ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Nguyen Phu Trong អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបពិភាក្សាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក និងគណៈប្រតិភូជាន់ខ្ពស់អាមេរិក។

leftcenterrightdel
ទិដ្ឋភាពកិច្ចពិភាក្សារវាងគណៈប្រតិភូទាំងពីរ

ក្នុងជំនួបលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពដៃគូលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស វាជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ លោក Nguyen Phu Trong បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ល្អៗនៃការផ្លាស់ប្តូរដោយស្មោះស្ម័គ្រជាមួយលោក Joe Biden នៅពេលលោកអគ្គលេខាបក្សទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែកក្កដា ឆ្នាំ ២០១៥។

លោកអគ្គលេខាបក្ស បានពិភាក្សាអំពីសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរដ៏ទូលំទូលាយ ដើម្បីសម្រេចបាននូវគោលដៅ “ប្រជាជនសម្បូរធូធា ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌” ក្នុងទិសដៅផ្សេងៗគឺការអភិវឌ្ឍសេដ្ឋកិច្ច ការសម្រេចបាននូវវឌ្ឍនភាពនៃសង្គម យុត្តិធម៌ ការកសាងនីតិរដ្ឋសង្គមនិយម និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។

លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Joe Biden ប្រធានាធិបតី និងការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាសាកល ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច បញ្ហាប្រឈមធំៗកើតឡើងដូចជា៖ សុខភាព ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងជាដើម។

លោក Nguyen Phu Trong អគ្គលេខាបក្ស បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយការបរទេសជាប់លាប់របស់វៀតណាមគឺឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងបរទេស ការធ្វើសមាហរណកម្មយ៉ាងសកម្ម និងទូលំទូលាយ និងស៊ីជម្រៅ, វៀតណាមជាមិត្តជាដៃគូដែលគួរឱ្យទុកចិត្តនិងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមអនុវត្តគោលនយោបាយការពារជាតិ “បួនមិន”។ ហើយចំពោះស្ថានការណ៍ស្មុគស្មាញ និងជម្លោះអន្តរជាតិ វៀតណាមចង់ឱ្យភាគីទាំងអស់ជួបសន្ទនា និងដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

leftcenterrightdel
គណៈប្រតិភូភាគីវៀតណាមចូលរួមកិច្ចពិភាក្សា

វៀតណាមវាយតំលៃខ្ពស់ចំពោះគោលជំហររបស់អាមេរិក ដែលគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត និងស្នើថាអាមេរិកបន្តគាំទ្រ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងធានាសេរីភាពនាវាចរណ៍ និងការហោះហើរ និងផលប្រយោជន៍សមហេតុសមផល និងស្របច្បាប់របស់ប្រទេសនៅសមុទ្រខាងកើត ដោយមិនប្រើប្រាស់ ឬ គម្រាមកំហែងប្រើកម្លាំង កុំមានសកម្មភាពដែលផ្ទុយនឹងច្បាប់អន្តរជាតិដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ដោះស្រាយជម្លោះដោយសន្តិវិធី អនុវត្ត DOC ហើយឆាប់ៗនេះចុះហត្ថលេខាលើ COC ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ឈរលើមូលដ្ឋានសំខាន់ៗខាងលើ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបទថ្មី វៀតណាមស្វាគមន៍ចំពោះការបង្កើតទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងកម្រិតថ្មីមួយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Nguyen Phu Trong អគ្គលេខាបក្ស និងលោក Joe Biden ប្រធានាធិបតី បានឯកភាពថា ការពិតនាពេលកន្លងមកបានឆ្លុះបង្ហាញថា កត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក គឺការគោរពពេញលេញចំពោះគោលការណ៍តម្រង់ទិសជាមូលដ្ឋានសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្ថាប័ននយោបាយ ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី នៃគ្នាទៅវិញទៅមក។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការយោគយល់គ្នាទៅវិញទៅមក ការយល់ដឹងពីស្ថានភាពរបស់គ្នាទៅវិញទៅមក ការគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាតែងតែមានសារៈសំខាន់។ បាវចនាជាក់លាក់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិកគឺ “ទុកអតីតកាលមួយអន្លើ ជំនះភាពខុសគ្នា លើកកំពស់ភាពស្រដៀងគ្នា សម្លឹងឆ្ពោះទៅអនាគត”។ វៀតណាមវាយតម្លៃខ្ពស់ ចំពោះការអះអាងរបស់អាមេរិក គឺគាំទ្រវៀតណាម “រឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព”។

លោកអគ្គលេខាបក្ស បានវាយតំលៃខ្ពស់ចំពោះខ្លឹមសារដែលបានឯកភាពរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរលើសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ តាមនោះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងវៀតណាម-អាមេរិក។ ក្នុងនោះរួមបញ្ចូលទាំងការបន្តពង្រឹងការយោគយល់គ្នាទៅវិញទៅមក ការអនុវត្តគោលការណ៍ណែនាំ ការបង្កើតស្ថិរភាពរយៈពេលវែង កិច្ចប្រជុំកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការរវាងរាល់ស្ថាប័នគ្រប់កម្រិត និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោកអគ្គលេខាបក្ស វាយតំលៃខ្ពស់ចំពោះការជំរុញដ៏ខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងកំណើនសេដ្ឋកិច្ចគ្របដណ្តប់ក្នុងទិសដៅនៃការផ្លាស់ថ្មីប្រកបដោយភាពច្នៃប្រឌិត ដែលនៅតែបន្តជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូភាគីសហរដ្ឋអាមេរិកចូលរួមកិច្ចពិភាក្សា

លោក Joe Biden ប្រធានាធិបតីបានសម្តែងនូវ សេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម និងជួបជាមួយលោក Nguyen Phu Trong អគ្គលេខាបក្ស ម្តងទៀត។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រមិនត្រឹមតែសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។ ជាមួយគ្នានេះ លោកបានលើកឡើងពីគោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រតំបន់បើកចំហ ស្ថិរភាព សុវត្ថិភាព ទំនាក់ទំនងគ្នាទៅវិញទៅមក និងវិបុលភាព។

លោក Joe Biden បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មរបស់វៀតណាមលើបញ្ហាជាច្រើនក្នុងតំបន់ និងពិភពលោក រួមទាំងបញ្ហាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោកប្រធានាធិបតី បានអះអាងនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាន និងបំណងចង់សហការជាមួយវៀតណាម ដើម្បីរួមចំណែកដល់សាមគ្គីភាព និងវិបុលភាពរបស់អាស៊ាន។ លោក Joe Biden ប្រធានាធិបតីបានសង្កត់ធ្ងន់ថា សមុទ្រខាងកើតមានតួនាទីដ៏សំខាន់ចំពោះវិបុលភាព និងស្ថិរភាពអន្តរជាតិ ព្រមទាំងបញ្ជាក់ឡើងវិញនូវគោលជំហររបស់អាមេរិកលើសមុទ្រខាងកើត។ លោកប្រធានាធិបតី ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះគោលដៅនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។

លោក Joe Biden បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការអភិវឌ្ឍ ការរួមចំណែកក្នុងការងារអន្តរជាតិ និងការរួមចំណែក និងតួនាទីដឹកនាំរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។ លោក Joe Biden ប្រធានាធិបតីបានសម្តែងការគាំទ្រចំពោះការអភិវឌ្ឍរបស់វៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្នុងសម័យកាលថ្មី ការអភិវឌ្ឍឧស្សាហកម្មអេឡិចត្រូនិក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត។ លោកប្រធានាធិបតី បានកោតសរសើរចំពោះប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងផលប្រយោជន៍អន្តរជាតិរួម។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព សមភាព ការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក ការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងទទួលបានលទ្ធផលល្អ។ លទ្ធផលសំខាន់ៗនៃកិច្ចពិភាក្សា និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Joe Biden នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា លោក Nguyen Phu Trong អគ្គលេខាបក្ស និងលោក Joe Biden ប្រធានាធិបតី បានជួបជាមួយសារព័ត៌មានវៀតណាម អាមេរិក និងអន្តរជាតិ៕

បកប្រែដោយ Minh Trung