នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Julius Maada Bio ទៅកាន់ប្រទេសវៀតណាម ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូលើកដំបូងនៃប្រទេសទាំងពីរផងដែរ។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-សៀរ៉ាឡេអូន។

ជាប្រទេសមួយនៅអាហ្វ្រិកខាងលិច សៀរ៉ាឡេអូន បាននិងកំពុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យម  ដំណាក់កាល  ២០១៩-២០២៣ ដោយមានសសរស្តម្ភសំខាន់ចំនួន ៤ រួមមាន៖ ការកសាងខឿនសេដ្ឋកិច្ចបៃតង ពិពិធកម្ម និងនិរន្តរភាព; លើកកំពស់អភិក្រមការអប់រំ និងការថែទាំសុខភាពរបស់ប្រជាជន; ធានាសង្គមយុត្តិធម៌ សុខដុមរមនា និងស្ថិរភាព; វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ទាក់ទងនឹងកិច្ចការបរទេស ប្រទេសសៀរ៉ាឡេអូន បានអនុវត្តគោលនយោបាយធ្វើពិពិធកម្មទំនាក់ទំនង ដោយយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសជិតខាង បង្កើតទំនាក់ទំនងជាមួយប្រទេសធំៗ ព្រមទាំងយកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង រួមទាំងវៀតណាមផងដែរ។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលសារតាំងពីឯកអគ្គរដ្ឋទូតសៀរ៉ាឡេអូន លោក Ernest Mbaimba Ndomahina នៅថ្ងៃទី ៩ មិនា ឆ្នាំ ២០២២ (រូបថត៖ vnanet.vn)

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោកប្រធានាធិបតី Julius Maada Bio និងភរិយាប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៨២ / ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២)។ ទន្ទឹមនឹងនោះ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អ តាមរយៈដំណើរទស្សនកិច្ច ការជួបជុំនៅគ្រប់លំដាប់ថ្នាក់។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានអភិវឌ្ឍជាវិជ្ជមាន និងមានសក្ដានុពល។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២០ សម្រេចបាន ៤៩.២៦ លានដុល្លារអាមេរិក កើនឡើងជាង ២០០% បើធៀបនឹង ១៧ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨។ ក្នុងនោះ វៀតណាមបាននាំចេញទៅកាន់ប្រទេសសៀរ៉ាឡេអូន ភាគច្រើនជាថ្នាំជក់ កុំព្យូទ័រ វាយនភ័ណ្ឌសំលៀកបំពាក់ និងវត្ថុធាតុដើម; និងនាំចូលភាគច្រើនជាឈើ និងផលិតផលអំពីឈើ។ បច្ចុប្បន្ន សៀរ៉ាឡេអូន មានគម្រោងវិនិយោគលើវិស័យ marketing និងការគ្រប់គ្រងធនធានមនុស្សនៅវៀតណាម។ វៀតណាមបានបញ្ជូនគណៈប្រតិភូមួយចំនួនរបស់វិទ្យាស្ថានស្រាវជ្រាវ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីស្ទាបស្ទង់លទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងការសាងសង់គម្រោងកសិកម្មនៅប្រទេសសៀរ៉ាឡេអូន។

ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ក្នុងនោះមាន៖ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងផលិតកម្មអំបិល (២០០១); កិច្ចព្រមព្រៀងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងបច្ចេកវិទ្យា (២០០៣); MoU រវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ជាមួយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេសសៀរ៉ាឡេអូន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម (២០១០); MoU រវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម ជាមួយក្រសួងជលផល និងធនធានសមុទ្រនៃប្រទេសសៀរ៉ាឡេអូន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជលផល (២០១០); កំណត់ហេតុអំពីកិច្ចពិភាក្សាការងាររវាងក្រសួងការបរទេសទាំងពីរ (២០១០); MoU រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មទាំងពីរ ស្តីពីពាណិជ្ជកម្មអង្ករ (២០១១)។ល។

លើសពីនេះ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។ សៀរ៉ាឡេអូនបានគាំទ្រវៀតណាមជាបេក្ខភាពក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការយូណេស្កូ អាណត្តិ ២០១៥-២០១៩ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ (ECOSOC) អាណត្តិ ២០១៦-២០១៨ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។

ដោយការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលកន្លងមក យើងជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ របស់លោកប្រធានាធិបតី Julius Maada Bio និងភរិយា នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកពង្រឹងការជឿទុកចិត្តគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពលើវិស័យដែលភាគីទាំងពីរមានសក្តានុពល មានតម្រូវការ និងមានផលប្រយោជន៍ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក៕

បកប្រែដោយ Huyen Trang