បន្ទាប់ពីពិធីទទួបដិសណ្ឋារកិច្ចជាផ្លូវការ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  Thongloun Sisoulith បានដឹកនាំកិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការបន្តធ្វើឱ្យទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ ហើយបានឯកភាពគ្នាជ្រើសរើសឆ្នាំ ២០២២ ជា “ឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២” ដើម្បីអបអរសាទររំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក  Thongloun Sisoulith (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រជួយគ្នាទៅវិញទៅមកប្រកបដោយភាពសុឆន្ទៈដ៏ថ្លៃថ្លា។ ថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍល្អនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ។ ទោះបីជារងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយក៏ភាគីទាំងពីរបានខិតខំរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់។  កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត ការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាល ពាណិជ្ជកម្ម វិនិយោគ... បានបន្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីនៅឆមាសទី ១ ឆ្នាំនេះសម្រេចបាន ៦៧០ លានដុល្លារ កើនឡើងជិត ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសវៀតណាមមានគម្រោងចំនួន ២០៩ នៅតែមានសុពលភាពនៅប្រទេសឡាវ ដោយមានដើមទុនចុះបញ្ជីសរុបប្រហែល ៥.២ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេសដែលវិនិយោគផ្ទាល់នៅឡាវ។

ថ្នាក់ដឹកនាំទាំងពីរបានចំណាយពេលច្រើនសម្រាប់ពិភាក្សាអំពីវិធានការគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩។  ក្នុងពេលជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរបានឯកភាពរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចាប់ពីនយោបាយ ការទូត ការពារជាតិ និងសន្តិសុខ រហូតដល់វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ... ដើម្បីរួមគ្នាជម្នះបញ្ហាប្រឈមជាមួយគ្នា និងឆ្លៀតឱកាសឱ្យបានល្អដែលបាននាំមកដោយបដិវត្តន៍ឧស្សាហកម្ម ៤.០។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការដើម្បីបន្តទំនាក់ទំនងនយោបាយស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាយុទ្ធសាស្ត្រដែលទាក់ទងនឹងសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ រក្សាដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងទម្រង់ផ្សេងៗគ្នា ផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្ម ចែករំលែកបទពិសោធន៍ស្តីពីការកសាងបក្ស ប្រព័ន្ធនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រីកការធ្វើសមាហរណកម្មអន្តរជាតិ លើកកម្ពស់ការឃោសនានិងការអប់រំអំពីប្រពៃណីនៃទំនាក់ទំនងពិសេសវៀតណាម - ឡាវ។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខដើម្បីឆ្លើយតបប្រកប​ដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ ថ្នាក់ដឹកនាំទាំងពីរបានយល់ព្រមចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់។ បន្តលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន។  ពង្រឹងការសម្របសម្រួលជាមួយកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្រ្តីទាំង ៣ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងការអនុវត្តផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចទាំងបី កម្ពុជា-ឡាវ-វៀតណាម រហូតដល់ឆ្នាំ ២០៣០ ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) រួមគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់ការអនុវត្តពេញលេញ និងប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់ៗសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។

* នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ លោក  Phankham Viphavanh និងអតីតថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋឡាវ ព្រមទាំងបានចូលរួមសកម្មភាពមួយចំនួនទៀតផងដែរ៕

បកប្រែដោយ Minh Trung