ក្នុងនាមជាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ វៀតណាមនិងទីម័រ-ឡេស្តេ មានទំនាក់ទំនងមិត្តភាពល្អជាយូរមកហើយ។ ត្រលប់ទៅសម័យកាលវិញ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់រណសិរ្សបដិវត្តន៍ឯករាជ្យ (Fretilin) នៅឆ្នាំ ១៩៧៥ ។ នៅឆ្នាំ ២០០២ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីត្រូវបានរក្សាយ៉ាងសកម្មដោយប្រទេសទាំងពីរ។ គួរកត់សម្គាល់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទីម័រ-ឡេស្តេ បានមកបំពេញទស្សនកិច្ចនៅវៀតណាមចំនួនបីដង រួមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Kay Rala Xanana Gusmão ក្នុងឆ្នាំ ២០០៥ ប្រធានាធិបតី José Ramos-Horta ក្នុងឆ្នាំ ២០១០ និងនាយករដ្ឋមន្ត្រី Kay Rala Xanana Gusmão ក្នុងឆ្នាំ ២០១៣។ ទីម័រ-ឡេស្តេ បានបើកជាផ្លូវការស្ថានទូតរបស់ខ្លួននៅទីក្រុងហាណូយក្នុងឆ្នាំ ២០១២ ខណៈពេលដែលស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ទទួលបន្ទុកបន្ថែមនៅទីម័រ-ឡេស្តេ។ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្នុងឱកាសចូលរួមរាល់កិច្ចប្រជុំអាស៊ាន ថ្នាក់ដឹកនាំទីម័រ-ឡេស្តេ តែងតែសម្តែងការកោតសរសើរចំពោះបុព្វហេតុបដិវត្តន៍របស់វៀតណាម ក៏ដូចជាដំណើរការកសាង និងអភិវឌ្ឍប្រទេស ដោយចាត់ទុកវៀតណាមជាគំរូនៃការអភិវឌ្ឍ។

leftcenterrightdel
 លោក Jose Ramos-Horta ប្រធានាធិបតី ទីម័រ-ឡេស្តេ មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

ខណៈពេលដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងទីម័រ-ឡេស្តេ នៅតែស្ថិតក្នុងកម្រិតតិចតួចនៅឡើយ ប៉ុន្តែគេមិនអាចបដិសេធបានទេថា គម្រោងវិនិយោគផ្តល់សេវាកម្មទូរគមនាគមន៍នៅទីម័រ-ឡេស្តេ ត្រូវបានគេហៅថា Telemor នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) គឺជាឧទាហរណ៍ដ៏ជោគជ័យមួយ។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាង ១០ ឆ្នាំ ក្រុមហ៊ុន Telemor មិនត្រឹមតែបានរួមចំណែកក្នុងការផ្លាស់ប្តូរយ៉ាងសំខាន់នូវខឿនទូរគមនាគមន៍ ទីម័រ-ឡេស្តេ និងក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ដ៏ល្អបំផុតនៅទីនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមក្នុងកម្មវិធីសង្គមជាច្រើនដូចជា ការបរិច្ឆាកឈាមមនុស្សធម៌ ការការពារបរិស្ថាន... សមិទ្ធផល និងការរួមចំណែករបស់ Telemor ត្រូវបានទទួលស្គាល់ និងផ្តល់ប័ណ្ណសរសើរដោយរដ្ឋាភិបាលទីម័រ-ឡេស្តេ។

វៀតណាម និងទីម័រ-ឡេស្តេ ក៏មានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា កសិកម្ម ប្រេង និងឧស្ម័ន ជលផល សំណង់ហេដ្ឋារចនាសម្ព័ន្ធ វាយនភណ្ឌ និងកាត់ដេរ ទំនិញប្រើប្រាស់ ការអប់រំ វប្បធម៌ និងទេសចរណ៍ ការផ្លាស់ប្តូរជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន...

ដោយផ្តើមចេញពីប្រពៃណីនៃទំនាក់ទំនងមិត្តភាពល្អ វៀតណាម និងទីម័រ-ឡេស្តេ តែងតែសម្របសម្រួលគ្នាអំពីជំហរនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ។ ក្នុងបរិបទដែលទីម័រ-ឡេស្តេ កំពុងស្ថិតក្នុងដំណើរការចូលជាសមាជិកអាស៊ាន ដើម្បីពង្រីកបន្ថែមនូវឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាមួយប្រទេសសមាជិកនានាក្នុងសហគមន៍តំបន់នោះ វៀតណាមតែងតែផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ដើម្បីឲ្យ ទីម័រ-ឡេស្តេ ឆាប់ក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន។

គោលនយោបាយជាប់លាប់របស់វៀតណាម គឺតែងតែផ្តល់តម្លៃលើទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងទីម័រខាងកើតផងដែរ។ ដូច្នេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី José Ramos-Horta គឺជាឱកាសមួយសម្រាប់វៀតណាម និងទីម័រ-ឡេស្តេ ផ្លាស់ប្តូរវិធានការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រសិទ្ធភាពបន្ថែមទៀតលើវិស័យផ្សេងៗ ហើយទន្ទឹមនឹងនោះ ជំរុញវិស័យសហប្រតិបត្តិការប្រកបដោយសក្តានុពល ស្របតាមផលប្រយោជន៍របស់ភាគីទាំងពីរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានសកម្ម ម្ចាស់ការ និងមានទំនួលខុសត្រូវជាមួយទំនាក់ទំនងការទូតរឹងមាំ វៀតណាមអាចគាំទ្រទីម័រ-ឡេស្តេ ប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការចូលជាសមាជិកអាស៊ាន។ ដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែជាឱកាសដើម្បីធ្វើឲ្យទំនាក់ទំនងវៀតណាម-ទីម័រ-ឡេស្តេ កាន់តែស៊ីជម្រៅ ដែលត្រូវបានពូនជ្រំនាពេលកន្លងមកប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រទេសទាំងពីរបង្ហាញការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាលើកម្រិតពហុភាគី៕

បកប្រែដោយ Minh Trung