នារសៀលថ្ងៃទី១៨ ឧសភា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការរបស់លោក Tan Chuan-Jin ប្រធានរដ្ឋសភា និងភរិយាបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានរដ្ឋសភាវៀតណាម ក្រោមអធិបតីភាពរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភា និងភរិយា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សាគ្នា។

នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានស្វាគមន៍ប្រធានរដ្ឋសភាសិង្ហបុរី និងសមាជិករដ្ឋសភាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ប្រធានរដ្ឋសភាសិង្ហបុរីបានវាយតំលៃខ្ពស់ចំពោះវៀតណាមដែលបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣១ ដែលនាំមកនូវភាពសប្បាយរីករាយ និងក្តីរំភើបចិត្តដល់ប្រជាជនទាំងអស់នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើនដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19។

ប្រធានរដ្ឋសភាសិង្ហបុរីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ គឺជាឱកាសដើម្បីពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោកបានថ្លែងអំណរគុណចំពោះវៀតណាមក្នុងគ្រាលំបាក បានជួយគាំទ្រសិង្ហបុរីក្នុងការឆ្លើយតបនឹងការរាតត្បាត Covid-19 តាមរយៈការផ្តល់នូវឧបករណ៍វេជ្ជសាស្ត្រ និងរបាំងមុខជាដើម។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងការចែករំលែកគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងកាន់តែជិតស្និទ្ធជាង។

អបអរសាទរសិង្ហបុរីដែលគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាត Covid-19 ហើយបើកប្រទេស និងសេដ្ឋកិច្ចបានងើបឡើងវិញនោះ ប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា ការបើកឡើងវិញនៃប្រទេសជាច្រើនបានសម្រួលកិច្ចសហប្រតិបត្តិការ និងការស្តារសេដ្ឋកិច្ចក្រោយការរាតត្បាត។

តាងនាមរដ្ឋសភា និងប្រជាជនវៀតណាម ប្រធានរដ្ឋសភាវៀតណាមបានថ្លែងអំណរគុណដល់សិង្ហបុរី ចំពោះជំនួយដ៏មានតម្លៃក្នុងវិស័យវ៉ាក់សាំង និងឧបករណ៍សម្រាប់បង្ការ និងគ្រប់គ្រង Covid-19 ចំពោះវៀតណាម។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ

ដោយសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដោយកំណត់សិង្ហបុរីជាដៃគូឈានមុខគេមួយរបស់វៀតណាមក្នុងអាស៊ាន ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានមានប្រសាសន៍ថា យើងសង្ឃឹមថាភាគីទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីធ្វើបានយ៉ាងល្អក្នុងការរៀបចំសម្រាប់ខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០  នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៣។

លោក Vuong Dinh Hue បានអះអាងថា សិង្ហបុរីជាវិនិយោគិនឈានមុខគេនៅវៀតណាម។ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម តែងតែស្វាគមន៍អ្នកវិនិយោគសិង្ហបុរី និងប្តេជ្ញាបន្តការផ្លាស់ថ្មី ការធ្វើឲ្យល្អឥតខ្ចោះនូវប្រព័ន្ធនៃគោលនយោបាយ និងច្បាប់ ការជួយគាំទ្រដោះស្រាយបញ្ហាប្រឈមនានាសម្រាប់រាល់គម្រោងរបស់សហគ្រាសសិង្ហបុរីនៅវៀតណាម។ ជាពិសេសភាពមិនគ្រប់គ្រាន់ក្នុងការផ្តល់អាជ្ញាប័ណ្ណ ការងារសម្រាប់ជនបរទេស និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្មក្នុងការវិនិយោគលើវិស័យថាមពល ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មគាំទ្រ បច្ចេកវិទ្យាឌីជីថល... លោកប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថា សហគ្រាសសិង្ហបុរីនឹងពង្រីកគម្រោងវិនិយោគទាំងនៅតំបន់ឆ្ងាយពីកណ្តាលវៀតណាមថែមទៀត។

ភាគីទាំងពីរឯកភាពបន្តសម្របសម្រួល និងចែករំលែកបទពិសោធន៍ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍថាមពលកកើតឡើងវិញ។ លោក Vuong Dinh Hue មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងទីក្រុងវៀតណាម និងសិង្ហបុរី ក្នុងវិស័យអភិវឌ្ឍបៃតង និងនិរន្តរភាព។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរលើកនេះនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ជាពិសេសការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់ ការចែករំលែកបទពិសោធន៍ក្នុងការកសាងស្ថាប័ន ធ្វើឲ្យប្រព័ន្ធច្បាប់មានភាពល្អឥតខ្ចោះ។ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល បន្តជំរុញយន្តការសម្របសម្រួលនៅវេទិកាពហុភាគីដូចជា៖ AIPA, IPU, APPF និងអង្គការពហុភាគីផ្សេងៗទៀត គាំទ្រជំហរគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ។

ភាគីទាំងពីរបន្តពង្រឹងការពិគ្រោះយោបល់ និងកិច្ចសន្ទនាដើម្បីផ្លាស់ប្តូរទស្សនៈ គោលជំហរ និងគំនិតផ្តួចផ្តើមនានាដើម្បីកែលម្អការជឿទុកចិត្ត និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែសំខាន់ និងមានប្រសិទ្ធភាព។ នាពេលខាងមុខ ប្រទេសទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងហ្មត់ចត់សម្រាប់ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នាពេលខាងមុខរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងឱកាសរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យប្រធានរដ្ឋសភាលោក Tan Chuan-Jin យកចិត្តទុកដាក់ជំរុញ និងតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសចំពោះគម្រោងបច្ចេកវិទ្យាខ្ពស់របស់សិង្ហបុរីលើវិស័យកសិកម្ម រុក្ខកម្ម និងជលផល នៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា សិង្ហបុរីនឹងលើកកំពស់តួនាទីរបស់ខ្លួនក្នុងតំបន់ ជួយពង្រឹងទំនាក់ទំនង ជួយកសាងសហគមន៍អាស៊ាន និងរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាន សម្របសម្រួលគោលជំហររួមរបស់អាស៊ានលើបញ្ហាតំបន់។

លោកប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឱ្យប្រធានរដ្ឋសភា Tan Chuan-Jin បន្តគាំទ្រគោលជំហររួមរបស់អាស៊ានអំពីសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងឈរលើមូលដ្ឋាន UNCLOS 1982 …

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung