ក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្តល់បទសម្ភាសន៍សារព័ត៌មានអំពីអត្ថន័យសំខាន់ៗនៃសេចក្តីសម្រេចចិត្តនេះក៏ដូចជាការរំពឹងទុក និងបញ្ហាប្រឈមរបស់វៀតណាមនៅពេលអនុវត្ត EVFTA ។

leftcenterrightdel
អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេសលោក Bui Thanh Son ផ្តល់បទសម្ភាសន៍សារព័ត៌មានអំពីអត្ថន័យសំខាន់ៗនៃសេចក្តីសម្រេចចិត្តនេះក៏ដូចជាការរំពឹងទុក និងបញ្ហាប្រឈមរបស់វៀតណាមនៅពេលអនុវត្ត EVFTA

 

អ្នកយកព័ត៌មាន៖ នៅថ្ងៃទី៨ មិថុនា រដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA ។ តើលោកអនុរដ្ឋមន្រ្តីអាចនិយាយអំពីអត្ថន័យសំខាន់ៗនៃសេចក្តីសម្រេចចិត្តនេះចំពោះទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបក្នុងបរិបទរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ ឬទេ?

លោក Bui Thanh Son៖ ការសម្រេចចិត្តផ្តល់សច្ចាប័នលើ EVFTA និង EVIPA នៃរដ្ឋសភាវៀតណាមគឺមានអត្ថន័យ សំខាន់ណាស់ ហើយជាផ្លូវការធ្វើឲ្យ EVFTA នឹងចូលជាធរមាននៅពេលឆាប់ៗនេះ។ EVIPA ចាំបាច់ត្រូវផ្តល់សច្ចាប័នពីសភានៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់មុនពេលវាចូលជាធរមាន។

ការផ្តល់សច្ចាប័នរបស់ប្រទេសយើងលើ  EVFTA និង EVIPA រួមជាមួយសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំង២នេះកាលពីខែកុម្ភៈ ឆ្នាំ២០២០ នោះ បានបញ្ជាក់នូវគោលបំណង អត្ថប្រយោជន៍ និងការប្តេជ្ញាចិត្តនៃភាគីទាំងពីរឲ្យបន្តធ្វើឲ្យស៊ីជម្រៅ និងពង្រឹងថែមទៀតទំនាក់ទំនងវៀតណាម - EU ក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។

ក្នុងរយៈពេល ៣ ទសវត្សកន្លងមក ទំនាក់ទំនងវៀតណាម - អឺរ៉ុបមានការរីកចម្រើនឥតឈប់ឈរ កាន់តែស៊ីជម្រៅ និងកាន់តែជាក់លាក់ជាមួយនិងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ពោលគឺភាគីទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១២ ហើយនិងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអឺរ៉ុប (កិច្ចព្រមព្រៀង PCA) ក្នុងឆ្នាំ ២០១៦។ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយការពារជាតិ និងសន្តិសុខ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺស្វាងមួយដែលសហគមន៍អឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ និងជាអ្នកផ្តល់ជំនួយឥតសំណងធំបំផុត និងជាវិនិយោគិនឈានមុខគេមួយនៅវៀតណាម។ ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់សហភាពអឺរ៉ុបនៅអាស៊ាន។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ច្បាប់ យុត្តិធម៌ ថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារធនធានទឹកជាដើម។ ប្រទេសវៀតណាម និងសហភាពអឺរ៉ុបក៏ធ្វើការយ៉ាងជិតស្និទ្ធផងដែរនៅគ្រប់វេទិកាពហុភាគី រួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងរបៀបរៀបរយអន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់សេរីភាពពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងការឆ្លើយតបនឹងបញ្ហាប្រឈមសកល ...

ការអនុវត្ត EVFTA បានឆាប់ និងនាពេលខាងមុខគឺដល់ EVIPA នោះ នឹងបង្កើតក្របខ័ណ្ឌប្រកបដោយស្ថេរភាព និងយូរអង្វែងដើម្បីនាំមកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សមស្របជាមួយនឹងសក្តានុពលនៃភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ ការអនុវត្ត EVFTA ក៏បានបញ្ជាក់ពីការអភិវឌ្ឍដែលមានលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី បង្ហាញពីសារៈសំខាន់នៃជំហររបស់គ្នាទៅវិញទៅមកនៅក្នុងគោលនយោបាយការបរទេស ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មនៃភាគីនីមួយៗ រួមចំណែកធ្វើឱ្យស៊ីជម្រៅ និងបង្កើតផលប្រយោជន៍រួមរយៈពេលវែង រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ភាគីទាំងពីរក៏ដូចជាប្រទេសអឺរ៉ាស៊ី និងពិភពលោក។

អ្នកយកព័ត៌មាន៖ តើអ្វីទៅជាការរំពឹងទុក និងជាបញ្ហាប្រឈមចំពោះប្រទេសវៀតណាមនៅពេលអនុវត្តកិច្ចព្រមព្រៀងនេះ?

លោក Bui Thanh Son៖ ដោយសារតែនេះជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយដែលមានកម្រិត និងវិសាលភាពខ្ពស់នៃការសន្យាតាមស្តង់ដាខ្ពស់ EVFTA ត្រូវបានគេរំពឹងថានឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេង និងមានតុល្យភាពសម្រាប់ទាំងប្រទេសវៀតណាម និងសហភាពអឺរ៉ុប។

ជាដំបូងបង្អស់ EVFTA នឹងចូលរួមចំណែកជួយវៀតណាមបន្តជំរុញយ៉ាងខ្លាំងការធ្វើពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារ។ ប្រការនេះមានសារៈសំខាន់ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាត Covid-19 ។

ទីពីរ EVFTA នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់វៀតណាម ជាពិសេសជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ទាក់ទាញការវិនិយោគ បង្កើតការជម្រុញកំណើនសេដ្ឋកិច្ច និងជួយបង្កើតការងារ ...

ទីបីការអនុវត្ត EVFTA ដោយមានស្តង់ដារខ្ពស់គឺជាកម្លាំងចលករមួយដើម្បីបន្តជំរុញការកែទម្រង់សេដ្ឋកិច្ចក្នុងស្រុក ការផ្លាស់ប្តូរគំរូកំណើន ការផ្លាស់ប្តូររចនាសម្ព័ន្ធនាំចេញ ជាពិសេសការបង្កើនអត្រាបច្ចេកវិទ្យាសម្រាប់ទំនិញនាំចេញ ហើយក្នុងរយៈពេលវែងគឺឆ្ពោះទៅរកខឿនសេដ្ឋកិច្ចមួយប្រកបដោយភាពប្រកួតប្រជែង ភាពច្នៃប្រឌិតជាងនេះទៅទៀត។

ទីបួន ការអនុវត្ត EVFTA ក៏បង្កើតឧត្តមភាពក្នុងការប្រកួតប្រជែងបន្ថែមទៀតសម្រាប់វៀតណាមក្នុងការទាញយកផលប្រយោជន៍ពីនិន្នាការនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទាញលំហូរចូលនៃដើមទុន FDI ដែលមានគុណភាពខ្ពស់ ការផ្សាភ្ជាប់ជាមួយនឹងការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍ ការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃដំណើរការផ្លាស់ប្តូរឌីជីថលដែលកំពុងកើតមានឡើងយ៉ាងឆាប់រហ័ស។

ទីប្រាំ កិច្ចព្រមព្រៀង EVFTA ជាមួយការប្តេជ្ញាចិត្តលើការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពនឹងរួមចំណែក ជួយវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការការពារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងស្អាត រួមទាំងការទប់ស្កាត់ការនេសាទខុសច្បាប់ ហើយនិងការការពារផលប្រយោជន៍ស្របច្បាប់ និងថែរក្សាសុខុមាលភាពសម្រាប់ពលករ ...

ក្រៅពីគុណសម្បត្តិជាច្រើននោះ EVFTA ក៏មានបញ្ហាប្រឈមមិនតិចផងដែរ។ នោះគឺជាសម្ពាធពីការប្រកួតប្រជែងចំពោះសេដ្ឋកិច្ច និងអង្គភាពអាជីវកម្ម។ ហើយនោះក៏ជាបញ្ហាប្រឈមនៃសមត្ថភាពអនុវត្តដោយសារដំណើរការសម្រាប់ការអនុវត្តនូវរាល់ការសន្យានៃការប្តេជ្ញាចិត្តបើកទីផ្សារខ្លី ថែមទាំងរាល់ច្បាប់ និងនីតិវិធីតឹងរឹងមានទាក់ទងទៅនឹងបណ្តាវិស័យមានលក្ខណៈ “ជំនាន់ថ្មី”។ ម្យ៉ាងទៀត ការអនុវត្ត  EVFTA ដែលតម្រូវឱ្យមានការអនុលោមតាម "ច្បាប់នៃល្បែង" ទៅតាមស្តង់ដារខ្ពស់ទើបទាញយកបានផលប្រយោជន៍ពីឱកាសផង និងកាត់បន្ថយបានវិវាទសេដ្ឋកិច្ច - ពាណិជ្ជកម្ម ជាមួយដៃគូផង។

អ្នកយកព័ត៌មានៈ ការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើ EVFTA និង EVIPA គឺជាជំហានសំខាន់ក្នុងការអនុវត្ត“ យុទ្ធសាស្ត្ររួមស្តីពីការធ្វើសមាហរណកម្មអន្តរជាតិដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” តើអ្វីដែលយើងត្រូវធ្វើដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាព ជាពិសេសលើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ?

លោក Bui Thanh Son៖ ក្នុងបរិបទដែលស្ថានភាពអន្តរជាតិកំពុងតែមើលឃើញពីការប្រែប្រួលយ៉ាងខ្លាំងដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺ Covid-19 ស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងសកលលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិ និងការប្រកួតប្រជែងយ៉ាងតឹងរឹងរវាងប្រទេសធំៗដូច្នេះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតែបន្តទាមទារឱ្យមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើសមាហរណកម្មពីគ្រប់កស្ថាប័ន គ្រប់វិស័យ និងសង្គមទាំងមូលដែលក្នុងនោះបញ្ហាខាងក្រោមនេះគួរតែត្រូវបានកត់សំគាល់ ៖

ទីមួយ ការបង្កើតផែនទីបង្ហាញផ្លូវដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។

ទីពីរ ចាប់យកឲ្យទាន់នូវនិន្នាការថ្មីនៃការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថលដើម្បីស្វែងរកកម្លាំងថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ការច្នៃប្រឌិតដែលផ្សាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទីបីត្រូវពិភាក្សាជាមួយប្រទេសសមាជិកអឺរ៉ុបឲ្យបានឆាប់ៗដើម្បីបញ្ចប់ដំណើរការផ្តល់សច្ចាប័នដាក់ឱ្យ EVIPA ដំណើរការក្នុងពេលឆាប់ៗខាងមុខ បង្កើតការលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ពីបណ្តាប្រទេស សហគមន៍អឺរ៉ុប។

ទីបួនបង្កើនការចូលរួម និងរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការកសាងនិងអនុវត្តច្បាប់អន្តរជាតិ និងបទដ្ឋានរួម ព្រមទាំងរួមចំណែកយ៉ាងច្រើនដល់ការបង្កើតរចនាសម្ព័ន្ធថ្មីនៅក្នុងតំបន់ និងពិភពលោកប្រកបដោយបុរេសកម្ម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung