កិច្ចប្រជុំ AMOM-10 ត្រូវបានរៀបចំឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៧ (ACDFM-17) ដែលរៀបចំឡើងដោយប្រទេសវៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកញ្ញា។ កិច្ចប្រជុំ AMOM ត្រូវបានប្តូរវេនគ្នាធ្វើឡើងចំនួន ៩ លើករវាងកងទ័ពនៃបណ្តាប្រទេសអាស៊ានរួចហើយ ហើយនេះជាលើកទី១ ដែលប្រទេសវៀតណាមទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

leftcenterrightdel
កិច្ចប្រជុំ ACDFIM-15 ធ្វើឡើងនៅសឹង្ហបុរីតាំងពីឆ្នាំ២០១៨

គួរឲ្យរំលឹកដែរថា កាលពី ១០ ឆ្នាំមុន នៅពេលដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការអគ្គមេបញ្ជាការកងទ័ពបណ្តាប្រទេសអាស៊ានលើកទី៧ (ACDFIM-7) នោះ ប្រទេសទាំងអស់បានព្រមព្រៀងគ្នាថាចាប់ពីឆ្នាំ ២០១១ តទៅនឹងធ្វើកិច្ចប្រជុំក្រៅផ្លូវការប្រធាននាយកដ្ឋានប្រយុទ្ធកងទ័ពនៃបណ្តាប្រទេសអាស៊ាន (AMOIM) បន្ថែមទៀត។ ហើយចាប់តាំងពីឆ្នាំ ២០១៩ នោះ AMOIM ក៏ដូចជា ACDFIM បានក្លាយជាកិច្ចប្រជុំផ្លូវការ (AMOM, ACDFM) បន្ទាប់ពីបានឯកភាពគ្នានៅឯ ACDFIM-១៥ នៅប្រទេសសិង្ហបុរី។ ការបង្កើតឡើងនៃ AMOM មានគោលបំណងឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែងរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខទាំងប្រពៃណី និងមិនប្រពៃណី ដែលកំពុងជះឥទ្ធិពលយ៉ាងអវិជ្ជមាន និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ការបង្កើត AMOM បានកត់សម្គាល់នូវការខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំ ACDFIM ប្រការនេះបានឆ្លុះបង្ហាញពីអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាពគ្នាក្រោមតួនាទីជាអ្នកសម្របសម្រួលរបស់ប្រទេសវៀតណាម។ គំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការនេះអាចនិយាយបានថា ជាជោគជ័យនៃកិច្ចប្រជុំដោយមានការចូលរួមចំណែកយ៉ាងសកម្មរបស់ម្ចាស់ផ្ទះវៀតណាម។

យើងអាចអះអាងបានថា ការរួមចំណែករបស់អង្គប្រជុំ AMOM នៅពេលក្រោយបានកត់សម្គាល់នូវកម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមកងទ័ពនៃបណ្តាប្រទេសអាស៊ានប្រកបដោយការអនុវត្តជាក់ស្តែង និងប្រសិទ្ធភាពជាង។ កិច្ចប្រជុំ AMOM ទទួលភារកិច្ចគន្លឹះចំពោះការធ្វើទ្រង់ទ្រាយ និងកសាងផែនការសហប្រតិបត្តិការរួមរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន។ បន្ទាប់ពីត្រូវបានបង្កើតឡើងកិច្ចប្រជុំ AMOM បានផ្តើមគំនិត និងលើកឡើងក្នុងកិច្ចប្រជុំ ACDFM ឲ្យអនុម័តនិងអនុវត្តនូវផែនការសហប្រតិបត្តិការជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព សម្បូរបែប ដែលមានអត្ថន័យជាក់ស្តែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងច្រើនក្នុងចំណោមកងទ័ពអាស៊ាន។ ទំនាក់ទំនងនេះរួមចំណែកដល់ការពង្រឹងសមត្ថភាពយោធានៃប្រទេសសមាជិកអាស៊ាននីមួយៗ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ កសាងទំនុកចិត្ត និងធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស និងតំបន់នីមួយៗ។ គួរឲ្យដឹងដែរថាគ្រាដែលមិនទាន់មាន AMOM ទេ ហើយមានត្រឹមតែកិច្ចប្រជុំសម្រាប់មេបញ្ជាការខាងចារកម្មយោធាអាស៊ាន (AMIM) ដែលត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ ២០០១ ប៉ុណ្ណោះ ពោលគឺស្របពេលជាមួយការបង្កើតយន្តការសហប្រតិបត្តិការ ACDFIM នោះ គឺរាល់សកម្មភាពសហប្រតិបត្តិការលើវិស័យយោធាក្នុងចំណោមបណ្តាប្រទេសអាស៊ានមិនត្រូវបានគេដាក់ពង្រាយប៉ុន្មានទេ។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១០ បន្ទាប់ពីការបង្កើត AMOM រហូតមកដល់ពេលនេះ ក្រុមជំនាញ ADMM + ចំនួន ៧ ត្រូវបានបង្កើតឡើងដែលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងជាក់លាក់រវាងកងទ័ពនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូ។ នេះជាភស្តុតាងជាក់ស្តែងមួយដែលបង្ហាញពីប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការយោធានេះក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

កិច្ចប្រជុំ AMOM រួមជាមួយកិច្ចប្រជុំ AMIM គឺជាកិច្ចប្រជុំជំនាញពីរដែលទទួលខុសត្រូវក្នុងការរៀបចំឯកសារសម្រាប់បម្រើកិច្ចប្រជុំ ACDFM ។ រួមជាមួយយន្ដការសហប្រតិបត្តិការយោធាដទៃទៀតរួមមាន៖ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន, កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន, កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន..., AMOM, AMIM បានរួមចំណែកក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធានៃកងទ័ពអាស៊ានឲ្យកាន់តែខ្លាំងឡើងប្រកបដោយគុណភាព។

លើសពីនេះទៅទៀត AMOM ក៏ជាវេទិកាមួយសម្រាប់បណ្តាប្រទេសក្នុងតំបន់ចែករំលែកទស្សនៈរបស់ខ្លួនអំពីស្ថានភាពពិភពលោក និងស្ថានភាពក្នុងតំបន់ដែលមានការចាប់អារម្មណ៍ដូចគ្នា ពិភាក្សាអំពីរាល់វិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហាលំបាកដែលអាស៊ានត្រូវតែប្រឈម វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែងរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាននិយាយរួម និងរវាងកងកំលាំងប្រយុទ្ធកងទ័ពនៃបណ្តាប្រទេសអាស៊ាន... តាមទំលាប់ AMOM នឹងបង្កើតផែនការសហប្រតិបត្តិការរយៈពេល ២ ឆ្នាំរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន ព្រមទាំងរាយការណ៍ទៅកិច្ចប្រជុំ ACDFM សម្រាប់ពិចារណា និងអនុម័តដើម្បីអនុវត្ត។ ហេតុដូច្នេះហើយ AMOM ក៏ដើរតួនាទីជាបណ្តាញសេនាធិការសម្រាប់ថ្នាក់ដឹកនាំក្នុងការបង្កើតផែនការ និងកម្មវិធីសហប្រតិបត្តិការរួមរបស់កងទ័ពនៃបណ្តាប្រទេសអាស៊ាន។

ផែនការប្រតិបត្តិការយោធាដែលបង្កើតឡើងដោយ AMOM សម្រាប់កងទ័ពនៃបណ្តាប្រទេសអាស៊ាននឹងផ្អែកលើការវាយតម្លៃលើការវិវឌ្ឍនៃស្ថានភាពសន្តិសុខ និងបញ្ហាប្រឈមដែលកំពុងកើតមានឡើងដែលជះឥទ្ធិពលដោយផ្ទាល់ដល់តំបន់។ ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ AMOM-10 ចំពេលមានការរីករាលដាលនៃ Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ហើយទន្ទឹមនឹងនោះគឺការកើនឡើងនៃភាពតានតឹងនៅក្នុងចំណុចក្តៅៗក្នុងតំបន់ និងបញ្ហាសន្តិសុខមិនមែនជាប្រពៃណីដែលកាន់តែពិបាកប៉ាន់ស្មាន... អ្វីៗទាំងអស់នេះបាននាំមកនូវតម្រូវការជាបន្ទាន់បន្ថែមទៀតនៅក្នុងវេទិកានេះដើម្បីចូលរួមចំណែកក្នុងការបង្កើតការឆ្លើយតបយ៉ាងសកម្ម និងភាពបត់បែនចំពោះបញ្ហាប្រឈមទូទៅរបស់កងទ័ពនៃបណ្តាប្រទេសអាស៊ាន។ នេះជាឱកាសសម្រាប់វៀតណាម និងបណ្តាប្រទេសផ្សេងៗពិភាក្សាអំពីវិធីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ វិធានការឆ្លើយតបនឹងបញ្ហាប្រឈមក៏ដូចជាការសម្របសម្រួលក្នុងការធ្វើផែនការ ហើយផ្តើមចេញពីនេះបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងបណ្តាស្ថាប័នប្រយុទ្ធកងទ័ពនៃបណ្តាប្រទេសអាស៊ានទៀតផង។

តួនាទីយ៉ាងសកម្មរបស់ប្រទេសវៀតណាម រួមជាមួយការគាំទ្រពីសំណាក់ប្រទេសអាស៊ានក្នុងពេលតែមួយបានរួមចំណែកនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំ AMOM-10 ហើយតាមរយៈនោះរួមចំណែកយ៉ាងគំហុគក្នុងជ័យជំនះនៃកិច្ចប្រជុំ ACDFM-17៕

បកប្រែដោយ Minh Trung