំងឺរាលដាលក្នុងទ្រង់ទ្រាយធំទេ។ វៀតណាមក៏បានបង្ហាញខ្លួនជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិដោយបំពេញបានល្អតួនាទីជាប្រធានអាស៊ាន និងសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះជំនួយនិងការគាំទ្រដ៏ទាន់ពេលវេលារបស់មិត្តវៀតណាម ហើយរុស្ស៊ីមានឆន្ទៈចង់ផ្លាស់ប្តូរបទពិសោធន៍ស្តីពីការការពារ និងទប់ស្កាត់ជំងឺ Covid-19 ជាមួយវៀតណាម។

ក្នុងបរិបទនៃការរាតត្បាតដ៏ស្មុគស្មាញនោះ ភាគីទាំងពីរបានធ្វើការសន្ទនាតាមរយៈទូរស័ព្ទ និងសន្និសីទតាមប្រព័ន្ធវីដេអូដូចជា៖ កិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីរុស្ស៊ី MVMishustin និងនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ហើយនិងរវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី SVLavrov និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ។

វិស័យសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ឥន្ធនៈ ផលិតកម្មម៉ាស៊ីន បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ជាដើម។ សព្វថ្ងៃនេះ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាក់ទងនឹងទំហំពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ីដែលមានទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។ ជាពិសេសគឺ បើទោះជាមានជំងឺរាតត្បាត Covid-19 ក៏ដោយក៏ប្រទេសទាំងពីរនៅតែទទួលបានជោគជ័យក្នុងការបង្កើនទំហំពាណិជ្ជកម្មចាប់តាំងពីដើមឆ្នាំនេះដែរ។ យោងតាមការស្ថិតិរបស់រុស្ស៊ី ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ពាណិជ្ជកម្មបានឈានដល់ ១.១ ពាន់លានដុល្លារ កើនឡើង ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅប្រទេសរុស្ស៊ីទំនិញវៀតណាមជាច្រើនមានភាពល្បីល្បាញរួមទាំងកសិផល សម្លៀកបំពាក់ និងស្បែកជើង។ ទន្ទឹមនឹងនេះដែរប្រទេសរុស្ស៊ីកំពុងពង្រីកការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមដូចជាផលិតផលធញ្ញជាតិ សាច់ ត្រី ... យើងក៏យកចិត្តទុកដាក់ផងដែរក្នុងការពង្រឹងទំនាក់ទំនងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងវប្បធម៌រវាងមូលដ្ឋាននៃប្រទេសទាំងពីរ។

ជាថ្មីម្តងទៀតខ្ញុំសូមបញ្ជាក់ថា រវាងរុស្ស៊ី និងវៀតណាមមានទំនាក់ទំនងមួយប្រកបដោយមិត្តភាព និងការជឿទុកចិត្តពិតប្រាកដត្រូវបានកកើតឡើង។ យើងបានប្រកៀកស្មាគ្នាដើម្បីជំនះលើបញ្ហាប្រឈម និងការលំបាករាប់មិនអស់។ កេរ្តិ៍មរតកដែលមិនអាចកាត់ថ្លៃបានបែបនេះត្រូវតែថែរក្សា និងអភិវឌ្ឍ ហើយត្រូវតែប្រគល់ទៅឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរព្រោះដូចជនជាតិវៀតណាមមានសុភាសិតថា “ផឹកទឹកនឹកដល់ប្រភព” ៕

បកប្រែដោយ Minh Trung