leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សបានទទួលជួបជាមួយប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា

ពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនឡើងកម្រិតកម្ពស់ថ្មីមួយ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងអំណរគុណចំពោះលោក Nguyen Phu Trong អគ្គលេខាបក្ស ដែលបានទទួលជួបគណៈប្រតិភូប្រកបដោយភាពរាក់ទាក់ និងស្និទ្ធស្នាល។ សម្តេច ហេង សំរិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងបុព្វហេតុកសាង និងការពារជាតិ ដោយសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានលោក Nguyen Phu Trong ជាអគ្គលេខាបក្ស ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងជាងនេះជាច្រើន ព្រមទាំងអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ធ្វើឱ្យវៀតណាមក្លាយទៅជាប្រទេសមានឋានៈកាន់តែខ្ពស់លើឆាកអន្តរជាតិ។

សម្តេច ហេង សំរិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានឃើញទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា កំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ សម្តេច ហេង សំរិន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក Nguyen Phu Trong បានអបអរសាទរចំពោះកម្ពុជាដោយសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នីតិកាលទី៥ ប្រកបដោយជោគជ័យ ហើយជឿជាក់ថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងអស្ចារ្យជាច្រើនទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលគាំទ្រដល់ការកសាង និងអភិវឌ្ឍកម្ពុជា ព្រមទាំងអរគុណកម្ពុជាចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលកម្ពុជាបានផ្តល់ឲ្យវៀតណាមនាពេលកន្លងមក។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើប្រពៃណី និងសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ហើយបានជូនពរឱ្យប្រទេសទាំងបីនឹងរួមគ្នាថែរក្សា ពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងបី និងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ ទទួលជួបជាមួយ សម្តេច ហេង សំរិន

រក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នាព្រឹកថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

នៅក្នុងជំនួបនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែប្រកៀកស្មាជាមួយវៀតណាម ដោយស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ។ នៅឆ្នាំ២០២២ ដែលជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦៧-២០២២) ប្រធានរដ្ឋសភាកម្ពុជា សង្ឃឹមថា គ្រប់ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ បន្តរៀបចំសកម្មភាពជាក់ស្តែងជាច្រើនថែមទៀតដើម្បីពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរ។

លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានអបអរសាទរចំពោះរាល់សមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជាលើវិស័យជាច្រើន ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរក៏បានខិតខំប្រឹងប្រែងជំរុញការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដើម្បីកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង។

* នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម ទទួលជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

ក្នុងជំនួបនេះ លោក Pham Minh Chinh និងសម្តេច ហេង សំរិន បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងវៀតណាម-កម្ពុជា។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាប្រចាំ យន្តការសហប្រតិបត្តិការទ្វេភាគីបន្តមានប្រសិទ្ធភាព ជួយរក្សានូវសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលប្រកបដោយជោគជ័យនូវសកម្មភាពដ៏មានអត្ថន័យជាច្រើនរបស់ភាគីទាំងពីរក្នុងក្របខណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២” ជាពិសេសគឺការប្រារព្ធខួបលើកទី ៤៥ នៃ“ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីទាំងពីរ នាថ្ងៃទី២០ ខែមិថុនា នៅតំបន់ព្រំដែនខេត្ត Binh Phuoc-ត្បូងឃ្មុំ និងខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា នាថ្ងៃទី២៤ ខែមិថុនា នៅទីក្រុងហាណូយ តាមរយៈនោះរួមចំណែកលើកកំពស់ការយល់ដឹង និងទំនួលខុសត្រូវរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរចំពោះការថែរក្សា និងពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី ស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

ភាគីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀង និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខប្រកបដោយប្រសិទ្ធភាព  សម្របសម្រួលការគ្រប់គ្រងយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បន្តខិតខំខ័ណ្ឌសីមា បោះបង្គោលព្រំដែននៅសល់ ១៦% ដើម្បីកសាងព្រំដែនគោកសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាក្នុងការរស់នៅ និងធ្វើការប្រកប​ដោយស្ថិរភាព និងដើរតួជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាព និងយូរអង្វែងនៅកម្ពុជា៕

បកប្រែដោយ Minh Trung