leftcenterrightdel
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍សំខាន់បំផុតរបស់អាស៊ានក្នុងឆ្នាំនេះ

អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន និងដៃគូ

ភ្ញៀវកិត្តិយសជាទីមេត្រី!

ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដោយបានថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានដែលមានសារៈសំខាន់បំផុតរបស់អាស៊ានក្នុងឆ្នាំ - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារវាងអាស៊ានជាមួយដៃគូ។ រាល់ពេលដែលខ្ញុំចូលរួមក្នុងសកម្មភាពអាស៊ានសុទ្ធតែដក់ជាប់ក្នុងអារម្មណ៍ខ្ញុំនូវភាពកក់ក្តៅនៃសាមគ្គីភាព និងភាពស្អិតរមួតដូចបងប្អូនក្នុងមហាគ្រួសារតែមួយ។ ក្នុងមួយឆ្នាំកន្លងមក មនោសញ្ចេតនានេះកាន់តែច្រើនឡើងៗ ខណៈដែលប្រទេសជាសមាជិកអាស៊ានទាំងមូលបានរួមដៃគ្នា និងសម្របខ្លួនយ៉ាងសកម្មទៅនឹងបញ្ហាប្រឈម និងការលំបាកដែលតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកត្រូវតែប្រឈមមុខ។

អស់លោកលោកស្រី!

ការផ្ទុះឡើងនៃ Covid-19 បានឆកយកជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមិទ្ធិផលសេដ្ឋកិច្ចសង្គមដែលបានប្រមូលផ្តុំក្នុងរយៈពេលជាច្រើនទសវត្សកម្លងមក។ ឆ្នាំ ២០២០ កំពុងបិទជាបណ្តើរ ៗជាមួយនឹងការផ្លាស់ប្តូរយ៉ាងទូលំទូលាយនិងស្មុគស្មាញនៃស្ថានភាពពិភពលោក។ ជាងពេលណាៗទាំងអស់ ប្រទេសជាតិ និងប្រជាជនទាំងឡាយនៅលើពិភពលោកត្រូវការសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយនិងប្រជាជនត្រូវការទទួលបានការយកចិត្តទុកដាក់ ការថែរក្សាការពារនិងការចែករំលែកដើម្បីជៀសផុតពីគ្រាដ៏លំបាកនេះ។ ប្រការទាំងនេះអាចធ្វើទៅបានលុះត្រាតែទំនាស់លើផលប្រយោជន៍ ភាពខុសគ្នានៃការគិតការធ្វើត្រូវបានដោះស្រាយដោយការជឿទុកចិត្តគ្នា និងស្មារតីស្ថាបនា និងអាកប្បកិរិយាប្រកបដោយសុច្ឆន្ទៈរបស់ភាគីទាំងអស់។

អស់លោក លោកស្រីជាទីមេត្រី!

នៅលើរូបភាពចម្រុះពណ៌នៃពិភពលោក មានចំណុចភ្លឺគួរឱ្យចាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមនានាត្រូវបានគេទទួលស្គាល់នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ និងជាស្នូលរបស់អាស៊ាន។

នៅឆ្នាំ ២០២០ ប្រទេសអាស៊ានទាំងអស់បានបង្ហាញពីភាពក្លាហាននិងការប្តេជ្ញាចិត្តរបស់ខ្លួនដោយខិតខំប្រឹងប្រែងជំនះនូវរាល់ការលំបាក និងឧបសគ្គជាច្រើន។ ចាប់ពីការប្តេជ្ញាចិត្តនយោបាយនៅកម្រិតខ្ពស់បំផុតរហូតដល់រាល់វិធាននៃការអនុវត្តប្រកបដោយព្រមៗគ្នា ស៊ីចង្វាក់គ្នានៃម៉ាស៊ីនទាំងមូល ក៏ដូចជាក្នុងចំណោមបណ្តាប្រទេសសមាជិក យើងបានឃើញដោយផ្ទាល់នូវស្មារតីនៃភាពស្អិតរមួត និងការឆ្លើយតបរបស់អាស៊ានដោយត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការបង្ការ និងគ្រប់គ្រងជំងឺ Covid-19 ក៏ដូចជាការជំនះនូវផលវិបាកនៃការរាតត្បាត ការជួយឧបត្ថម្ភប្រជាជននិងអង្គភាពអាជីវកម្ម ការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ ទំនុកចិត្តរបស់ប្រជាពលរដ្ឋគឺសុទ្ធតែក្នុងកម្រិតខ្ពស់ចំពោះសមត្ថភាពនៃការឆ្លើយតបរបស់រដ្ឋាភិបាលទាំងអស់ក្នុងតំបន់។

ថ្វីត្បិតតែស្របពេលដែលស្ថាប័នពហុភាគីមួយចំនួនកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក្តី  ក៏អាស៊ាននៅតែទទួលបានជោគជ័យក្នុងការរក្សា ប្រតិបត្តិការនានាប្រកបដោយស្ថិរភាព ថែមទាំងរក្សាបានរឹងមាំនូវតួនាទីរបស់ខ្លួនក្នុងឆ្នាំនេះទៀតផង។ ដៃគូនានាបន្តឱ្យតម្លៃ និងគាំទ្រដល់មជ្ឈភាពរបស់អាស៊ាន។ និន្នាការនៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្សាភ្ជាប់មានមូលដ្ឋានរឹងមាំកាន់តែខ្លាំងឡើងនៅក្នុងស្ថានភាពតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ននេះ។

ទោះយ៉ាងណាក៏ដោយផ្លូវធ្វើដំណើរទៅមុខនៅតែមានឧបសគ្គមិនតិចឡើយ។ ការបាត់បង់ទាំងអាយុជីវិតមនុស្ស ទាំងទ្រព្យសម្បត្តិ ដែលប្រជាជនរាប់សិបលាននាក់នៅក្នុងតំបន់កំពុងទទួលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ និងរោគរាតក្នុងឆ្នាំកន្លងមកពិតជាធ្ងន់ណាស់។ ប្រជាជនអាស៊ានកំពុងទន្ទឹងរង់ចាំថ្នាក់ដឹកនាំអាស៊ានដាក់ចេញនូវរាល់វិធានការសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀតដើម្បីគ្រប់គ្រងបានល្អរលកនៃការឆ្លងរោគរាតត្បាតថ្មីៗ  ព្រមទាំងបន្តរក្សានូវរាល់សកម្មភាព ហើយនិងរួមជាមួយអង្គការអាជីវកម្មទាំងអស់ស្តារសេដ្ឋកិច្ចឡើងវិញ ជួយទ្រទ្រង់ស្ថិរភាពជីវភាពប្រជាជន ធានាសន្តិសុខសង្គមសម្រាប់គ្រប់តំបន់ និងប្រជាជននៃប្រទេសទាំងអស់។

ការកំណត់ឲ្យបានត្រឹមត្រូវនូវតួនាទីរបស់អាស៊ាននៅក្នុងពិភពក្រោយ Covid-19 គឺជាបញ្ហាដ៏ធំមួយ។ បំណងប្រាថ្នា និងឆន្ទៈខ្ពស់ក្នុងការថែរក្សាតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព សាមគ្គីភាព និងឯកភាពដោយឈរលើមូលដ្ឋាននៃច្បាប់អន្ដរជាតិបាននិងកំពុងបន្តក្លាយទៅជាគុណតម្លៃស្នូលនៃអាស៊ីអាគ្នេយ៍ និងសហគមន៍អាស៊ាន។

នៅក្នុងស្ថានភាពថ្មី បណ្តាប្រទេសអាស៊ានចាំបាច់ត្រូវបង្ហាញពីភាពក្លាហានរបស់ខ្លួន និងសម្របសម្រួលយ៉ាងសកម្មដើម្បីធ្វើឱ្យទៅជាការពិតនូវគំនិតផ្តួចផ្តើម និងផែនការនៃការស្តារឡើងវិញដោយមានរបៀបប្រតិបត្ដិការថ្មី និងមានប្រសិទ្ធិភាពជាងមុន។ ក្របខ័ណ្ឌការងារសម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយអាស៊ាន ដែលដើរតួនាទីស្នូលចាំបាច់ត្រូវឱ្យតម្លៃយ៉ាងពេញលេញ។ អាស៊ានអាចចូលរួមចំណែកយ៉ាងសកម្ម និងប្រសិទ្ធភាពជាងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី គោរពច្បាប់អន្តរជាតិ និងពង្រឹងប្រព័ន្ធពហុភាគីអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល។

អស់លោក លោកស្រី!

វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍រក្សារឹងមាំឯករាជ្យ ស្វ័យភាព ពហុភាវូបនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងបរទេស ជាមិត្តភក្តិ ជាដៃគូដែលទុកចិត្ត និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ខិតខំដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ស្មារតីនោះបាននាំឱ្យវៀតណាមឈានដល់ភាពចាស់ទុំ និងរីកចម្រើនក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ហើយនឹងបន្តធ្វើជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយការបរទេសរបស់វៀតណាម ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៅលើពីភពលោកបច្ចុប្បន្ននេះ។

ដំណើរការនៃការចូលរួម និងអមដំណើរជាមួយអាស៊ានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ គឺជាមូលដ្ឋានសម្រាប់វៀតណាមអនុវត្តនូវគោលនយោបាយការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ អាស៊ានបានក្លាយជាផ្ទះរួមមួយ,   សហគមន៍អាស៊ានគឺជាមូលដ្ឋានសំខាន់មួយក្នុងការថែរក្សាអត្តសញ្ញាណអាស៊ីអាគ្នេយ៍។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ក្នុងស្មារតី“ ភាពស្អិតរមួត និងការឆ្លើយតប” វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសាមគ្គីភាព ការគាំទ្រដ៏មានតម្លៃពីបណ្តាប្រទេសសមាជិកដៃគូនិងមិត្តភក្តិរបស់អាស៊ាន ដើម្បីសហគមន៍អាស៊ានមួយ រឹងមាំ ឆ្លងកាត់ឧបសគ្គទាំងអស់ រក្សាសន្ទុះនៃការតភ្ជាប់ កសាងសហគមន៍ និងពង្រឹងមជ្ឈភាពរបស់អាស៊ាន និងកសាងតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ អព្យាក្រឹត និងស្ថិរភាព។

ប្រធានហូជីមិញរបស់យើងខ្ញុំធ្លាប់បានបញ្ជាក់ថា“ សាមគ្គីភាពគឺជាកម្លាំង”។ មានតែតាមរយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត  ការខិតខំប្រឹងប្រែងរួមគ្នា ការមូលមតិគ្នាប៉ុណ្ណោះទេ អាស៊ាននិងពិភពលោកទើបអាចរួមគ្នាជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ហើយនិងស្តារសេដ្ឋកិច្ចឡើងវិញ  រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងរឹងមាំ។ ដោយមានទំនុកចិត្តលើសាមគ្គីភាព និងកម្លាំងសហគមន៍របស់អាស៊ាន ខ្ញុំសូមប្រសិទ្ធិពរជូនឱ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធរវាងអាស៊ាននិងដៃគូនានាទទួលបានជោគជ័យ បន្តនាំឱ្យអាស៊ានសម្រេចបានជំហានអភិវឌ្ឍន៍ថ្មី និងសំខាន់នៅក្នុង​រយៈពេលខាងមុខ ឆ្លើយតបនឹងការរំពឹងទុក និងក្តីសង្ឃឹមរបស់ប្រជាជន។

សូមអរគុណ និងជូនពរសុខភាពល្អដល់អ្នកទាំងអស់គ្នា៕

បកប្រែដោយ Minh Trung