អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីវាយតំលៃយ៉ាងណាអំពី "ឆ្នាំមិត្តភាព និងសាមគ្គីភាព វៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ ២០២២"?

លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស៖ ឆ្នាំ ២០២២ មានអត្ថន័យពិសេសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងពិសេសវៀតណាម និងឡាវ រំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (៥ កញ្ញា ១៩៦២ / ៥ កញ្ញា ឆ្នាំ ២០២២)។ ) និង ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ (១៨ កក្កដា ១៩៧៧ / ១៨ កក្កដា ២០២២)។ នៅដើមឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីឡាវ បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយរួមជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមធ្វើជាអធិបតីក្នុងពិធីបើក "ឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម-ឡាវ និងឡាវ-វៀតណាមឆ្នាំ ២០២២"។ ភ្លាមៗនោះ ភាគីទាំងពីរបានសម្របសម្រួលដោយជោគជ័យ ដើម្បីរៀបចំសកម្មភាពរំលឹកដ៏សម្បូរបែប និងរស់រវើកពេញឆ្នាំ២០២២។

ជាពិសេសចំណុចលេចធ្លោនៃឆ្នាំសាមគ្គីភាព និងមិត្តភាព គឺជាពិធីរំលឹកខួបដ៏ឧឡារិក ដែលធ្វើឡើងនៅរដ្ឋធានីនៃប្រទេសនីមួយៗ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ជាមួយការដែល អគ្គលេខាបក្សនៃប្រទេសទាំងពីរបានថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ និងស៊ីជម្រៅអំពីទំនាក់ទំនងពិសេសជាប្រពៃណីរវាងប្រទេសទាំងពីរ បក្ស រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ រាល់សកម្មភាពដ៏សម្បូរបែប និងពោរពេញទៅដោយអត្ថន័យដែលបានរៀបរាប់ខាងលើ រួមចំណែកផ្សព្វផ្សាយទូលំទូលាយ និងជួយប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានយល់ជ្រាបកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រជាជនទាំងពីរ ជាពិសេសគឺដំណើរ៦០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត រួមគ្នាជម្នះការលំបាក និងចែករំលែកភាពផ្អែមល្ហែម ការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីគ្នាទៅវិញទៅមក រួមដៃគ្នាពូនជ្រំសាមគ្គីភាពពិសេសនៃភាគីទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នៅប្រទេសឡាវលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចូលរួមពិធីបិទឆ្នាំសាមគ្គីភាព និងមិត្តភាពឆ្នាំ ២០២២ ដោយមានការចូលរួមពីប្រតិភូចំនួន ២០០ នាក់ រួមទាំងថ្នាក់ដឹកនាំ តំណាងកម្មាភិបាលឡាវ។ ជោគជ័យនៃ "ឆ្នាំមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២" គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរឱ្យបន្តរីកចម្រើនកាន់តែខ្លាំងនៅឆ្នាំ២០២៣ និងឆ្នាំខាងមុខ។

leftcenterrightdel
ចម្រៀងមិត្តភាពវៀតណាម-ឡាវ លើកទី៤

អ្នកយកព័ត៌មាន៖ តើដំណើរទស្សនកិច្ចផ្លូវការនៅឡាវរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សម្រេចបានលទ្ធផលយ៉ាងណា?

លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស៖  ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៅប្រទេសឡាវ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់មហាសន្និបាតលើកទី១៣ របស់បក្ស យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង និងអាស៊ាន ក្នុងនោះផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងពិសេសជាមួយឡាវ។ ដំណើរទស្សនកិច្ចសម្រេចបានលទ្ធផលយ៉ាងទូលំទូលាយ សំខាន់ និងជាក់លាក់ ដែលបានឆ្លុះបញ្ចាំងក្នុង៥ចំណុចដូចខាងក្រោម៖

ទីមួយ ដំណើរទស្សនកិច្ចបានបិទបញ្ចប់ដោយជោគជ័យ “ឆ្នាំនៃចំណងសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២”។ រាល់សកម្មភាព និងខ្លឹមសារនៃដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងការពង្រឹង និងអភិវឌ្ឍជានិច្ចនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ទីពីរ ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺពិធីបិទ “ឆ្នាំមិត្តភាពវៀតណាម-ឡាវ និងឡាវ-វៀតណាម ឆ្នាំ២០២២” ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងតំណាងប្រជាជនឡាវគ្រប់ស្រទាប់។ នេះជាព្រឹត្តិការណ៍សំខាន់ បូកសរុបឆ្នាំជោគជ័យនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

ទីបី៖ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពលើទិសដៅ និងវិធានការជាក់លាក់ជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ដោយជួយឱ្យសម្រេចបាននូវទិសដៅ និងកិច្ចព្រមព្រៀងសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ។ តាមនោះ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនងនយោបាយជិតស្និទ្ធ និងគួរឱ្យទុកចិត្តរវាងបក្ស និងប្រទេសទាំងពីរ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗនៃវិស័យការពារជាតិ និងសន្តិសុខ។ ប្តេជ្ញាបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយផ្តោតលើការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត។

ទីបួន៖ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ប្រសិទ្ធភាពនៃគម្រោងសហប្រតិបត្តិការទ្វេភាគីដែលបានអនុវត្តប្រកបដោយជោគជ័យក្នុងឆ្នាំ២០២២; រួមគ្នាលើកឡើងវិធានការជាក់លាក់ដើម្បីលុបបំបាត់ឧបសគ្គ ពន្លឿនការអនុវត្តគម្រោងសំខាន់ៗផ្សេងទៀត ដើម្បីបង្កើតកម្លាំងចលករថ្មីជួយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។

ទីប្រាំ៖ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងសម្របសម្រួលរក្សាជំហររួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រប្រទេសឡាវ ឱ្យទទួលជោគជ័យក្នុងការទទួលភារកិច្ចអន្តរជាតិនាពេលខាងមុខ រួមទាំងតួនាទីជាប្រធានអាស៊ាន-AIPA ក្នុងឆ្នាំ ២០២៤។

ជាមួយនឹងលទ្ធផលខាងលើ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីលើកនេះគឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពិសេស ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

អ្នកយកព័ត៌មាន៖ អរគុណច្រើនលោករដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung