តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងសុន្ទរកថា តាមវីដេអូនៅក្នុងវេទិកា “សប្តាហ៍ថាមពលរុស្ស៊ី” លើកទី ៤ ដែលធ្វើឡើងនៅទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី១៣ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែតុលា។ នៅក្នុងសុន្ទរកថាស្វាគមន៍វេទិកា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់សហព័ន្ធរុស្ស៊ីក្នុងវិស័យថាមពលពិភពលោក ដោយជួយរក្សាស្ថិរភាព និងតុល្យភាពនៃទីផ្សារថាមពលអន្តរជាតិ។

នាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា វេទិកា“សប្តាហ៍ថាមពលរុស្ស៊ី” រួមចំណែកបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងរាល់ប្រទេស ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនក្នុងការអភិវឌ្ឍវិស័យថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិ និងមនុស្សជាតិទាំងអស់។

leftcenterrightdel
នាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងសុន្ទរកថា តាមវីដេអូនៅក្នុងវេទិកា “សប្តាហ៍ថាមពលរុស្ស៊ី” លើកទី ៤ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយដែលមានអត្រាកំណើនសេដ្ឋកិច្ចឈានមុខគេនៅអាស៊ានដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ វៀតណាមបានយល់យ៉ាងច្បាស់អំពីសារៈសំខាន់ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធប្រភពថាមពលក្នុងទិសដៅបង្កើនសមាមាត្រថាមពលកកើតឡើងវិញដែលមានទំនាក់ទំនងជាមួយការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ផ្តល់ព័ត៌មានដល់ប្រតិភូចូលរួមក្នុងវេទិកានេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាននិយាយថា វៀតណាមកំពុងកសាងផែនការអភិវឌ្ឍអគ្គិសនីថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលមានការតំរង់ទិសលើរចនាសម្ព័ន្ធនៃប្រភពថាមពលរបស់វៀតណាម ដោយមានទិសដៅធំៗចំនួន ៣ ។

ដូច្នោះហើយវៀតណាមលើកកម្ពស់ការធ្វើពិពិធកម្មប្រភពថាមពលដោយផ្តោតលើការអភិវឌ្ឍប្រភពថាមពលស្អាត និងកកើតឡើងវិញ។ ដើម្បីសម្រេចបានគោលដៅទាំងនេះវៀតណាមបានចេញនូវយន្តការជាច្រើនដើម្បីជំរុញការអភិវឌ្ឍថាមពលខ្យល់ ថាមពលជីវម៉ាស អគ្គិសនីពីសំណល់រឹង និងថាមពលពន្លឺព្រះអាទិត្យ ...។

ចំពោះប្រភពថាមពលហ្វូស៊ីលនោះ វៀតណាមនឹងមានផែនការកាត់បន្ថយបន្តិចម្តងៗ ហើយស្ទើរតែគ្មានរោងចក្រថាមពលដើរដោយធ្យូងថ្មថ្មីត្រូវបានបង្កើតឡើងថ្មីទេ។ ហើយជាការរំពឹងទុក វៀតណាមនឹងបង្កើនថាមពលកំដៅឧស្ម័នយ៉ាងខ្លាំង រួមទាំងថាមពលកំដៅដោយប្រើឧស្ម័នក្នុងស្រុក និងឧស្ម័នធម្មជាតិរាវ (LNG) ។

វៀតណាមក៏បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ប្រកបដោយភាពសន្សំនិងប្រសិទ្ធភាព។ អនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ វៀតណាមបានបង្កើតនិងដាក់ចេញកម្មវិធីជាតិស្តីពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសម្រាប់ឆ្នាំ ២០១៩-២០៣០។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមជានិច្ចកាលកោតសរសើរចំពោះចំណងមិត្តភាពប្រពៃណីដ៏ល្អជាមួយរុស្ស៊ី ដែលកិច្ចសហប្រតិបត្តិការថាមពលពិតជាមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកហើយ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រេងនិងឧស្ម័នគឺជាសសរស្តម្ភដ៏សំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ី ដោយមានការបណ្តាក់ទុន និងគម្រោងជាច្រើនបន្តដំណើរការប្រកបដោយប្រសិទ្ធភាពទាំងនៅវៀតណាមនិងរុស្ស៊ី។ ជោគជ័យទាំងនេះគឺជាមូលដ្ឋានសម្រាប់វៀតណាម និងសហព័ន្ធរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលថ្មី ថាមពលកកើតឡើងវិញ ថាមពលបៃតង និងថាមពលស្អាត។

ក្នុងបរិបទដែលពិភពលោកស្ថិតនៅក្រោមឥទ្ធិពលរួមនៃការរាតត្បាតនៃជំងឺកូវីដ -១៩ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះនៃធនធានធម្មជាតិ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីភាពចាំបាច់ត្រូវតែមានវិធីសាស្រ្តប្រកបដោយបរិយាប័ន្នសកល សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក។ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រប់ប្រទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា វៀតណាមនឹងបន្តកែលម្អប្រព័ន្ធច្បាប់ គោលនយោបាយ និងច្បាប់នានាដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មថាមពល  ជំរុញការលើកកម្ពស់យន្តការនៃកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មសហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសដទៃទៀតវិនិយោគ និងធ្វើអាជីវកម្មលើវិស័យថាមពលនៅវៀតណាម។

វេទិកា “សប្តាហ៍ថាមពលរុស្ស៊ី” គឺជាព្រឹត្តិការណ៍អំពីថាមពលដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីពិភាក្សាអំពីបញ្ហាអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យថាមពល។

វេទិកាឆ្នាំនេះ“សប្តាហ៍ថាមពលរុស្ស៊ី” ដែលមានប្រធានបទ “ថាមពលពិភពលោក៖ ការផ្លាស់ប្តូរដើម្បីការអភិវឌ្ឍ” បានទាក់ទាញការចូលរួមពីប្រតិភូរុស្ស៊ី និងអន្តរជាតិជាង ១,០០០ នាក់ រួមទាំងមេដឹកនាំប្រទេស អង្គការអន្តរជាតិ និងសាជីវកម្មថាមពលឈានមុខគេនៅលើពិភពលោកជាច្រើន។ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន ក៏បានថ្លែងសុន្ទរកថានៅក្នុងវេទិកានេះដែរ។

សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយអ្នកចូលរួមវេទិកានេះបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហាពិភពលោក ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី និងប្រទេសដទៃទៀតដើម្បីអភិវឌ្ឍវិស័យថាមពលប្រកបដោយនិរន្តរភាព កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅលើពិភពលោក៕

បកប្រែដោយ Minh Trung