ទំនាក់ទំនងដែលត្រូវបានបង្កើតឡើងពីសាច់ស្រស់ ឈាមស្រស់ នៃច្រើនជំនាន់នៃប្រទេសទាំងពីរ

ក្នុងប្រវត្តិសាស្ត្រពិភពលោកតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន កម្រមានណាស់ទំនាក់ទំនងទ្វេភាគីណាដែលតែងតែបង្ហាញបានភាពផ្អែមល្ហែម "អង្ករមួយគ្រាប់ត្រូវខាំចែកជាពីរ បន្លែមួយដើមចែកជាពីរ" ហើយនិងចាត់ទុកគ្នាជាញាតិសន្តាន មុនក៏ដូចជាក្រោយមិនងាករេ ដែលត្រូវបានឆ្លងកាត់ការសាកល្បង ការលំបាក និងគ្រោះថ្នាក់ជាច្រើនដូចជាទំនាក់ទំនង វៀតណាម-ឡាវ ឡើយ។

គឺលោកប្រធាន ហូជីមិញ រួមជាមួយលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ដែលជាអ្នកបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងនេះ ហើយគ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានខិតខំពូនជ្រំ បណ្តុះ រក្សាទំនាក់ទំនងវៀតណាម-ឡាវ ឱ្យក្លាយទៅជាគំរូ ស្មោះត្រង់ តម្លាភាព ប្រកបដោយនិរន្តរភាព ដែលកម្រមាននៅក្នុងទំនាក់ទំនងអន្តរជាតិ ដូចដែលបានបញ្ជាក់ដោយលោកប្រធាន Kaysone Phomvihane គឺថា៖ “ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពិភពលោក ក៏មានគំរូដ៏ភ្លឺស្វាងនៃស្មារតីអន្តរជាតិវណ្ណៈអធនផងដែរ ប៉ុន្តែគ្មាននៅទីណា និងមិនដែលមានទេទំនាក់ទំនងនៃចំណងសាមគ្គីភាព ការចងសម្ព័ន្ធប្រយុទ្ធពិសេស យូរអង្វែង និងគ្រប់ជ្រុងជ្រោយដូចនេះទេ”; “ថ្វីត្បិតតែវៀតណាមជួបការលំបាកយ៉ាងខ្លាំងក៏ដោយ ក៏មិនស្តាយជំនួយឱ្យឡាវទេ។ នេះជាទំនាក់ទំនងពិសេសដែលមិនមាននៅទីណាទាំងអស់នៅលើពិភពលោកទេ”។

យោងតាមលោកឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang មានប្រសាសន៍ថា ថ្វីត្បិតតែនៅលើពិភពលោកមានទំនាក់ទំនងល្អជាប្រពៃណីរវាងបណ្តាប្រទេសជាមួយគ្នាក្តី ប៉ុន្តែបើសង្កេតមើលទៅលើគ្រប់ទិដ្ឋភាពទាំងអស់គឺ មិនមានទំនាក់ទំនងណាដែលមានលក្ខណៈពិសេសដូចប្រទេសឡាវ-វៀតណាម នោះទេ។ ទំនាក់ទំនងនេះត្រូវបានកសាងឡើងពីសាច់ស្រស់ឈាមស្រស់ នៃច្រើនជំនាន់របស់ប្រជាជនវៀតណាមនិងឡាវ ហើយបន្តត្រូវបានពូនជ្រំរហូតមកដល់សព្វថ្ងៃនេះ។

“មិនត្រឹមតែមិនរសាយនោះទេ ប៉ុន្តែទំនាក់ទំនងឡាវ-វៀតណាម ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងទាំងទទឹង និងជម្រៅលើគ្រប់វិស័យហើយត្រូវបានអភិវឌ្ឍទៅជាទំនាក់ទំនងមិត្តភាពមហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ នេះជាទំនាក់ទំនងពិសេសដែលកម្រមាន នៅលើពិភពលោក។ លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang មានប្រសាសន៍បញ្ជាក់បែបនេះ។

leftcenterrightdel
អង្គភាពមួយនៃកងទ័ពស្ម័គ្រចិត្តវៀតណាមជួបជាមួយអង្គភាពនៃកងទ័ពរំដោះប្រជាជនឡាវ

ពាក្យពេចន៍នៃមនោសញ្ចេតនា

យោងតាមលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ Nguyen Ba Hung មានកត្តាបីដែលធ្វើឱ្យទំនាក់ទំនងវៀតណាម-ឡាវ ក្លាយទៅជាពិសេស។ ទីមួយគឺភាពជិតខាងនៃភូមិសាស្ត្រ។ វៀតណាម និងឡាវ ជាប្រទេសជិតខាងភូមិផងរបង រួមរស់នៅជាមួយគ្នាជាច្រើនជំនាន់មកហើយ ផឹកទឹកទន្លេមេគង្គរួមគ្នា ផ្អែកទល់នឹងជួរភ្នំ Truong Son ដ៏មហិមា។

បន្ទាប់មក គឺប្រជាជនវៀតណាម និងឡាវ សុទ្ធតែសម្បូរទៅដោយក្តីមេត្តាធម៌ យោគយល់អធ្យាស្រ័យ និងស្រឡាញ់សន្តិភាព និងសេរីភាព ចែករំលែកគ្នាក្នុងប្រវត្តិនៃការតស៊ូប្រឆាំងនឹងសត្រូវរួម។ កត្តាកំណត់មួយទៀត គឺប្រជាជននៃប្រទេសទាំងពីរសុទ្ធតែត្រូវបានដឹកនាំដោយបក្សនយោបាយឈានមុខគេនៃវណ្ណៈកម្មករ មានទិសដៅ មាគ៌ាត្រឹមត្រូវក្នុងការតស៊ូបដិវត្តន៍ ការកសាងប្រទេសជាតិ និងក្នុងទំនាក់ទំនងអន្តរជាតិ។

ដោយឈរលើមូលដ្ឋាននៃកត្តាទាំងបីដែលបានលើកឡើងខាងលើ លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានលើកឧទាហរណ៍ជាក់លាក់ ដែលបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-ឡាវ គឺពិសេស ជាគំរូ និងកម្រមានណាស់។ ទីមួយ ប្រជាជននៃប្រទេសទាំងពីរ តែងតែឈរកៀកស្មាគ្នា រស់នៅ និងស្លាប់ជាមួយគ្នា ត្រៀមខ្លួនរួចជាស្រេច ហ៊ានពលីជីវិតដើម្បីគ្នាក្នុងការតស៊ូរំដោះជាតិ។

ទំនាក់ទំនងវៀតណាម-ឡាវ ពិតជាបានកសាងឡើងដោយញើសឈាមនៃប្រជាជននៃប្រទេសទាំងពីរច្រើនជំនាន់ ក្នុងនោះរួមទាំងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមរាប់ម៉ឺននាក់នៅឡាវ។ ទីពីរ ចំណងសាមគ្គីភាពពិសេសរវាងប្រជាជនទាំងពីរ ក៏ត្រូវបានកសាងឡើងពីញើស ទឹកភ្នែក និងទឹកដោះដ៏ផ្អែមរបស់អ្នកម្តាយឡាវជាច្រើនដែលបានចែកទាំងអាហារ ជាពិសេសទាំងទឹកដោះដ៏កម្រសម្រាប់កូនៗរបស់ខ្លួនដើម្បីជួយសង្គ្រោះជីវិតកងទ័ពវៀតណាម ក៏ដូចជាអ្នកម្តាយវៀតណាមត្រៀមខ្លួនជានិច្ចដើម្បីជូនដំណើរប្តីទៅប្រយុទ្ធនៅឡាវ ទីបីទំនាក់ទំនងវៀតណាម-ឡាវ មានលក្ខណៈពិសេស គឺប្រទេសទាំងពីរសហការ និងជួយគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ មិនលំអៀង បរិសុទ្ធ ពោរពេញដោយក្តីស្រឡាញ់ និងសុចរិតភាព មិនលាក់បាំងដោយគំនិតគិតតែប្រយោជន៍ផ្ទាល់ខ្លួន ឬប្រកាន់ប្រទេសតូច ធំនោះទេ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងស្រឡាញ់គ្នា គោរព និងរាប់អានគ្នាណាស់។

ទីបួន ទន្ទឹមនឹងបំណងចង់នាំឱ្យប្រទេសជាតិខ្លួនឈានឡើងដល់កម្រិតស្មើមុខស្មើមាត់ជាមួយប្រទេសធំៗនោះ  ប្រជាជនវៀតណាមក៏តែងតែប្រាថ្នាចង់ឱ្យប្រទេស និងប្រជាជនឡាវត្រូវបានរស់នៅដោយសុខសន្តិភាព ឯករាជ្យភាព សេរីភាព ការអភិវឌ្ឍរីកចំរើន និងមានកិត្យានុភាពអន្តរជាតិខ្ពស់។

នេះជាចំណុចពិសេសរវាងប្រជាជាតិទាំងពីរវៀតណាម-ឡាវ។ ចំណុចដ៏សំខាន់មួយដែលធ្វើឱ្យទំនាក់ទំនងវៀតណាម-ឡាវ កាន់តែក្លាយទៅជាពិសេសជាងទំនាក់ទំនងអន្តរជាតិផ្សេងទៀតនោះគឺថា ប្រទេសទាំងពីរពិតជាមានទំនុកចិត្តខាងនយោបាយ និងការជឿជាក់យុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ និងរឹងមាំ។

ទាំងអស់នេះបានក្លាយទៅជាគោលការណ៍ណែនាំ មាគ៌ា និងគោលនយោបាយរយៈពេលវែងរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ ដែលត្រូវបានស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ និងបន្តស្នងបន្តទៅមនុស្សជំនាន់ក្រោយ។ នៅពេលទទួលជួបបណ្តាគណៈប្រតិភូវៀតណាមនាពេលថ្មីៗនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulith បានមានប្រសាសន៍ថា រវាងឡាវ និងវៀតណាមមាន “ពាក្យពេចន៍មនោសញ្ចេតនាបួន”៖ មនោសញ្ចេតនានៃសមមិត្តនៃឧត្តមគតិកុម្មុយនិស្តដូចគ្នា, មនោសញ្ចេតនានៃភាតរភាពរួមឪពុកម្តាយ គឺជាបក្សកុម្មុយនិស្តឥណ្ឌូចិន, មនោសញ្ចេតនាក្នុងនាមជាមិត្តជិតស្និទ្ធ រួមសុខរួមទុក្ខ សាមគ្គីពិសេស និងទីបួនគឺមនោសញ្ចេតនាដ៏ឧត្តុងឧត្តមគឺទឹកចិត្តនៃសមមិត្តរស់ស្លាប់ជាមួយគ្នា…” លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានបញ្ជាក់៕

បកប្រែដោយ Minh Trung