ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយលោក Uhuru Kenyatta ប្រធានាធិបតីនៃប្រទេសកេនយ៉ា ហើយសូមអរគុណចំពោះលោកស្រីជាអគ្គលេខារង នៃអង្គការសហប្រជាជាតិ (UN) និងអ្នករាយការណ៍ផ្សេងទៀត ដែលបានចែករំលែកព័ត៌មាន និងអនុសាសន៍សំខាន់ៗជាច្រើន។

សូមគោរពលោកប្រធាន!

ទ្វីបអាហ្រ្វិកដ៏អស្ចារ្យមួយនេះបានផ្សារភ្ជាប់ជាមួយនឹងប្រភពដើមនៃប្រវត្តិសាស្រ្តរបស់មនុស្សលោកជាយូរយារណាស់មកហើយ គឺជាលំយោលនៃអរិយធម៌ជាច្រើនរបស់មនុស្សជាតិ គឺជាច្រកផ្លូវពាណិជ្ជកម្មដ៏អ៊ូអរនៃពិភពលោក។ ជាមួយនឹងធនធានដ៏សម្បូរបែប ទ្វីបនេះមានសក្តានុពលពេញលេញក្នុងការរីកលូតលាស់សម្បូរបែប និងរួមចំណែកដល់វិបុលភាពពិភពលោក។ ទ្វីបអាហ្រ្វិកកំពុងមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយតំបន់ផ្សេងទៀតដែលទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ហើយសម្រេចបានសមិទ្ធផលលើកទឹកចិត្តជាច្រើនក្នុងការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្ម។ ជាមួយនឹងតួនាទីជាមជ្ឈភាព និងក្រោមការដឹកនាំនៃសហភាពអាហ្រ្វិក និងអង្គការអនុតំបន់របស់ខ្លួន គ្រាប់ពូជនៃសន្តិភាពបានដុះពន្លកនៅក្នុងទឹកដីជាច្រើន ដែលធ្លាប់បានផ្ទុះឡើងជាមួយនឹងអណ្តាតភ្លើងនៃសង្រ្គាម។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកនៅតែទទួលរងពីឥទ្ធិពលដ៏រ៉ាំរ៉ៃនៃអាណានិគមនិយម និងទាសភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ អស្ថិរភាព ជម្លោះ ភេរវកម្ម និងលទ្ធិជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន បម្រែបម្រួលអាកាសធាតុ អសន្តិសុខស្បៀង និងប្រភពទឹកបន្តមានភាពស្មុគស្មាញ ដែលរារាំងសន្ទុះនៃការអភិវឌ្ឍនៃទ្វីបនេះ។ ជំងឺរាតត្បាត Covid-19 គឺជាបន្ទុកដ៏លើសលប់នៅលើទ្វីបនេះ ដោយបង្ហាញឱ្យឃើញបន្ថែមពីភាពមិនគ្រប់គ្រាន់នៃប្រព័ន្ធអភិបាលកិច្ចសកល ដែលក្នុងនោះ ៩០% នៃប្រជាជនអាហ្រ្វិកមិនបានទទួលវ៉ាក់សាំងដូសដំបូងឡើយ នេះពិតជាឧទាហរណ៍ដ៏សោកសៅបំផុតមួយ។

នៅក្នុងពិភពសាកលភាវូបនីយកម្ម និងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប្រសិនបើទ្វីបអាហ្រ្វិកមិនមានសន្តិភាព សន្តិសុខ ស្ថិរភាព និងការគ្រប់គ្រងលើការរីករាលដាលនៃជំងឺរាតត្បាតទេនោះ ពិភពលោកពិតជាមិនអាចមានសុវត្ថិភាពពីការរាតត្បាតនៃជំងឺនេះបានទេ។ ដូច្នេះផ្តើមពីពីមនសិការ និងទំនួលខុសត្រូវ សហគមន៍អន្តរជាតិចាំបាច់ត្រូវ រួមដៃគ្នាជួយដល់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកក្នុងការទទួលបានវ៉ាក់សាំង ការគ្រប់គ្រងជំងឺរាតត្បាត ការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
ប្រធាន Nguyen Xuan Phuc ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ

រួមដំណើរជាមួយប្រទេសអាហ្រ្វិក ខ្ញុំចង់ចែករំលែកអនុសាសន៍ដូចខាងក្រោម៖

ទីមួយ ជាមួយនឹងបាវចនា “ដំណោះស្រាយអាហ្រ្វិកចំពោះបញ្ហាប្រឈមរបស់ទ្វីបអាហ្រ្វិក" បណ្តាប្រទេសនៅលើទ្វីបចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវការពឹងផ្អែកលើខ្លួនឯង លើកកម្ពស់ការកសាងទំនុកចិត្ត ការសន្ទនា និងការបង្រួបបង្រួមជាតិដើម្បីលុបចោលហេតុផលជាឬសគល់នៃជម្លោះ ការប៉ះទង្គិច ភាពក្រីក្រ អសមភាព វិវាទសង្គម។ល។ លើកទឹកចិត្តការចូលរួមរបស់ស្ត្រី និងយុវជនឲ្យ​បាន​កាន់តែច្រើនថែម​ទៀត​។

ទីពីរ ប្រទេសអាហ្វ្រិកត្រូវបន្តបណ្តុះទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម ពង្រឹងពហុភាគីនិយម លើកកំពស់ស្មារតីគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងសកលលោក។

ទីបី អង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិកគួរតែត្រួសត្រាយកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគំនិតផ្តួចផ្តើមបញ្ឈប់ការផ្ទុះកាំភ្លើងនៅអាហ្រ្វិកនៅឆ្នាំ២០៣០ របៀបវារៈអាហ្រ្វិក ២០៦៣ និងរបៀបវារៈ SDG-២០៣០ ស្តីពីការអភិវឌ្ឍ​ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។  ភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខនៃសហភាពអាហ្រ្វិក គួរតែត្រូវបានលើកកម្ពស់យ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

ទី៤ ការពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការក្នុងតំបន់នឹងជួយបង្កើនសមត្ថភាពរួមរបស់ពួកគេក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ វៀតណាមគាំទ្រការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអាហ្វ្រិក។

ទី៥ ធានាសន្តិសុខស្បៀងជាសសរស្តម្ភសម្រាប់ស្ថិរភាពសេដ្ឋកិច្ចសង្គម កសាងសន្តិភាពប្រកបដោយចីរភាព។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ត្បូង វៀតណាមជាដៃគូនាំមុខគេនៃប្រទេសអាហ្រ្វិកជាច្រើនក្នុងវិស័យផលិតកម្មស្បៀង ពាណិជ្ជកម្មកសិកម្ម។ល។ យើងខ្ញុំនឹងបន្តនិន្នាការសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ។ បច្ចុប្បន្នវៀតណាមជាប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោក។

សូមគោរពលោកប្រធាន!

ប្រទេសអាហ្រ្វិកជាច្រើន និងវៀតណាមមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ចែករំលែកនូវប្រវត្តិវីរភាពនៃការតស៊ូរំដោះជាតិ និងអាណានិគម។ ការយកឈ្នះលើចម្ងាយភូមិសាស្ត្រ យើងទាំងពីរតែងតែសហការ គាំទ្រ និងផ្តល់មនោសញ្ចេតនាដល់គ្នាទៅវិញទៅមក។ ក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកភ្លាមៗបន្ទាប់ពីវៀតណាមរួបរួមជាតែមួយនោះ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ធ្លាប់បានមានប្រសាសន៍ថា “ខ្ញុំមកទីនេះជាមួយបងប្អូនក្នុងនាមជាបងប្អូន មកជាមួយបងប្អូន ជាមិត្តប្រយុទ្ធរួមលេណដ្ឋានដ៏ជិតស្និទ្ធ …”។

សព្វថ្ងៃនេះ ដោយស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព” វៀតណាមតែងតែឈរប្រកៀកស្មាជាមួយបណ្តាប្រទេសនៅអាហ្វ្រិកដើម្បីជំនះការលំបាក ពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងខ្ញុំចែករំលែកបទពិសោធន៍នៃការកសាងឡើងវិញ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ការឧបត្ថម្ភគ្រឿងបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ បច្ចុប្បន្ននេះ កម្មាភិបាលពេទ្យយោធាវៀតណាមជាច្រើនរូបកំពុងធ្វើការយ៉ាងស្មោះស្ម័គ្របំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយនឹងមានវត្តមាននៅក្នុងបេសកកម្មជាច្រើនទៀតក្នុងទ្វីបនាពេលឆាប់ៗនេះ។

វៀតណាមសង្ឃឹមថានឹងឆាប់ៗក្លាយជាអ្នកសង្កេតការណ៍ក្នុងសហភាពអាហ្រ្វិក រួបរួមជាមួយបណ្តាប្រទេសអាហ្វ្រិកដើម្បីពង្រឹងសំឡេង និងតួនាទីនៃប្រទេសកំពុងអភិវឌ្ឍក្នុងយន្តការពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ។

សូមអរគុណច្រើន។

បកប្រែដោយ Minh Trung