ដោយសារតែមហាសន្និបាត AIPA លើកនេះត្រូវបានប្រព្រឹត្តទៅក្នុងបរិបទមួយដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងឧបសគ្គដែលមិនធ្លាប់មានបណ្តាលមកពីជំងឺរាតត្បាត Covid-19 ដូច្នេះមហាសន្និបាត AIPA 41 គឺជាឱកាសមួយសម្រាប់ AIPA និងអាស៊ានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ឆន្ទៈ និងការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីជំនះលើគ្រប់ឧបសគ្គធំៗទាំងអស់ដើម្បីសហគមន៍មួយប្រកបដោយវិបុលភាព រីកចម្រើន និរន្តរភាព ស្អិតរមួត និងការឆ្លើយតប។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជាប្រធាន AIPA 41 (រូបថត៖ vnanet.vn)

យើងអាចបញ្ជាក់បានថា AIPA  រួមជាមួយអាស៊ាន បានបង្ហាញកាន់តែច្បាស់ថាជាកត្តាសំខាន់មួយក្នុងការគាំទ្រ និងការចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ដំណើរការសមាហរណកម្មតំបន់ ដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនានា។ AIPA និងគ្រប់សភាសមាជិកបាន និងកំពុងធ្វើការដើម្បីលើកកម្ពស់ការសម្របសម្រួលនូវភាពស្របច្បាប់ ពង្រឹងការឃ្លាំមើលលើការអនុវត្តការប្តេជ្ញាចិត្ត ផែនការមេកសាងសហគមន៍ និងគោលនយោបាយសហប្រតិបត្តិការរបស់អាស៊ាន រួមគ្នាចូលរួមចំណែកក្នុងការកសាងអាស៊ាន “ដំបូលផ្ទះរួម” ។

នៅក្នុងបរិបទនេះមហាសន្និបាត AIPA 41 ត្រូវបានគេរំពឹងថានឹងក្លាយជាវេទិកាសម្រាប់គ្រប់សមាជិកសភា AIPA អាចចែករំលែកសារ និងប្តេជ្ញាចិត្តបង្កើនសកម្មភាព រួមដំណើរជាមួយរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺ ក៏ដូចជាផ្តល់ជំនួយយ៉ាងសកម្មលើរាល់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក  និងទំនាក់ទំនងភាពជាដៃគូក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាសកល។ អញ្ជើញចូលរួមមហាសន្និបាត AIPA ក្រៅពីសមាជិករដ្ឋសភាពេញសិទ្ធិ AIPA ក៏មានសភានានាជាអ្នកសង្កេតការណ៍ និងភ្ញៀវកិត្តិយសរបស់ប្រទេសម្ចាស់ផ្ទះផងដែរ។

មហាសន្និបាត AIPA 41 គឺជាឱកាសមួយសម្រាប់ប្រទេសម្ចាស់ផ្ទះវៀតណាម លើកកម្ពស់តួនាទីរបស់ខ្លួនក្នុងនាមជាដៃគូដែលគួរឲ្យជឿទុកចិត្តបាន និងមានការទទួលខុសត្រូវនៅក្នុងសហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ។ ដោយទទួលតួនាទីជាប្រធាន AIPA ២០២០ ក្នុងដំណាក់កាលដ៏លំបាកនេះ រដ្ឋសភាវៀតណាមបានផ្តួចផ្តើមគំនិតយ៉ាងសកម្ម និងរៀបចំរាល់សកម្មភាពសមស្របក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធាន AIPA ២០២០ ក្នុងស្មារតី “ភាពស្អិតរមួត និងការឆ្លើយតប”។ ជាលើកដំបូងដែលកិច្ចប្រជុំ “ភាពជាដៃគូសភាស្តីពីកិច្ចសហប្រតិបត្តិការអប់រំ និង វប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព - AIPA ECC” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋសភាវៀតណាមដោយទទួលបានការគាំទ្រពីសំណាក់គ្រប់សមាជិក AIPA និងអង្គការសហប្រជាជាតិ។ ដូច្នោះ រាល់គោលដៅជាក់លាក់នៃកម្មវិធីរបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ ត្រូវបានដាក់ចូលទៅក្នុងរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA 41 ។ លើសពីនេះទៀត ត្រូវតែរាប់បញ្ចូលទាំងគំនិតផ្តួចផ្តើមរៀបចំកិច្ចប្រជុំ សមាជិកសភាវ័យក្មេងរបស់ AIPA ជាមួយនឹងការរំពឹងទុកថា រាល់មតិរបស់សមាជិកសភាវ័យក្មេងនឹងចូលរួមប្រកបដោយប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងបង្រួបបង្រួមសហគមន៍អាស៊ាន ព្រមទាំងសង្ឃឹមថាសន្និសីទនេះនឹងក្លាយជាផ្លូវការក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់មហាសន្និបាត AIPA ។ ទន្ទឹមនឹងរាល់សកម្មភាពរដ្ឋាភិបាល រដ្ឋសភាវៀតណាមបានអនុវត្តសកម្មភាពការទូតសភាតាមប្រព័ន្ធវីដេអូជាច្រើនជាមួយសភាសមាជិក AIPA ក៏ដូចជាសហភាពអន្តរសភាពិភពលោក (IPU) ដើម្បីលើកកម្ពស់តួនាទីរបស់រដ្ឋសភានៃគ្រប់ប្រទេសក្នុងការឆ្លើយតបនឹងរោគរាតត្បាត Covid-19 …

ជាមួយនឹងរាល់សកម្មភាព និងគំនិតផ្តួចផ្តើមឡើងដោយប្រទេសម្ចាស់ផ្ទះក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA 41 នោះ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងបន្តពង្រឹង និងលើកកម្ពស់តួនាទីរបស់រដ្ឋសភាក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន។ លើកកម្ពស់លទ្ធផលអភិវឌ្ឍនៃ សហគមន៍អាស៊ានតាមរយៈវិស័យការទូតសភា។

ជាពិសេសចំពោះវៀតណាមដែលកំពុងកាន់តួនាទីជាប្រធាន AIPA និងប្រធានអាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ក្នុងពេលតែមួយនោះ គឺព្រឹត្តិការណ៍នេះជាឱកាសសំខាន់មួយសម្រាប់វៀតណាមដើរតួនាទីយ៉ាងសកម្ម និងមានការចូលរួមវិភាគទានជាក់ស្តែងដល់កិច្ចប្រឹងប្រែងរួមរបស់តំបន់ និងពិភពលោក រួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះជាតិក្នុងតំបន់និងនៅលើពិភពលោក។

នេះជាលើកទី ៣ ហើយដែលរដ្ឋសភាវៀតណាមទទួលតួនាទីជាប្រធាន AIPA ហើយក៏ជាលើកទី ៣ ធ្វើជាម្ចាស់ផ្ទះមហាសន្និបាត AIPA ផងដែរ។ ក្រឡេកមើលពីដំណើរការនៃការចូលរួម AIPA តាំងពីឆ្នាំ ១៩៩៥ មកម៉្លេះ យើងអាចឃើញថា ការចូលរួមរបស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការសភាពហុភាគីនេះកាន់តែម្ចាស់ការ និងសកម្ម។ គួរឲ្យបញ្ជាក់ថា នៅមុនថ្ងៃប្រព្រឹត្តទៅមហាសន្និបាត AIPA 41 នោះ របៀបវារៈ និងគំនិតផ្តួចផ្តើមរបស់រដ្ឋសភាវៀតណាមនៅមហាសន្និបាត AIPA 41 ទទួលបានការឯកភាព និងការគាំទ្រពីគ្រប់សមាជិកសភាទាំងអស់។

យើងជឿជាក់ថា មហាសន្និបាត AIPA 41 ដែលត្រូវបានរៀបចំឡើងដោយរដ្ឋសភាវៀតណាមជាមួយនឹងរបៀបវារៈដ៏សម្បូរបែប និងគោលដៅជាក់ស្តែងនានាដែលបានកំណត់នោះនឹងជាការកត់សម្គាល់នូវការអភិវឌ្ឍដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងភាពជាដៃគូ AIPA-ASEAN ហើយជាជំហានៗធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងសំដៅ សម្របសម្រួលឱ្យបានកាន់តែប្រសើរជាងនេះទៅទៀតក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

បកប្រែដោយ Minh Trung