ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសជប៉ុនធ្វើឡើងក្នុងបរិបទដែលអាស៊ី-ប៉ាស៊ីហ្វិកបន្តជាតំបន់អភិវឌ្ឍន៍ដ៏ខ្លាំងក្លា ខណៈដែលប្រទេសជប៉ុនបានរៀបចំការបោះឆ្នោតសំខាន់បំផុតចំនួនពីរហើយ។ លោកនាយករដ្ឋមន្ត្រី Kishida Fumio ដែលកាន់តំណែងជាអគ្គលេខាធិការអន្តរសភាមិត្តភាពជប៉ុន-វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ បានមកបំពេញទស្សនកិច្ចនៅវៀតណាមចំនួនបីលើក ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

វៀតណាម និងជប៉ុនបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣។ កាលពីខែមីនា ឆ្នាំ ២០១៤ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី។

leftcenterrightdel
រូបថតឧទាហរណ៍ (cand.com.vn)

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-ជប៉ុនបានបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយមានទំនុកចិត្តខាងនយោបាយខ្ពស់។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីររក្សាដំណើរទស្សនកិច្ច និងការជួបជុំជាប្រចាំនៅវេទិកាអន្តរជាតិ និងតំបន់។ ប្រទេសទាំងពីរក៏មានយន្តការសហប្រតិបត្តិការសំខាន់ៗដូចជា៖ គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ជប៉ុន; កិច្ចសន្ទនាភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនស្ដីពីការទូត-សន្តិសុខ-ការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស; កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុន ថ្នាក់អនុរដ្ឋមន្ត្រី; កិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រី; គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថាមពល និងឧស្សាហកម្ម; កិច្ចសន្ទនាកសិកម្មថ្នាក់រដ្ឋមន្ត្រី; កិច្ចសន្ទនាគោលនយោបាយស្តីពីសមុទ្រវៀតណាម-ជប៉ុន ថ្នាក់រដ្ឋមន្ត្រី។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនៃប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុត ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក វៀតណាមបានអះអាងថាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយជប៉ុន ដើម្បីបើកដំណាក់កាលអភិវឌ្ឍន៍ថ្មី និងប្រកបដោយប្រសិទ្ធភាពថែមទៀតលើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ តំបន់មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ប្រទេសទាំងពីរមានការផ្លាស់ប្តូរជាប្រចាំក្នុងស្មារតីស្មោះត្រង់ មិត្តភាព ទំនុកចិត្ត និងភាពស្មោះត្រង់ និងមានប្រសិទ្ធភាពក្នុងវិស័យសំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សុខាភិបាល វ៉ាក់សាំង និងការព្យាបាល Covid-19; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគីស្តីពីបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចជួរមុខរបស់វៀតណាម និងជាប្រទេសដែលផ្តល់ជំនួយ ODA ធំជាងគេ ជាវិនិយោគិនទីពីរ  ជាដៃគូទេសចរណ៍ទី៣ និងជាដៃគូពាណិជ្ជកម្មទី ៤ របស់វៀតណាម។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចូល-នាំចេញរវាងវៀតណាម និងជប៉ុន សម្រេចបាន ៣១ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសជប៉ុនសម្រេចបាន ១៤.៧ ពាន់លានដុល្លារអាមេរិក ហើយការនាំចូលសម្រេចបាន ១៦.៣ ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងប្រទេសទាំងពីរនៅតែបន្តអនុវត្តប្រកបដោយស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតដូចជា ពលកម្ម កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏សម្រេចបានលទ្ធផលជាច្រើនដែរ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនត្រូវបានបើកឡើងវិញជាបណ្តើរៗ បន្ទាប់ពីមួយរយៈពេលដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19។ ប្រទេសទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន; ជំរុញទំនាក់ទំនងសេដ្ឋកិច្ច រួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ចាប់ពីដើមឆ្នាំ ២០២០ មក ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 វៀតណាម និងជប៉ុនបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសការសម្របសម្រួលក្នុងការគ្រប់គ្រងជំងឺ Covid-19។

អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសជប៉ុនលើកនេះ គឺជាជំហានមួយក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដូចដែលបានអះអាងនៅក្នុងមហាសន្និបាតបក្សលើកទី១៣។

ជាងនេះទៅទៀត ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រព្រឹត្តទៅក្នុងបរិបទដែលសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនកំពុងពង្រីកដោយឥតឈប់ឈរ នាំមកនូវផលប្រយោជន៍កាន់តែធំជូនប្រជាជននៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា វៀតណាមជាមិត្ត ជាដៃគូយ៉ាងជិតស្និទ្ធគួរឱ្យទុកចិត្ត និងគាំទ្រជប៉ុនក្នុងការលើកកម្ពស់តួនាទីដ៏សក្តិសមរបស់ខ្លួននៅក្នុងតំបន់ និងលើពិភពលោក; ត្រៀមខ្លួនជាស្រេចរួមជាមួយជប៉ុន ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Huyen Trang