ថ្នាក់ដឹកនាំប្រទេសនានាផ្ញើសារលិខិតអបអរសាទរចំពោះលោក Vo Van Thuong ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម
កប.អនឡាញ - ក្នុងឱកាសដែលលោក Vo Van Thuong ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានផ្ញើសារលិខិតអបអរសាទរ។
ក្នុងសារលិខិតអបអរសាទរ លោក Thongloun Sisoulith ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសង្កត់ធ្ងន់ថា ការដែលលោក Vo Van Thuong ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺបង្ហាញពីការជឿទុកចិត្តយ៉ាងមុតមាំរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះលោក Vo Van Thuong។ លោក Thongloun Sisoulith បានបញ្ជាក់ថា ខ្លួនលោកនឹងប្តេជ្ញាចិត្តសហការជានិច្ចដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងនាមសមមិត្ត និងបងប្អូនរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលទំនាក់ទំនងនេះត្រូវបានបង្កើតឡើង និងទទួលបានការថែរក្សាពូនជ្រំដោយលោកប្រធាន ហូជីមិញ និងលោកប្រធាន Kaysone និងលោកប្រធាន Souphanouvong រួមនិងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។
    |
 |
លោក Vo Van Thuong ធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានរដ្ឋ (រូបថត៖ vnanet.vn) |
លោក Thongloun Sisoulith ក៏បានបង្ហាញការជឿជាក់ដែរថា ជាមួយនិងសមត្ថភាព និងបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន លោក Vo Van Thuong នឹងចូលរួមជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម ដើម្បីដឹកនាំប្រទេសឱ្យបន្តដំណើរទៅមុខដោយឥតឈប់ឈរ ឆ្ពោះទៅរកគោលដៅគឺ "ប្រជាជនមានសម្បូរធូរធារ ប្រទេសខ្លាំងក្លា ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ ទន្ទឹមនឹងនោះ លោកសូមជូនពរឱ្យទំនាក់ទំនងឡាវ-វៀតណាម ស្រស់បំព្រង និងស្ថិតស្ថិរជានិរន្តរភាព។
សារអបអរសាទររបស់លោក Xi Jinping ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានសង្កត់ធ្ងន់ថា ចិន និងវៀតណាម គឺជាអ្នកជិតខាងមិត្តភាព និងជាសង្គមនិយមពីរ ដែលមានភ្នំ និងទន្លេជាប់ៗគ្នា។
ក្នុងឆ្នាំទៅ លោក Xi Jinping ប្រធានរដ្ឋ និងលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានឯកភាពគ្នាយ៉ាងសំខាន់លើការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ការអភិវឌ្ឍ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ចិន-វៀតណាម ក្នុងយុគសម័យថ្មី។
លោក Xi Jinping បានសម្តែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-វៀតណាម ហើយមានឆន្ទៈខិតខំប្រឹងប្រែងជាមួយលោក Vo Van Thuong ប្រធានរដ្ឋវៀតណាមដើម្បីជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងភាពសុខសាន្តត្រាន។ លោក Xi Jinping ក៏បានជូនពរឱ្យវៀតណាមទទួលបានវិបុលភាព ប្រជាជនមានសុភមង្គល និងជូនពរឱ្យប្រធានរដ្ឋវៀតណាមសម្រេចបានសមិទ្ធផលធំៗក្នុងមុខតំណែងថ្មីរបស់ខ្លួនផងដែរ។
ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនពរដល់លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ក្នុងឱកាសដែលលោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទន្ទឹមនឹងនោះ ព្រះមហាក្សត្រមានជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ប្រទេសវៀតណាមនឹងបន្តទទួលបានសមិទ្ធផលធំៗជាច្រើន អភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់ និងលើពិភពលោក ហើយទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែជិតស្និទ្ធ បន្តរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបន្ថែមទៀត។
នៅក្នុងលិខិតអបអរសាទរ លោក Miguel Diaz-Canel Bermudez ប្រធានរដ្ឋគុយបា បានជូនពរលោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ឱ្យទទួលបានជោគជ័យ និងអ្វីៗល្អបំផុតគ្រប់យ៉ាងក្នុងមុខតំណែងថ្មីដ៏សំខាន់នេះ។ លោកជឿជាក់យ៉ាងមុតមាំថា ប្រទេសទាំងពីរគុយបា និងវៀតណាម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងទំនាក់ទំនងគំរូរវាងបក្សទាំងពីរ រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរដោយផ្អែកលើការជឿទុកចិត្តគ្នាខាងនយោបាយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរបទពិសោធន៍របស់គ្នាទៅវិញទៅមកជាប្រចាំ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសង្គមនិយម។
លោក Miguel Diaz-Canel Bermudez បានអះអាងជាថ្មីនូវឆន្ទៈដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការបន្តការខិតខំប្រឹងប្រែងដើម្បីរក្សាទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាពជាបងប្អូនរវាងវៀតណាម និងគុយបា៕
បកប្រែដោយ Minh Trung