ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងវៀតណាមលើវិស័យវប្បធម៌មានការផ្លាស់ប្ដូរយ៉ាងទូលំទូលាយ។ ការអភិវឌ្ឍ និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង រួមផ្សំនឹងគុណតម្លៃរបស់វៀតណាម ពិតជានឹងបង្កើតនូវឥទ្ធិពលដ៏អស្ចារ្យ មិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង លោក Hwang Hee នៅពេលផ្តល់បទសម្ភាសន៍ដោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងសេអ៊ូល ក្នុងឱកាស ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត (២២ ធ្នូ ឆ្នាំ១៩៩២ / ២២ ធ្នូ ឆ្នាំ២០២២) នៅឆ្នាំ២០២២។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង លោក Hwang Hee (រូបថត៖ vnanet.vn)

យោងតាមលោករដ្ឋមន្ត្រី Hwang Hee បានឲ្យដឹងថា គោលនយោបាយរបស់វៀតណាមគឺបើកចំហ និងទាន់សម័យ រួមផ្សំជាមួយប្រពៃណីរបស់ប្រជាជនវៀតណាម បានបង្កើតឡើងលក្ខណៈពិសេសដាច់ដោយឡែករបស់វៀតណាម។ លោកបានបន្ថែមថា ប្រទេសទាំងពីរមានសក្ដានុពល និងភាពខ្នះខ្នែង ដូច្នេះ យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីគឺអស្ចារ្យណាស់។ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ រួមចំណែកបង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានឲ្យដឹងថា ភាគីទាំងពីរមានប្រវត្តិវប្បធម៌ស្រដៀងគ្នា។ ប្រជាជនកូរ៉េខាងត្បូងមានការយល់ដឹងច្បាស់អំពីវប្បធម៌វៀតណាម រីឯប្រជាជនវៀតណាមក៏មានការយល់ដឹងយ៉ាងច្រើនអំពីវប្បធម៌កូរ៉េខាងត្បូងផងដែរ។ ក្នុងចំណោមមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងចំនួន ៣២ ដែលបើកក្នុងប្រទេសចំនួន ២៧ មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាម (ត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០០៦) គឺជាមជ្ឈមណ្ឌលវប្បធម៌ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ ដែលដើរតួជាបេសកជនវប្បធម៌រវាងប្រទេសទាំងពីរ។ កូរ៉េខាងត្បូងក៏នឹងប្រឹងប្រែងណែនាំវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូងផងដែរ៕

បកប្រែដោយ Huyen Trang