សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅចក្រភពអង់គ្លេស
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង នាព្រឹកថ្ងៃទី៣០ ខែមិថុនា លោកប្រធានរដ្ឋសភា Vuong Dinh Hue បានធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង់គ្លេស Dominic Raab។
ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងវៀតណាម-អង់គ្លេស កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត និងមានសក្ដានុពលជាច្រើន ជាពិសេសនៅពេលដែលវៀតណាម និងអង់គ្លេសក្លាយជាដៃគូយុទ្ធសាស្ត្រ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA) ក៏ដូចជាការបង្កើតយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាច្រើនទាំងលើកម្រិតទ្វេភាគី និងពហុភាគី។ ទំនាក់ទំនងនយោបាយ-ការទូត រវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អលើគ្រប់បណ្តាញ។
    |
 |
លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង់គ្លេស Dominic Raab (រូបថត៖ vnanet.vn) |
អំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនីតិរដ្ឋ ប្រទេសទាំងអស់ត្រូវតែគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការមិនគំរាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការបង្កើនកិច្ចសន្ទនា និងរាល់បញ្ហាកើតឡើងនៅសមុទ្រចាំបាច់ត្រូវតែដោះស្រាយដោយឈរលើមូលដ្ឋាននៃការអនុលោមតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
* ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស Priti Patel លោកប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ អនុស្សរណៈយោគយល់គ្នារវាងធនាគារជាតិវៀតណាម និងទីភ្នាក់ងារជាតិទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មរបស់ចក្រភពអង់គ្លេសត្រូវបានប្រគល់ជូនក្នុងឱកាសនេះ។ ដោយសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសគឺជាសមាជិកសកម្មនៃកម្លាំងប្រឆាំងការលាងលុយកខ្វក់ ហើយក៏ជាប្រទេសដែលមានសំឡេង និងកេរ្តិ៍ឈ្មោះដ៏អស្ចារ្យនៅក្នុងវិស័យនេះ លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយជាច្រើនរបស់ចក្រភពអង់គ្លេសចំពោះរាល់សកម្មភាពជួយធ្វើឱ្យប្រសើរឡើងនូវការប្រឆាំងការលាងលុយខ្វក់ និងប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្មដល់ប្រទេសជាច្រើន រួមទាំងវៀតណាមផងដែរ។
* នាព្រឹកថ្ងៃទី៣០ មិថុនា នៅសាលា Imperial College London ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០ លើពិភពលោក ប្រធានរដ្ឋសភា Vuong Dinh Hue បានចូលរួមវេទិកាសហប្រតិបត្តិការអប់រំវៀតណាម-អង់គ្លេស។
* គួរឱ្យរំលឹកដែរថា នារសៀលថ្ងៃទី២៩ មិថុនា នៅទីក្រុងឡុងដ៍ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមសិក្ខាសាលាជាន់ខ្ពស់វៀតណាម-អង់គ្លេស អំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នេះជាព្រឹត្តិការណ៍សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ដែលជាការផ្តោតសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។
* ទទួលជួបប្រធានបណ្តាញទំនាក់ទំនងមិត្តភាពវៀតណាម-អង់គ្លេស (Vietnam-UK Network) លោក Warwick Morris និងសមាជិកថ្នាក់ដឹកនាំនៃបណ្តាញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្រៅពីទំនាក់ទំនងការទូតបក្ស និងទំនាក់ទំនងការទូតរបស់រដ្ឋ បណ្តាញការទូតរវាងប្រជាជននិងប្រជាជនមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកំពស់ការយោគយល់គ្នារវាងប្រជាជនទាំងពីរ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ ប្រធានរដ្ឋសភាបានស្នើឱ្យ Vietnam-UK Network សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស និងអង្គការនានានៅវៀតណាម ដើម្បីរៀបចំនូវរាល់សកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីអភិវឌ្ឍទំនាក់ទំនងល្អរវាងភាគីទាំងពីរ។
* នាថ្ងៃទី ២៩ មិថុនា ដដែល ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានអញ្ជើញមកដាក់បាច់ផ្កានៅសមុទ្រអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅអគារ New Zealand លើវិថី Hay Market ក្នុងទីក្រុងឡុងដ៍ផងដែរ…។
បកប្រែដោយ Minh Trung