យ៉ាងណាមិញ វៀតណាមមានចំណុចលេចធ្លោគួរឱ្យចាប់អារម្មណ៍ចំនួន ១០ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានអះអាងដូច្នេះនៅក្នុងសន្និសីទកាសែតអំពីការបញ្ចប់អាណត្តិរបស់វៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ។

យោងតាមលោករដ្ឋមន្ត្រី Bui Thanh Son ចំណុចចំណាប់អារម្មណ៍ដំបូងគឺវៀតណាមបានជំរុញវិធីសាស្រ្តខិតជិតពហុភាគី ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាសន្តិសុខ ខែមករា ឆ្នាំ ២០២០ វៀតណាមបានធ្វើជាប្រធានកិច្ចពិភាក្សាបើកចំហរ និងជំរុញក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីថ្លែងការណ៍របស់ប្រធានស្តីពីធម្មនុញ្ញអង្គការសហប្រជាជាតិ រួមចំណែកក្នុងការរក្សាតម្លៃយូរអង្វែង និងគោលការណ៍សំខាន់ៗដែលធានានូវឯកភាពក្នុងសកម្មភាពនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។ សម័យប្រជុំពិភាក្សាដោយមានការចូលរួម និងថ្លែងសុន្ទរកថាពីសំណាក់តំណាងប្រទេស និងអង្គការអន្តរជាតិចំនួន ១១១ ដែលជាតួលេខកំណត់ត្រាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ប្រការនេះបានបង្ហាញថា ការចាប់អារម្មណ៍របស់វៀតណាមមានភាពសុខដុមរមនា និងសមស្របជាមួយនឹងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ធ្វើជាអធិបតីសន្និសីទកាសែត

ទី២ ៖ វៀតណាមជំរុញការស្វែងរកដំណោះស្រាយ ប្រកបដោយនិរន្តរភាព និងទូលំទូលាយចំពោះជម្លោះ ពីការទប់ស្កាត់និងការអត់ធ្មត់ រហូតដល់ការដោះស្រាយឫសគល់នៃជម្លោះ ការដោះស្រាយផលវិបាកនៃជម្លោះ ដោយឈរលើគោលការណ៍គោរពឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃគ្រប់ប្រទេស និងតំបន់ដែនដី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ការដោះស្រាយវិវាទដោយសន្តិវិធី ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគីពាក់ព័ន្ធ ការលើកកម្ពស់ការសង្គ្រោះមនុស្សធម៌ ការពារជនស៊ីវិល ការសន្ទនា ការចរចា ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិយូរអង្វែង។

ទី៣៖ ផ្តើមចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ប្រទេសដែលបានឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំដើម្បីទទួលបានសន្តិភាពដូចសព្វថ្ងៃ​នេះ វៀតណាមបានលើកកម្ពស់ស្មារតីមនុស្សធម៌ មេត្តាធម៌ចំពោះប្រជាជន និងបង្កើនសកម្មភាពការពារមនុស្សធម៌ ការពារជនស៊ីវិលក្នុងជម្លោះ។ វៀតណាមបានធ្វើជាអធិបតីក្នុងការអនុម័តសេចក្តីសម្រេចចិត្តលេខ ២៥៧៣ - ដែលជាសេចក្តីសម្រេចចិត្តដាច់ដោយឡែកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ប្រជាជនក្នុងតំបន់​ដែលមានជម្លោះ ដោយបញ្ជាក់ថា​ រាល់ការវាយប្រហារលើសាលារៀននិងមន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធទឹក ... គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។

ទី៤៖ តាមរយៈបទពិសោធន៍កសាងប្រទេសឡើងវិញក្រោយសង្គ្រាម វៀតណាមបានបង្វែរការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាសន្តិសុខនិងសហគមន៍អន្តរជាតិដល់ផលវិបាករយៈពេលវែងនៃជម្លោះ និងសង្គ្រាមមកលើជីវភាពរស់នៅរបស់ប្រជាជន និងសន្តិសុខ ការអភិវឌ្ឍប្រទេស រួមទាំងបញ្ហាគ្រាប់មីនដែលនៅសល់ពីជម្លោះសង្គ្រាម។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ ក្នុងខែមេសា ឆ្នាំ ២០២១ វៀតណាមបានជំរុញឱ្យមានការអនុម័តសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីនៃក្រុមប្រឹក្សាសន្តិសុខ ដោយសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទី៥៖ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីជាស្ពាននិងជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនិងអង្គការក្នុងតំបន់ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជាពិសេសគឺការរៀបចំសម័យពិភាក្សា​បើកចំហលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាការលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាននៅក្រុមប្រឹក្សាសន្តិសុខក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ រួមទាំងបញ្ហាមីយ៉ាន់ម៉ាផងដែរ។

ទី៦៖ វៀតណាមជំរុញការយកចិត្តទុកដាក់និងដំណោះស្រាយគោលនយោបាយចំពោះក្រុមងាយរងគ្រោះក្នុងជម្លោះ ជាពិសេសស្ត្រីនិងកុមារ រួមទាំងរៀបចំសន្និសីទនិងអនុម័តការប្តេជ្ញាចិត្តចំពោះសកម្មភាពក្រុងហាណូយស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (ខែធ្នូ ឆ្នាំ ២០២០) បានរៀបចំសម័យប្រជុំពិភាក្សាបើកចំហស្តីពីអំពើហឹង្សាផ្លូវភេទក្នុងជម្លោះចំពោះស្ត្រី និងកុមារី។ល។

ទី៧៖ វៀតណាមជំរុញសកម្មភាពរួមលើបញ្ហាសន្តិសុខមិនប្រពៃណីជាបន្ទាន់សម្រាប់សហគមន៍អន្តរជាតិ ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 សន្តិសុខដែនសមុទ្រ និងជាពិសេសលើការប្រែប្រួលអាកាសធាតុ (LMG) និងក្រុមអ្នកជំនាញក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (IEG)។

ទី៨៖ វៀតណាមបង្ហាញតុល្យភាព តម្លាភាព និងទំនួលខុសត្រូវក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការរួម និងរួមចំណែកកាត់បន្ថយការខ្វែងគំនិតគ្នា ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខ ជាពិសេសសហគមន៍អន្តរជាតិ។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពិគ្រោះយោបល់ទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខ។

ទី ៩ ៖ រួមចំណែកលើកកម្ពស់កិត្យានុភាពនៃប្រទេសសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ជាពិសេសបានធ្វើជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំ (ខែវិច្ឆិកា ឆ្នាំ២០២០) រវាងប្រទេសសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ (E10) និងប្រទេសសមាជិកចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ២០២១-២០២២ ដើម្បីផ្លាស់ប្តូរព័ត៌មាននិងសម្របសម្រួលការងារ។

ទី១០៖ ក្រៅពីការរួមចំណែកគោលនយោបាយចំពោះក្រុមប្រឹក្សាសន្តិសុខវៀតណាម ក៏មានការរួមចំណែកផ្សេងទៀតដល់អង្គការសហប្រជាជាតិតាមរយៈការបង្កើនការបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានលើកឡើងគំនិតផ្តួចផ្តើមលើដំណោះស្រាយនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទិវាអន្តរជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត និងផ្តួចផ្តើមបង្កើតក្រុមមិត្តនៃ UNCLOS ឆ្នាំ១៩៨២។

ជាមួយនឹងលទ្ធផលខាងលើ លោក Bui Thanh Son បានបញ្ជាក់ថា វៀតណាមបានបញ្ចប់អាណត្តិជោគជ័យនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះគឺជាលទ្ធផលនៃគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់បក្ស និងរដ្ឋវៀតណាម។

នេះក៏ជាលទ្ធផលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការដឹកនាំដ៏ជិតស្និទ្ធ និងការចូលរួមដោយផ្ទាល់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋ ភាពស៊ីសង្វាក់គ្នា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់បក្ស និងរដ្ឋ គ្រប់ក្រសួង ស្ថាប័ន ក៏ដូចជាបណ្តាញស្ថាប័នតំណាងវៀតណាមនៅបរទេសផងដែរ៕

បកប្រែដោយ Minh Trung