នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្រីប្រធានាធិបតី Halimah Yacob ចាប់តាំងពីជំងឺរាតត្បាត Covid-19 ផ្ទុះឡើង។ ដំណើរទស្សនកិច្ចនេះកាន់តែមានន័យក្នុងបរិបទដែលវៀតណាម និងសិង្ហបុរីឆ្ពោះទៅរកការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំក្រោយ។

ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានាធិបតី Halimah Yacob ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-សិង្ហបុរី បានឆ្លងកាត់ការអភិវឌ្ឍជិតកន្លះសតវត្ស ជាមួយនឹងការឡើងចុះ និងការផ្លាស់ប្តូរប្រវត្តិសាស្ត្រជាច្រើនក្នុងសម័យកាល ត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ជួបសវនាការជាមួយលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី ក្នុងឱកាសបំពេញទស្សនកិច្ចនៅសិង្ហបុរីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ (រូបថត៖ dangcongsan.vn)

កាលពី ៥០ ឆ្នាំមុន វៀតណាម និងសិង្ហបុរីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពីខែសីហា ឆ្នាំ១៩៧៣។ ឈានចូលដើមទស្សវត្សរ៍ឆ្នាំ ១៩៩០ រួមជាមួយនឹងការផ្លាស់ប្តូរទូទៅនៃស្ថានភាពអន្តរជាតិ និងតំបន់ ក៏ដូចជាគោលនយោបាយផ្លាស់ថ្មី និងបើកទូលាយរបស់វៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសគឺបន្ទាប់ពីវៀតណាមចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ រួមជាមួយសិង្ហបុរីក្រោម "ដំបូលរួម"។ ប្រសិនបើនៅឆ្នាំ ១៩៧៣ សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានោះ បានជានៅឆ្នាំ ២០១៣ សិង្ហបុរីក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមបើកសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ការគោរព និងទំនុកចិត្តរវាងប្រទេសទាំងពីរ។

ចាប់តាំងពីពេលនោះមក ខណៈដែលកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យឯកទេសផ្សេងទៀតត្រូវបានជំរុញដោយឥតឈប់ឈរនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានក្លាយទៅជាចំណុចភ្លឺលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-សិង្ហបុរី។ គិតត្រឹមខែសីហា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦.៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ សិង្ហបុរីជាអ្នកវិនិយោគឈានមុខគេមួយនៅក្នុងប្រទេសវៀតណាមដែលមានគម្រោងជិត ៣.០០០ ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ៧០ ពាន់លានដុល្លារអាមេរិក។ មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាមួយនឹងទំហំនាំចេញសម្រេចបាន ៣២ ពាន់លានដុល្លារអាមេរិក ទុនវិនិយោគដែលបានចុះបញ្ជីសរុបសម្រេចបានជាង ១៨ ពាន់លានដុល្លារអាមេរិក បង្កើតការងារធ្វើជូនកម្មករជិត ៣ សែននាក់។ ជាពិសេស បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេដែលជួយឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យដល់វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាម និងសិង្ហបុរីនៅសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសបានរួមវិភាគទានយ៉ាងសកម្មរបស់ប្រទេសសមាជិកទាំង២ ក្នុងការកសាងសហគមន៍អាស៊ានសាមគ្គីភាព រឹងមាំ និងវិបុលភាព។

ក្រឡេកមើលទៅជិតពាក់កណ្ដាលសតវត្សកន្លងមកនៃទំនាក់ទំនងវៀតណាម-សិង្ហបុរី ត្រូវតែបញ្ជាក់ថា សមិទ្ធផលដែលភាគីទាំងពីរសម្រេចបានគឺផ្អែកលើភាពស្មោះត្រង់ ការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដែលតភ្ជាប់ដោយភូមិសាស្ត្រជិតស្និទ្ធ និងផលប្រយោជន៍ស្របគ្នាក្នុងតំបន់ និងអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ មិនអាចបដិសេធបានទេថា សក្ដានុពលនៃការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សិង្ហបុរី នៅមានច្រើនណាស់ ត្រូវបានជំរុញយ៉ាងខ្លាំងដោយធនធានផ្ទៃក្នុងដ៏សម្បូរបែបរបស់ប្រទេសនីមួយៗក៏ដូចជាយុគសម័យនៃបដិវត្តន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ។ ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រី Halimah Yacob គឺជាឱកាសមួយដើម្បីភាគីទាំងពីរបញ្ជាក់ពីកិច្ចសន្យាយ៉ាងមុតមាំ ក៏ដូចជាផ្លាស់ប្តូរវិធានការដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី ឡើងកម្រិតកំពស់ថ្មីមួយ នាំមកនូវផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Huyen Trang