នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូងរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមក្នុងតំណែងថ្មីរបស់ខ្លួន និងជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមទៅកាន់កូរ៉េខាងត្បូងចាប់តាំងពីប្រទេសនេះមានប្រធានាធិបតីថ្មី។

វៀតណាម និងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២។ កាលពីខែសីហា ឆ្នាំ ២០០១ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅសតវត្សរ៍ទី ២១; នៅខែតុលា ឆ្នាំ២០០៩ ទំនាក់ទំនង វៀតណាម-កូរ៉េខាងត្បូង ត្រូវបានតម្លើងទៅជាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ។ នាបច្ចុប្បន្ន ស្ថាប័ននានារបស់វៀតណាម និងកូរ៉េខាងត្បូងកំពុងសម្របសម្រួលយ៉ាងសកម្មដើម្បីអនុវត្តសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្រឡេកមើលទៅរយៈពេល ៣ ទស្សវត្សរ៍កន្លងមក យើងនឹងឃើញការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនង វៀតណាម-កូរ៉េខាងត្បូង ជាមួយនឹងសមិទ្ធផលសំខាន់ៗ និងប្រសិទ្ធភាពជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំទ្វេភាគីទាំងតាមប្រព័ន្ធវីដេអូ និងតាមទម្រង់ចូលរួមផ្ទាល់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានបន្តរក្សា។ បន្ទាប់ពីលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងឡើងកាន់អំណាច ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានមានកិច្ចសន្ទនាតាមទូរស័ព្ទសំខាន់ៗដែលក្នុងនោះ លោក Nguyen Phu Trong អគ្គលេខាបក្ស បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Yoon Suk-yeol ប្រធានាធិបតី និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Han Duck-soo នាយករដ្ឋមន្ត្រី។ ភាគីទាំងពីរក៏កំពុងរក្សានូវយន្តការដូចជា៖ កិច្ចសន្ទនាយុទ្ធសាស្ត្រការបរទេស-សន្តិសុខ-ការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រី កិច្ចសន្ទនាសន្តិសុខវៀតណាម-កូរ៉េខាងត្បូងថ្នាក់អនុរដ្ឋមន្ត្រី និងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងថ្នាក់អនុរដ្ឋមន្ត្រី។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងតែងតែអះអាងថា កូរ៉េខាងត្បូងចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។

សញ្ញាសម្គាល់និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរក៏មានវត្តមានក្នុងជីវភាពសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋានជាច្រើនរបស់វៀតណាមផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ កូរ៉េខាងត្បូងនៅរក្សាចំណាត់ថ្នាក់លេខ១ ស្តីពីការវិនិយោគផ្ទាល់ (FDI) នៅវៀតណាម។ អំពីជំនួយអភិវឌ្ឍន៍ (ODA) កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសដែលផ្តល់ ODA ដល់វៀតណាម។  ចំពោះវិស័យពាណិជ្ជកម្ម កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម។  មកទល់បច្ចុប្បន្ននេះ វិនិយោគិនកូរ៉េខាងត្បូងមានវត្តមាននៅមូលដ្ឋានចំនួន ៥៩ របស់វៀតណាម។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីវៀតណាម - កូរ៉េខាងត្បូង (VKFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ប្រទេសទាំងពីរកំពុងបន្តរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីដូចជា៖ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស វៀតណាម-កូរ៉េខាងត្បូង គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ ថាមពល និងឧស្សាហកម្ម; កិច្ចសន្ទនាស្តីពីសេដ្ឋកិច្ចថ្នាក់ឧបនាយករដ្ឋមន្ត្រីវៀតណាម-កូរ៉េខាងត្បូង។

ក្រៅពីនោះ វៀតណាម និងកូរ៉េខាងត្បូងបានសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យជាច្រើនទៀតដូចជា៖ ពលកម្ម ទេសចរណ៍ យុត្តិធម៌ ការអប់រំ កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។ ភាគីទាំងពីរក៏រៀបចំជាប្រចាំនូវសកម្មភាពផ្លាស់ប្តូរមិត្តភាពនៅក្នុងប្រទេសនិមួយៗ រួមចំណែកបង្កើនការយល់ដឹង និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។

ប្រទេសទាំងពីរក៏សហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅអង្គការ និងវេទិកាពហុភាគីដូចជា៖ អង្គការសហប្រជាជាតិ អាស៊ាន APEC ... ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលវៀតណាម និងកូរ៉េខាងត្បូងបានចូលរួម និងចុះហត្ថលេខា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងលើកនេះ របស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម នឹងរួមចំណែកក្នុងការអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មក្នុងទំនាក់ទំនងបរទេសរបស់វៀតណាម; បន្តជំរុញបណ្តាទំនាក់ទំនងទ្វេភាគី រួមទាំងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ដំណើរទស្សនកិច្ចនេះក៏នាំមកនូវទំនុកចិត្ត និងការរំពឹងទុកយ៉ាងខ្លាំងអំពីការបន្តពូនជ្រំមនោសញ្ចេតនា ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ដោយហេតុនេះ រួមចំណែកនាំកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងចូលដល់ដំណាក់កាលនៃការអភិវឌ្ឍកាន់តែខ្លាំង៕

បកប្រែដោយ Huyen Trang