សម្រេចបាននូវលទ្ធផលលេចធ្លោៗ

របាយការណ៍ក្នុងអង្គប្រជុំបានបង្ហាញថា គណៈកម្មាភិបាលមជ្ឈិមបក្ស គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយល់ច្បាស់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំលេខ ១១-CT/TW របស់គណៈលេខាបក្ស និងសេចក្តីណែនាំលេខ ៣៥/CT-TTg នៃនាយករដ្ឋមន្រ្តីស្តីពីការដឹកនាំ និងណែនាំការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ ស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន បង្កើតលក្ខខណ្ឌជូនប្រជាពលរដ្ឋចូលរួមអបអរសាទរបុណ្យតេតប្រកបដោយសេចក្តីសុខ សុវត្ថិភាព។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការបង្ការ និងគ្រប់គ្រងការរាតត្បាត Covid-19 ទន្ទឹមនឹងនោះ ជំរុញផលិតកម្ម និងសកម្មភាពអាជីវកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិសុខ ការងារប្រយុទ្ធប្រឆាំងជំងឺ និងការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ត្រូវបានអនុវត្តយ៉ាងខ្លាំង។ ការអនុញ្ញាតសម្រាប់ការផលិត និងចរាចរឱសថព្យាបាល Covid-19 ដែលផលិត ចែកចាយ និងផ្គត់ផ្គង់ដោយប្រទេសវៀតណាម។

នៅក្នុងបរិបទដែលចំនួនករណីនៃការឆ្លងថ្មីកំពុងកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែជាទូទៅក្នុងខែកុម្ភៈ ចំនួនករណីដែលបានព្យាបាលនៅមន្ទីរពេទ្យបានថយចុះ ២៤.៥% ចំនួនករណីធ្ងន់ធ្ងរបានថយចុះ ៤៣.១% និងចំនួនអ្នកស្លាប់បានថយចុះ ៤៧.១% បើធៀបនឹងខែមុន។ តំបន់មូលដ្ឋាននានាបានឆ្លើយតបយ៉ាងសកម្មចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត ដោយធានាបាននូវប្រតិបត្តិការជាមូលដ្ឋាននៃគ្រប់កម្រិត និងគ្រប់វិស័យ។

ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តផ្លាស់ប្តូរជាវិជ្ជមាន ទីផ្សាររូបិយវត្ថុមានស្ថិរភាពជាមូលដ្ឋាន ចំណូលថវិការដ្ឋ និងការបញ្ចេញការវិនិយោគសាធារណៈបានកើនឡើងខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតកម្ម ឧស្សាហកម្ម បានស្ទុះងើបឡើងវិញនៅក្នុងតំបន់ភាគច្រើន។ ចំនួនភ្ញៀវអន្តរជាតិ ការនាំចូល និងនាំចេញទំនិញ ទុនវិនិយោគពីបរទេស ស្ថានភាពផលិតកម្ម និងអាជីវកម្មរបស់សហគ្រាសមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ រាល់វិស័យវប្បធម៌ និងសង្គមត្រូវបានយកចិត្តទុកដាក់ និងពង្រឹង។ ការងារថែទាំយកចិត្តទុកដាក់ដល់អ្នកទទួលរបបគោលនយោបាយពីរដ្ឋ និងការជួយគាំទ្រប្រជាពលរដ្ឋ និងកម្មករដែលរងផលប៉ះពាល់ដោយជំងឺ Covid-19។ ទាក់ទងនឹងស្ថានការណ៍ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ថ្នាក់ដឹកនាំសំខាន់ៗបានផ្តល់ការណែនាំទាន់ពេលវេលា ជាពិសេសលើការការគាំពារពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រីបានបង្កើតក្រុមការងារពិសេសមួយដើម្បីដោះស្រាយរាល់បញ្ហាទាក់ទងនឹងស្ថានភាពវិបត្តិនៅអ៊ុយក្រែន។ ហើយជើងហោះហើរដំបូងៗដើម្បីជម្លៀសប្រជាជនវៀតណាមនៅអ៊ុយក្រែនត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស និងទទួលបានជោគជ័យ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ធ្វើជាអធិបតីកិច្ចប្រជុំថ្នាក់ដឹកនាំសំខាន់ៗ

 

ការដាក់ពង្រាយភារកិច្ចជាបន្ទាន់

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំសំខាន់ៗបានវាយតម្លៃថា នាពេលខាងមុខ ប្រទេសរបស់យើងអាចនឹងបន្តជួបការលំបាក និងបញ្ហាប្រឈមថ្មីៗជាច្រើនដែលអាចធ្វើឲ្យដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមមានភាពយឺតយ៉ាវដោយសារការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាននៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ពិភពលោក។ ជាពិសេសជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន សម្ពាធអតិផរណា ការកើនឡើងតម្លៃវត្ថុធាតុដើម និងតម្លៃប្រេងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រសិទ្ធភាពនៃគោលនយោបាយគាំទ្រប្រជាជន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានគូសបញ្ជាក់ថា៖ “ក្នុងការងារខែមីនា ឆ្នាំ២០២២ ស្មារតីទូទៅគឺយើងត្រូវតែបន្តតាមដានយ៉ាងដិតដល់ ក្តាប់យ៉ាងម៉ឺងម៉ាត់នូវស្ថានការណ៍ ព្យាករណ៍ឱ្យបានត្រឹមត្រូវនូវស្ថានភាព និងប្រកាន់ខ្ជាប់ខ្ជួននូវរាល់បញ្ហាដែលមានលក្ខណៈជាគោលការណ៍ និងជាមូលដ្ឋាន។

ថ្នាក់ដឹកនាំសំខាន់ៗបានស្នើឱ្យស្ថាប័ន អាជ្ញាធរគ្រប់កម្រិតថ្នាក់ត្រូវតែអនុវត្តភារកិច្ច និងរកដំណោះស្រាយសម្រាប់កម្មវិធីអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចសង្គមឱ្យបានខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព  បន្តផ្តោតលើការលុបបំបាត់ការលំបាក ឧបសគ្គនានាទាក់ទងនឹងស្ថាប័ន និងគោលនយោបាយ ភាពបត់បែន និងធ្វើព្រមៗគ្នានូវរាល់ឧបករណ៍ គោលនយោបាយរូបិយវត្ថុ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគោលនយោបាយសារពើពន្ធ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀតដើម្បីគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវសមតុល្យសេដ្ឋកិច្ចសំខាន់ៗ និងរួមចំណែកដល់ការលើកកម្ពស់ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពន្លឿនការអនុវត្ត និងបញ្ចេញផែនការវិនិយោគសាធារណៈ ជាពិសេសគឺគម្រោងសំខាន់ៗដូចជា អាកាសយានដ្ឋាន Long Thanh ផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង  និងរាល់ខ្សែផ្លូវតភ្ជាប់តំបន់ភ្នំភាគខាងជើង តំបន់ខ្ពង់រាបកណ្តាលជាមួយតំបន់កណ្តាល ផ្លូវល្បឿនលឿននៅតំបន់ភាគអាគ្នេយ៍ តំបន់ដីសណ្តទន្លេមេគង្គ តំបន់ផ្លូវក្រវ៉ាត់ក្រុងហាណូយ និងទីក្រុងហូជីមិញ។

ថ្នាក់ដឹកនាំសំខាន់ៗបានស្នើឱ្យគ្រប់កម្រិត និងគ្រប់វិស័យឱ្យតាមដានយ៉ាងដិតដល់ស្ថានភាពអន្តរជាតិ និងក្នុងតំបន់ វិភាគ និងវាយតម្លៃផលប៉ះពាល់ទាន់ពេលវេលាលើសេដ្ឋកិច្ចពិភពលោក  ទីផ្សារហិរញ្ញវត្ថុ រូបិយប័ណ្ណ និងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ ជាពិសេសការផ្លាស់ប្តូរតម្លៃនៃឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រដើម្បីឆ្លើយតបភ្លាមៗចំពោះផលិតកម្មក្នុងស្រុក ការគ្រប់គ្រង តុល្យភាពការផ្គត់ផ្គង់ និងការអនុម័តគោលនយោបាយនាំចូល និងនាំចេញសមស្រប។ ធានាការផ្គត់ផ្គង់ប្រេងសាំងឱ្យបានគ្រប់គ្រាន់ មានដំណោះស្រាយក្នុងការគ្រប់គ្រងតម្លៃរួមទាំងផលិតផលប្រេងដែលអាចបត់បែនបាន សមរម្យសម្រាប់ការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដោយមិនបង្កើនថ្លៃដើមផលិតកម្ម និងការវិនិយោគ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រគល់ឱ្យគណៈកម្មាភិបាលមជ្ឈិមបក្ស រដ្ឋាភិបាលទទួលបន្ទុកជាចម្បង រួមជាមួយនឹងស្ថាប័ន  ក្រសួងពាក់ព័ន្ធនានា តាមដានយ៉ាងដិតដល់នូវស្ថានភាពពាក់ព័ន្ធនៅអ៊ុយក្រែន ផ្តល់យោបល់ និងរាយការណ៍ជូនការិយាល័យនយោបាយ និងគណៈលេខាបក្ស ស្ថាប័នពាក់ព័ន្ធនានាដើម្បីមានការយកចិត្តទុកដាក់ ការបង្រួបបង្រួម ការធ្វើការស៊ីសង្វាក់គ្នាក្នុងការដឹកនាំការដាក់ចេញគោលនយោបាយត្រឹមត្រូវ ជាពិសេសលើវិស័យការទូត ការពារជាតិ សេដ្ឋកិច្ច និងនយោបាយសន្តិសុខស្របតាមផលប្រយោជន៍របស់វៀតណាម ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេស។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការងារប្រឆាំងអំពើពុករលួយបន្តពន្លឿន និងបង្កើតការវិវឌ្ឍថ្មីៗដោយយកចិត្តទុកដាក់លើការប្រឆាំងអំពើពុករលួយ និងពង្រឹងអធិការកិច្ច។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យបន្តដឹកនាំយ៉ាងដិតដល់ និងខ្លាំងក្លានូវការងារកសាង និងកែតម្រូវបក្ស បង្ការ និងប្រឆាំងអំពើពុករលួយ និងបញ្ហាអសកម្ម ព្រមទាំងត្រូវតែកំណត់ឱ្យបានរាល់អត្តសញ្ញាណអំពើពុករលួយដ៏ស្មុគស្មាញ និងករណីអវិជ្ជមាន។ល៕

បកប្រែដោយ Minh Trung