ការដែលនាយករដ្ឋមន្រ្តី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី ៧ សំដៅបន្តបញ្ជាក់បន្ថែមថា វៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមហាអនុតំបន់ទន្លេមេគង្គ និយាយដោយឡែក និងយន្តការសហប្រតិបត្តិការក្នុងតំបន់មេគង្គនិយាយរួម។

កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គដែលផ្តួចផ្តើមឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ ១៩៩២ រួមមានរាល់ប្រទេសជាសមាជិកគឺ វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងចិន(ដែលមានខេត្តពីរតំណាងគឺ ខេត្តយូណាន និងក្វាងស៊ី)។ គោលដៅរបស់មហាអនុតំបន់ទន្លេមេគង្គ គឺដើម្បីលើកកម្ពស់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសនានាដោយប្រែក្លាយតំបន់មេគង្គទៅជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងវិបុលភាព។ រហូតមកដល់ពេលនេះមហាអនុតំបន់ទន្លេមេគង្គបានឆ្លងកាត់កិច្ចប្រជុំកំពូលចំនួន ៦ ហើយលើកថ្មីៗនេះគឺកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ ៦ នៅទីក្រុងហាណូយ ក្នុងឆ្នាំ ២០១៨។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh

ធ្លាប់ជាតំបន់នៃប្រទេសក្រីក្រ មានការអភិវឌ្ឍយឺតយ៉ាវ និងឯកោនៅក្នុងសតវត្សរ៍មុននេះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន មហាអនុតំបន់ទន្លេមេគង្គពិតជាមានមោទនភាពដោយមានខឿនសេដ្ឋកិច្ចខ្លះមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក បើកចំហរ និងធ្វើសមាហរណកម្មយ៉ាងសកម្ម និងមានទំហំទីផ្សារដ៏ធំ និងរស់រវើក។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គកាន់តែត្រូវបានពង្រីកទាំងអំពីទំហំ និងជម្រៅជាបន្តបន្ទាប់ ដោយបញ្ជាក់បានពីអត្តសញ្ញាណរបស់ខ្លួនគឺជាយន្តការនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយកិត្យានុភាពជាមួយនឹងយុទ្ធសាស្ត្រ “ការតភ្ជាប់សហគមន៍ និងការប្រកួតប្រជែង”។ គម្រោងរាប់រយដែលមានដើមទុនសរុបរាប់សិបពាន់លានដុល្លារត្រូវបានអនុវត្តលើវិស័យជាច្រើន ចាប់ពីវិស័យដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ រហូតដល់ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ដែលក្នុងនោះការដឹកជញ្ជូនត្រូវបានចាត់ទុកថាជាវិស័យរីកចម្រើនលឿនបំផុតជាមួយនឹងការបង្កើតច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ខាងជើង-ខាងត្បូង (NSEC) និងច្រករបៀងសេដ្ឋកិច្ចខាងត្បូង (SEC)។ “ផ្លែឈើដ៏ផ្អែមល្ហែម” ដែលមហាអនុតំបន់ទន្លេមេគង្គទទួលបាននោះគឺជាសក្ខីភាពបញ្ជាក់ពីសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តក្នុងការកសាងតំបន់មេគង្គប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាពសម្រាប់ប្រជាជន។

ដោយទទួលស្គាល់យ៉ាងច្បាស់ពីសារៈសំខាន់នៃតំបន់មេគង្គ ជា“លំហសន្តិសុខ និងការអភិវឌ្ឍ” ដោយផ្ទាល់របស់ខ្លួន  វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងអស់ រួមជាមួយប្រទេសជាសមាជិកនានាដើម្បីបង្កើតយន្តការការងារប្រកបដោយប្រសិទ្ធភាព ពង្រីកភាពខ្លាំងរបស់ភាគីចូលរួម និងបំពេញតម្រូវការអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងរយៈពេល ១/៤ សតវត្សរ៍កន្លងមកនេះ ប្រទេសវៀតណាមតែងតែផ្តល់តម្លៃ និងរួមចំណែកស្ទើតែទាំងអស់ដល់គំនិតផ្តួចផ្តើម និងវិស័យសហប្រតិបត្តិការរបស់មហាអនុតំបន់ទន្លេមេគង្គលើវិស័យគមនាគមន៍ ពាណិជ្ជកម្ម វិនិយោគ ថាមពល និងទូរគមនាគមន៍ ការអភិវឌ្ឍធនធានមនុស្ស បរិស្ថាន កសិកម្ម ទេសចរណ៍ ... វៀតណាមក៏សហការយ៉ាងសកម្មជាមួយបណ្តាប្រទេសជាសមាជិក, ADB និងដៃគូអភិវឌ្ឍន៍ដើម្បីកៀរគរធនធានសម្រាប់ការអនុវត្តគម្រោងសហប្រតិបត្តិការ GMS។

ផ្អែកលើសមិទ្ធផលប្រកបដោយមោទនភាពដែលមហាអនុតំបន់ទន្លេមេគង្គសម្រេចបាននៅតាមដងទន្លេមេគង្គក្នុងរយៈពេលជិតមួយភាគបីនៃសតវត្សរ៍នេះ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ នឹងទទួលបានជោគជ័យយ៉ាងធំធេង បង្កើតលក្ខខណ្ឌសម្រាប់មហាអនុតំបន់មេគង្គឱ្យបន្តឈានទៅមុខជាយន្តការសំខាន់ក្នុងការពង្រឹងការតភ្ជាប់ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសជាសមាជិក រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនៅក្នុងតំបន់មេគង្គ ជាពិសេសនៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងនាំមកភាពរុងរឿងសម្រាប់ប្រជាជន។ ជាមួយនឹងតួនាទី និងកិត្យានុភាពដែលត្រូវបានលើកកម្ពស់ ព្រមទាំងបទពិសោធន៍ដែលទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើសមាហរណកម្មអន្តរជាតិក្នុងរយៈពេលកន្លងមក យើងមានទំនុកចិត្តយ៉ាងខ្លាំងមោះមុតថា វៀតណាមមានលក្ខខណ្ឌប្រសើរជាងមុននៅពេលចូលរួមក្នុងកិច្ចសហប្រតិបត្តិការ GMS តាមរយៈនោះ បំរើបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស និងរួមចំណែកដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់៕

បកប្រែដោយ Minh Trung