ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការជំរុញកំណែទម្រង់រដ្ឋបាល វៀតណាមបានធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស​ជាតិ ជំរុញ និងកៀងគរប្រភពធនធានជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ បន្ទាប់ពីសន្ទុះនេះ ក្នុងឆ្នាំនេះ រដ្ឋាភិបាលបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាយកចិត្តទុកដាក់លើការជំរុញកំណែទម្រង់រដ្ឋបាល ដោយភ្ជាប់ជាមួយនវានុវត្តន៍ ការធ្វើ​បរិវត្តកម្ម​ឌីជីថល និងការលើកកម្ពស់ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

នៅឆ្នាំ ២០២២ និងខែដំបូងនៃឆ្នាំនេះកំណែទម្រង់រដ្ឋបាលបានរួមចំណែកជាវិជ្ជមានដល់ជោគជ័យជារួមរបស់ប្រទេស។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការកំណែទម្រង់រដ្ឋបាលនៅឆ្នាំនេះនឹងរួមចំណែកដល់ការជំរុញផលិតកម្ម និងធុរកិច្ច ព្រមទាំងជំរុញការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាល សម្រាប់កំណែទម្រង់រដ្ឋបាល (រូបថត៖ VGP/Nhat Bac)

ចំណុចភ្លឺក្នុងកំណែទម្រង់រដ្ឋបាលឆ្នាំ ២០២២

របាយការណ៍បូកសរុបស្តីពីកំណែទម្រង់រដ្ឋបាលឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលនាថ្ងៃទី៣ ខែកុម្ភៈ នៅទីក្រុងហាណូយ បង្ហាញថា ឆ្នាំ ២០២២ កំណែទម្រង់បែបបទរដ្ឋបាលនឹងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគធុរកិច្ចត្រូវបានលើកកម្ពស់ បម្រើប្រជាជន និងអាជីវកម្មកាន់តែប្រសើរឡើង។  វៀតណាមបានកាត់បន្ថយ និងសម្រួលបទប្បញ្ញត្តិអាជីវកម្មជាង ១,០០០ ។ ប្រទេសទាំងមូលបានបង្កើតផ្នែកច្រកចេញចូលតែមួយនៅគ្រប់កម្រិតទាំងអស់ចំនួន ១១,៧០០ កន្លែង ដើម្បីទទួល និងដោះស្រាយនីតិវិធីរដ្ឋបាល ក្នុងនោះមាន ៥៦/៦៣ មូលដ្ឋានត្រូវបានរៀបចំតាមគំរូនៃមជ្ឈមណ្ឌល សេវាកម្មរដ្ឋបាលសាធារណៈខេត្ត។ ចំនួន ១០០% នៃក្រសួង សាខា និងមូលដ្ឋាន បានបង្កើត និងដាក់ឱ្យដំណើរការនូវផតថលនៃសេវាសាធារណៈ និងប្រព័ន្ធព័ត៌មានច្រកតែមួយអេឡិចត្រូនិកនៅថ្នាក់ក្រសួង និងខេត្ត។ ជាមូលដ្ឋានបញ្ចប់ការដាក់រួមបញ្ចូល ដោយផ្តល់សេវាសាធារណៈសំខាន់ៗ ២៥/២៥  ដល់វិបផតថលសេវាសាធារណៈជាតិ។

លទ្ធផលនៃកំណែទម្រង់រដ្ឋបាលបានបង្កើតនូវមូលដ្ឋានមួយ ជំរុញការអភិវឌ្ឍស៊ីសង្វាក់គ្នាលើវិស័យជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រកួតប្រជែងថ្នាក់ជាតិ ក្នុងបរិបទនៃឥទ្ធិពលដ៏ខ្លាំងក្លានៃបដិវត្តន៍ឧស្សាហកម្មទីបួន និងនិន្នាការនៃសកលភាវូបនីយកម្ម។ ជាពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានមានការច្នៃប្រឌិតខ្លាំង និងស៊ីសង្វាក់គ្នាក្នុងការរៀបចំយន្តការគ្រប់គ្រង យន្តការប្រតិបត្តិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លើកកំពស់តួនាទី និងប្រសិទ្ធភាពរបស់អង្គការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗក្នុងការអនុវត្តភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ ដោយហេតុនេះបង្កើនសន្ទស្សន៍នវានុវត្តន៍សកលរបស់វៀតណាមបើធៀបនឹងប្រទេសដទៃទៀតលើពិភពលោក។ នៅក្នុងរបាយការណ៍នៃសន្ទស្សន៍នវានុវត្តន៍ (GII) ឆ្នាំ ២០២២  ដែលប្រកាសដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកក្នុងខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) សន្ទស្សន៍សសរស្តម្ភរបស់ស្ថាប័នមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ កើនឡើង ៣២ កាំ ពីលេខ ៨៣ ក្នុងឆ្នាំ ២០២១ ដល់លេខ ៥១ ក្នុងឆ្នាំ ២០២២ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចសរុប ១៣២។

ឆ្នាំ ២០២៣៖ ជាឆ្នាំនៃទិន្នន័យឌីជីថល បង្កើត និងទាញយកទិន្នន័យដើម្បីបង្កើតតម្លៃថ្មី

ឆ្នាំនេះរដ្ឋាភិបាលកំណត់ថាជាឆ្នាំនៃទិន្នន័យឌីជីថល ការបង្កើត និងទាញយកទិន្នន័យដើម្បីបង្កើតតម្លៃថ្មី។ តាមនោះ វៀតណាមត្រូវកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ដើម្បីបម្រើប្រជាជន និងអាជីវកម្មឱ្យកាន់តែប្រសើរឡើង កសាងសេដ្ឋកិច្ចទីផ្សារឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ផ្សារភ្ជាប់ជាមួយនឹងភាពវិជ្ជមាន ភាពសកម្ម រដ្ឋាភិបាលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋាន បង្កើតមូលដ្ឋានទិន្នន័យរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់ខ្លួន។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា៖  “ជំរុញកំណែទម្រង់រដ្ឋបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្ម កាត់បន្ថយការខិតខំប្រឹងប្រែង និងពេលវេលារបស់មន្ត្រីរដ្ឋការ និងបុគ្គលិកសាធារណៈក្នុងដំណើរការបំពេញភារកិច្ច រួមចំណែកទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន កាត់បន្ថយថ្លៃដើមសម្រាប់ផលិតកម្ម និងអាជីវកម្ម ធ្វើឱ្យបរិស្ថានប្រព័ន្ធអេកូឡូស៊ីរដ្ឋបាលស្អាត និងមានសុខភាពល្អ។ អត្ថន័យទាំង ៥ មានសារៈសំខាន់ណាស់ ដែលយើងត្រូវបន្តធ្វើ”។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់យកចិត្តទុកដាក់លើការជំរុញកំណែទម្រង់រដ្ឋបាលដោយភ្ជាប់ជាមួយនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល កែលម្អបរិយាកាសវិនិយោគធុរកិច្ច លើកកំពស់ការប្រកួតប្រជែងថ្នាក់ជាតិ ផ្តោតលើការកែទម្រង់ស្ថាប័ន លើកកំពស់គុណភាពសេវាសាធារណៈតាមអ៊ីនធឺណិត។

ក្រសួងនគរបាលត្រូវតែសម្របសម្រួលជាមួយទីស្តីការរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីធ្វើសមាហរណកម្ម និងចែករំលែកទិន្នន័យរវាងមូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជន និងវិបផតថលសេវាសាធារណៈជាតិ ប្រព័ន្ធព័ត៌មាន ដើម្បីដោះស្រាយបញ្ហានីតិវិធីរដ្ឋបាលនៅថ្នាក់ក្រសួង និង ថ្នាក់ខេត្ត គួរតែបញ្ចប់នៅត្រីមាសទីមួយនៃឆ្នាំនេះ។

លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រសួងព័ត៌មាន និងទំនាក់ទំនងជំរុញឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តការងារ និងដំណោះស្រាយសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍ រដ្ឋាភិបាលអេឡិចត្រូនិក…។

គោលបំណងសំខាន់នៃកំណែទម្រង់រដ្ឋបាលគឺដើម្បីកសាងនូវខឿនរដ្ឋបាលបែបប្រជាធិបតេយ្យទំនើប ប្រកបដោយសមត្ថភាព ដែលប្រើប្រាស់អំណាចបានត្រឹមត្រូវ ដើម្បីគ្រប់គ្រងកិច្ចការរដ្ឋប្រកបដោយប្រសិទ្ធភាព ជាគន្លឹះដ៏មានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច។ ការអនុវត្តល្អនៃកំណែទម្រង់រដ្ឋបាលក៏នឹងរួមចំណែកដល់ការកសាងនីតិរដ្ឋសង្គមនិយមប្រកបដោយជោគជ័យផងដែរ៕

បកប្រែដោយ Minh Trung