អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Minh Khoi ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជន​វៀតណាមនៅបរទេសបានផ្តល់បទសំភាសមួយអំពីសកម្មភាពរបស់អាណិកជនវៀតណាមនៅក្រៅប្រទេស និងតួនាទី​របស់ស្ថានតំណាងវៀតណាមនៅឯបរទេសក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Minh Khoi 

 

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្រ្តីលើកឡើងនូវការរួមចំណែកដ៏សំខាន់របស់អាណិកជនវៀតណាមនៅឯបរទេសក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ?

លោកអនុរដ្ឋមន្រ្តី Dang Minh Khoi ៖ យើងអាចនិយាយបានថា ជំងឺ Covid-19 លើកនេះគឺជារោគរាតត្បាតជាសកល បានប៉ះពាល់យ៉ាងខ្លាំងនៅលើពិភពលោកនិងវៀតណាមដែរ។ 

ភ្លាមៗបន្ទាប់ពីវៀតណាមមានករណីឆ្លងមេរោគ Covid-19 ដំបូងនៅឃុំ Son Loi ខេត្ត  Vinh Phuc នោះ អាណិកជន​វៀតណាមនៅប្រទេសប៉ូឡូញ និងឆែក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងនោះអាណិកជន​ជាច្រើនបានមកដល់ឃុំ Son Loi ខេត្ត  Vinh Phuc ដើម្បីប្រគល់ម៉ាស់ជូនប្រជាជននៅទីនោះ។

យោងតាមការស្ថិតិបានឲ្យដឹងថា អាណិកជនវៀតណាមបានរួមវិភាគទានទឹកប្រាក់ជាង ៣៣ ពាន់លានដុង។ ក្នុងនោះ គ្រូបង្រៀនវៀតណាមម្នាក់នៅប្រទេសចិនដែលបានរួមវិភាគទានទឹកប្រាក់ចំនួន ១ ពាន់លានដុង។ ទន្ទឹមនឹងនោះអ្នកវិទ្យាសាស្ត្រ​វៀតណាមនៅប្រទេសជប៉ុនបានសហការជាមួយក្រុមហ៊ុននានានៅវៀតណាមផលិម៉ាស៊ីនជួយដកដង្ហើមចំនួន ២ គ្រឿង ហើយបញ្ជូនមកប្រទេសវៀតណាម។ ក្នុងខែមិថុនាខាងមុខនេះ គ្រោងនឹងបញ្ជូនម៉ាស៊ីនជួយដកដង្ហើមប្រមាណ ២.០០០ គ្រឿង ទៅកាន់បណ្ដាមន្ទីរពេទ្យរបស់វៀតណាមថែមទៀត.....។

អ្វីដែលរំភើបចិត្ដជាងនេះទៅទៀតនោះ គឺសមាគមវៀតណាមនៅក្រៅប្រទេសជាច្រើន ដូចជាប៉ូឡូញ រុស្ស៊ី អាល្លឺម៉ង់ និងអាមេរិកដែលបានកាត់ដេរម៉ាស់និងធ្វើម្ហូបដើម្បីផ្ញើទៅកាន់មន្ទីរពេទ្យនានាក្នុងប្រទេសសាមី។ ទន្ទឹមនឹងនោះ អាណិកជនវៀត​ណាមក៏បានរ៉ៃអង្គាសប្រាក់និងជួយគ្នាទៅវិញទៅមកដែរ។

បច្ចុប្បន្ននេះយើងមានអាណិកជនវៀតណាមនៅក្រៅប្រទេសជាង ៥ លាននាក់។ ក្រៅពីអ្នករស់នៅស្របច្បាប់និងមានការងារធ្វើប្រកបដោយស្ថិរភាព ក៏មានអ្នកជួបការលំបាកផងដែរ។ បច្ចុប្បន្នយើងខ្ញុំបានជួយអាណិកជនរបស់ខ្លួននៅប្រទេសកម្ពុជាឡាវ និងម៉ាឡេស៊ីដែលកំពុងជួបការលំបាក។  ក្នុងនោះរដ្ឋាភិបាលវៀតណាមកំពុងអនុវត្ដការបញ្ជូនពលរដ្ឋដែលកំពុងជួបការលំបាកត្រឡប់មកប្រទេសវិញ។ យើងខ្ញុំជឿជាក់ថា ទង្វើខាងលើនេះរបស់អាណិកជនវៀតណាមនៅឯបរទេសកំពុងកសាងរូបភាពថ្មីរបស់មនុស្សវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ។ ប្រទេសវៀតណាមមួយផ្លាស់ថ្មីនិងអភិវឌ្ឍន៍ ក្នុងស្មារតីសាមគ្គីភាពនិងប្រពៃណី ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាករបស់ប្រជាជនយើង។ ប្រហែលជាកម្រណាស់ដែលស្មារតីសាមគ្គីភាពរបស់​វៀតណាមត្រូវបានសារព័ត៌មានអន្ដរជាតិសរសើរយ៉ាងដូច្នេះ។

អ្នកយកព័ត៌មាន៖ នាពេលថ្មីៗនេះ ស្ថានតំណាងរបស់វៀតណាមនៅឯបរទេសក៏បានខិតខំអស់ពីសមត្ថភាពក្នុងកិច្ចការគាំរពារពលរដ្ឋ។  តើលោកអនុរដ្ឋមន្ដ្រី វាយតម្លៃដូចម្ដេចសម្រាប់សកម្មភាពទាំងនេះ ក៏ដូចជាតាមរយៈសកម្មភាពនេះបានបង្ហាញពីការទទួលខុសត្រូវសម្រាប់អាណិកជនវៀតណាមយ៉ាងដូចម្តេច?

លោកអនុរដ្ឋមន្ដ្រី Dang Minh Khoi៖  បន្ទាប់ពីមានករណីឆ្លងជម្ងឺ Covid-១៩ ដំបូងនៅលើពិភពលោកនោះ អាណិកជន​វៀតណាមជាច្រើនរស់នៅក្រៅប្រទេសមានបំណងចង់វិលត្រឡប់មកប្រទេសវិញ។ ដោយមានការដឹកនាំពីភ្នាក់ងារការទូតឲ្យមានការទាក់ទងនិងតភ្ជាប់ជាបន្ទាន់ជាមួយអាណិកជននោះ ស្ថានតំណាងវៀតណាមជាច្រើននៅក្រៅប្រទេសបានជូនព័ត៌មានយ៉ាងល្អដល់អាណិកជនវៀតណាមនៅក្រៅប្រទេសតាមរយៈបណ្តាញសង្គមដូចជាហ្វេសប៊ុកជាដើម។

ទោះបីជាស្ថានតំណាងរបស់វៀតណាមនៅតែស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺរាតត្បាតក៏ដោយ ក៏នៅតែធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយទ្រទ្រង់អាណិកជន ជាពិសេសអ្នកដែលកំពុងជាប់គាំងនៅអាកាសយានដ្ឋានក្នុងប្រទេសមួយចំនួនដូចជាថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងតំបន់អឺរ៉ុប។ នាពេលថ្មីៗនេះយើងខ្ញុំបានជួយអាណិកជនជាច្រើន ជាពិសេសការរៀបចំជើងហោះហើរដើម្បីដឹកពួកគេត្រឡប់មកប្រទេសវិញ។

លើសពីនេះ ស្ថានតំណាងវៀតណាមក៏បានបញ្ជូនសារក្នុងស្រុក ជាពិសេសសេចក្តីអំពាវនាវរបស់លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម និងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដល់អាណិកជន​វៀតណាម រួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនិងគោរពតាមការកំណត់របស់ប្រទេសសាមី។ 

យើងខ្ញុំក៏ធ្វើការជាមួយអង្គការនិងសមាគមប្រចាំនៅបារាំង អាល្លឺម៉ង់និងឆែកដើម្បីផ្តល់គ្រឿងឧបភោគបរិភោគចាំបាច់បន្ថែមទៀតសំរាប់ប្រជាជនដែលកំពុងជួបការលំបាក។  យើងជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្ដទុកដាក់ក្នុងស្រុក និងកម្មាភិបាលការទូតដែលកំពុងបំពេញការងារនេះនឹងរួមចំណែកកាត់បន្ថយការលំបាកសម្រាប់អាណិកជន។

អ្នកយកព័ត៌មាន៖ ទាក់ទងនឹងការបញ្ជូនពលរដ្ឋវៀតណាមត្រឡប់ប្រទេសវិញ តើក្រសួងការបរទេសវៀតណាមមានផែនការអ្វីខ្លះសម្រាប់សកម្មភាពនេះ?

លោកអនុរដ្ឋមន្ដ្រី Dang Minh Khoi ៖ គោលការណ៍របស់រដ្ឋាភិបាលវៀតណាម គឺបញ្ជូនពលរដ្ឋវៀតណាមពីបរទេសបន្តិចម្តងៗ ជាពិសេសគឺផ្ដល់អាទិភាពសម្រាប់ករណីមានការលំបាក ដូចជាមនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ក្មេងអាយុក្រោម ១៨ ឆ្នាំ ក៏ដូចជាអ្នកបំពេញការងាររយៈពេលខ្លីនិងអ្នកទេសចរជាប់គាំងនៅឯបរទេសផងដែរ។ ទាក់ទងនឹងបញ្ហានេះ យើងខ្ញុំកំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងនានានិងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់វៀតណាម។ យើងនឹងផ្អែកលើស្ថានភាពរបស់ពលរដ្ឋនិងស្ថានភាពនៃប្រទេសសាមី ក៏ដូចជាស្ថានភាពនិងសមត្ថភាពទទួលស្វាគមន៍ពលរដ្ឋរបស់វៀតណាមផងដែរ។

ភាពជោគជ័យដ៏ធំបំផុតរបស់យើងនៅក្នុងរោគរាតត្បាតនេះ គឺយើងបានបំពេញនូវសេចក្តីប្រាថ្នារបស់អាណិកជន ពោលគឺការបញ្ជូនអាណិកជនដែលកំពុងជួបការលំបាកនៅឯបរទេសត្រឡប់មកប្រទេសវិញ។  ទីពីរគឺយើងបានអនុវត្ដការដាក់ដាច់ដោយ​ឡែកពីគេយ៉ាងល្អ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ទីភ្នាក់ងារការទូតក្នុងនិងក្រៅប្រទេស។

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោកអនុរដ្ឋមន្រ្តី

បកប្រែដោយ Pham Diep