ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ១៩៧៧ ហើយទទួលលទ្ធផលគួរឲ្យចាប់អារម្មណ៍លើវិស័យផ្សេងៗ រួមទាំងនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ភាគីទាំងពីរបានដំឡើងទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តនៅកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣ នាថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០១៥។ សហរដ្ឋអាមេរិកបានបង្កើតស្ថានបេសកកម្មប្រចាំអាស៊ាននាខែមិថុនា ឆ្នាំ២០១០ និងជ្រើសរើសឯកអគ្គរដ្ឋទូតប្រចាំអាស៊ាននាខែមេសា ឆ្នាំ២០១១។

បច្ចុប្បន្ន ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកមានយន្តការដូចជា កិច្ចប្រជុំកំពូលប្រចាំឆ្នាំ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (PMC)  កិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកថ្នាក់អនុរដ្ឋមន្រ្តីការបរទេស/មន្រ្តីជាន់ខ្ពស់ (SOM) គណៈកម្មាធិការសហប្រតិបត្តិការចម្រុះ (JCC) និងកិច្ចប្រជុំសហប្រតិបត្តិការផ្សេងៗ នៅគ្រប់លំដាប់ថ្នាក់។ ភាគីទាំងពីរក៏បានអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងអនុវត្តតាមគម្រោងធ្វើសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិក ដំណាក់កាល ២០២១-២០២៥។

leftcenterrightdel
រូបថតឧទាហរណ៍ (dangcongsan.vn)

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកលើកនេះគឺជាជំនួបពិភាក្សាជាន់ខ្ពស់រវាងភាគីទាំងពីរ ដែលបញ្ជាក់កិច្ចសន្យារបស់អាស៊ាននិងសហរដ្ឋអាមេរិក ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងការកសាងទំនុកទុកចិត្ត ជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកនឹងវាយតម្លៃចំពោះទំនាក់ទំនងភាពជាដៃគូរវាងភាគីទាំងពីរក្នុងអំឡុងពេល ៤៥ ឆ្នាំកន្លងមក និងដាក់ទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ ព្រមទាំង ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

បន្ទាប់ពីរយៈពេល ២៧ ឆ្នាំ ទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិកបានវិវឌ្ឍតាមមូលដ្ឋានផ្ដល់ផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣។ វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗ។ សហរដ្ឋអាមេរិកក៏បញ្ជាក់ពីការគាំទ្រប្រទេសវៀតណាមមួយឯករាជ្យ និងខ្លាំងមាំមួន ហើយមានបំណងចង់ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយផងដែរ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកក៏ជាវិនិយោគិនធំនៅវៀតណាម ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកំពុងអភិវឌ្ឍ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានរក្សាជំនួបនៅគ្រប់លំដាប់ថ្នាក់ជាប្រចាំ។ កិច្ចសហប្រតិបត្តិការវៀតណាម-សហរដ្ឋអាមេរិកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ជំនះផលវិបាកនៃសង្គ្រាម ជាដើម ក៏ត្រូវបានរក្សានិងជម្រុញ។

លើសពីនេះ ការជម្រុញទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ ជាស្នូលមួយរបស់កិច្ចការបរទេសពហុភាគីរបស់វៀតណាមនៅពេលកន្លងមក។ ក្នុងរយៈពេលជិត ៤៥ ឆ្នាំ តាំងពីពេលវៀតណាមចូលរួមអង្គការសហប្រជាជាតិ (ខែកញ្ញា ឆ្នាំ១៩៧៧) ទំនាក់ទំនងរវាងភាគីទាំងពីរបានអភិវឌ្ឍ និងសម្រេចបានសមិទ្ធិផលជាច្រើន។ វៀតណាមតែងតែជាសមាជិកមានទំនួលខុសត្រូវ រួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ  ដើម្បីបញ្ជាក់ថានៈនិងតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិ នៅពេលកន្លងមក បានចូលរួមចំណែកការពារនិងជម្រុញផលប្រយោជន៍ជាតិរបស់វៀតណាម ពង្រឹងនិងថែរក្សាសន្តិភាព សន្តិសុខ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ ជម្រុញសមាហរណកម្មអន្តរជាតិ ចូលរួមចំណែកលើកកម្ពស់តួនាទី និងរូបភាពរបស់វៀតណាមនៅឆាកអន្តរជាតិ ជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេស និងដៃគូផ្សេងៗ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានបំណងអនុវត្តមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋវៀតណាម ចូលរួមចំណែកបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងការធ្វើពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស បញ្ជាក់តួនាទី និងទំនួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសំខាន់របស់អាស៊ាន។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះក៏ចូលរួមចំណែកបង្កើតកម្លាំងចលករសម្រាប់ការជម្រុញឲ្យទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាង វៀតណាម និងសហរដ្ឋអាមេរិកអភិវឌ្ឍយ៉ាងស៊ីជម្រៅ ស្ថិរភាព និងយូរអង្វែងលើគ្រប់វិស័យ ចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងអង្គការសហប្រជាជាតិ បង្ហាញការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមដល់សន្តិភាព និងស្ថិរភាពនៅលើពិភពលោក។

ដោយអត្ថន័យសំខាន់ៗទាំងនោះ យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជាឱកាសបញ្ជាក់ជាថ្មីម្ដងទៀតនូវថានៈ តួនាទី និងទំនួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក៕

បកប្រែដោយ Thuy Anh