រហូតក្នុងរយៈពេល ៧៥ ឆ្នាំនៃការរីកចម្រើនធំធាត់ ក្រោមការដឹកនាំរបស់បក្ស និងការណែនាំដោយផ្ទាល់របស់លោកប្រធានហូជីមិញ ដែលជារដ្ឋមន្រ្តីការបរទេសដំបូងបង្អស់នោះ ការទូតវៀតណាមតែងតែរួមដំណើរជាមួយប្រទេសជាតិ និងបម្រើជាតិ បម្រើប្រជាជន ព្រមទាំងរួមចំណែកក្នុងជ័យជំនះដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រវីរភាពជាតិជានិច្ច។ ការទូតបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបដិវត្តន៍នៃប្រទេសយើងឱ្យជៀសផុតពីការលំបាកឧបសគ្គយ៉ាងសន្ធឹកសន្ធាប់ និងមានវត្តមាននៅគ្រប់ដំណាក់កាលនៃប្រទេសជាតិចាប់តាំងពីការរួមចំណែកក្នុងការដណ្តើម និងរក្សាការពារបានឯករាជ្យជាតិយ៉ាងរឹងមាំក្នុងសម័យកាលដំបូងរបស់ខ្លួនរហូតដល់ជ័យជំនះក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម រំដោះខាងត្បូង​វៀត​ណាម បង្រួបបង្រួមជាតិ កសាង និងការពារប្រទេសជាតិសព្វថ្ងៃនេះ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh អញ្ជើញជាអធិបតីនៃកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

 

ភ្លាមៗបន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (១៩៤៥) ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ អ៊ំ ហូ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស ការទូតបានដើរតួនាទីឈានមុខគេក្នុងការថែរក្សាយ៉ាងរឹងមាំនូវឯករាជ្យជាតិ  និងការពារដោយជោគជ័យនូវរដ្ឋាភិបាលបដិវត្តន៍ដ៏ក្មេងខ្ចីរបស់យើង។ រាល់យុទ្ធសាស្ត្រ និងការសំរេចចិត្តដ៏មោះមុត និងឆ្លាតវៃរបស់ការទូតដូចជា៖ “ការសម្រុះសម្រួលដើម្បីឆ្ពោះទៅមុខ” “ការធ្វើឱ្យសត្រូវបែកបាក់គ្នា” រួមទាំងគោលការណ៍ “ដាក់ផលប្រយោជន៍ជាតិជាធំបំផុត” ជាដើម។ ទន្ទឹមនឹងនេះការទូតក៏បានឈានមុខគេក្នុងការចលនាបណ្តាប្រទេសលើលោកឱ្យទទួលស្គាល់សន្តិភាព និងឯករាជ្យរបស់វៀតណាមទៀតផង។ ក្នុងអំឡុងពេលសង្គ្រាមតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំង និងពួកចក្រពត្តិនិយមអាមេរិក ការទូតបដិវត្តន៍របស់វៀតណាម បានក្លាយជា “សមរភូមិដ៏សំខាន់មួយដែលមានលក្ខណៈយុទ្ធសាស្ត្រ” ពោលគឺជាធាតុផ្សំដ៏សំខាន់នៃមាគ៌ាបដិវត្តន៍ ដោយប្រកៀកស្មាជាមួយផ្នែកយោធាដើម្បីនាំមកនូវជ័យជំនះ។  ការទូតវៀតណាមបានត្រួសត្រាយផ្លូវនៃការបង្កើតនូវសមរភូមិអន្តរជាតិមួយដែលគាំទ្រដល់បុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមជាតិ។ ការទូតបានលើកកម្ពស់ទង់នៃសន្តិភាព ឯករាជ្យជាតិ តស៊ូយ៉ាងស្វិតស្វាញក្នុងការរួមបញ្ចូលគ្នាទាំងក្នុងការតស៊ូនយោបាយជាមួយនឹងការតស៊ូផ្នែកច្បាប់ដោយបានទទួលការគាំទ្រពីសំណាក់សហភាពសូវៀត ប្រទេសចិន និងប្រទេសសង្គមនិយមបងប្អូនផ្សេងៗទៀត ពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសជាតិនិយម បង្កើតជាសមរភូមិប្រជាជនពិភពលោក គាំទ្របុព្វហេតុសច្ឆធម៌របស់ប្រជាជនវៀតណាម។ ផ្តើមចេញពីនោះ បានគួបផ្សំជាមួយនឹងជ័យជំនះលើសមរភូមិមុខធ្វើឲ្យពួកអាណានិគមបារាំង និងចក្រពត្តិនិយមអាមេរិកត្រូវតែបង្ខំចិត្តអង្គុយនៅតុចរចាដើម្បីបញ្ចប់សង្គ្រាម។ ជ័យជំនះការទូតនៅលើតុចរចានៅទីក្រុងហ្សឺណែវក្នុងឆ្នាំ ១៩៥៤ និងនៅទីក្រុងប៉ារីស ក្នុងឆ្នាំ ១៩៧៣ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរការដណ្តើមយកបានឯករាជ្យ និងឯកភាពទឹកដី។

នៅក្នុងការកសាង និងស្តារប្រទេសជាតិឡើងវិញបន្ទាប់ពីសង្គ្រាមបានបញ្ចប់នោះ ការទូតគឺជាកម្លាំងស្នូលឈានមុខគេមួយក្នុងការប្រយុទ្ធដើម្បីនាំប្រទេសរបស់យើងចេញផុតពីភាពឯកោនយោបាយ និងព័ទ្ធជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ការទូតបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់រវាងប្រទេសវៀតណាម ជាមួយនិងប្រទេសជិតខាង ប្រទេសធំៗ ដោយបង្កើតនូវរបកគំហើញថ្មីៗនៅក្នុងទំនាក់ទំនងការបរទេសរបស់វៀតណាម រួមទាំងមានដំណោះស្រាយចំពោះបញ្ហានៅកម្ពុជា និងការធ្វើឱ្យប្រក្រតីទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសធំៗ។

នៅក្នុងរយៈពេលនៃការផ្លាស់ប្តូរថ្មី និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ភារកិច្ចខាងកិច្ចការបរទេសគឺត្រូវតែបន្តបង្កើតបរិយាកាស និងលក្ខខណ្ឌអន្តរជាតិមានអំណោយផលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើទំនើបកម្មប្រទេស កសាង និងការពារប្រទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការតស៊ូរួមគ្នារបស់ប្រជាជនពិភពលោកដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ដោយឈរលើមូលដ្ឋាននៃមរតកប្រវត្តិ និងបទពិសោធន៍បរទេសដែលមានស្រាប់ពីសម័យមុនៗ ការទូតបាននាំមុខដើរតួនាទីត្រួសត្រាយផ្លូវ អភិវឌ្ឍ និងធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការរបស់វៀតណាមជាមួយប្រទេស និងតំបន់ផ្សេងទៀតនៅលើពិភពលោកកាន់តែស៊ីជម្រៅទូលំទូលាយ ពង្រីកទីផ្សារនិងរាល់វិស័យសហប្រតិបត្តិការថ្មីៗ ទាក់ទាញគ្រប់ធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកថែរក្សាបរិស្ថានប្រកបដោយសន្តិភាព ស្ថិរភាព និងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិរបស់ប្រទេសវៀតណាម។

ការទូតបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអនុវត្តទិសដៅយុទ្ធសាស្ត្រប្រកបដោយបុរេសកម្ម សមាហរណកម្មអន្តរជាតិ។ អាស្រ័យហេតុនោះ វិស័យការទូតបានផ្តល់ប្រឹក្សាដល់បក្ស និងរដ្ឋាភិបាលអំពីរាល់វិធានការ និងជំហានយុទ្ធសាស្ត្រដើម្បីធ្វើឱ្យវៀតណាមក្លាយទៅជាចំណុចភ្ជាប់សំខាន់ៗក្នុងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។ លើសពីនេះទៀត ផ្នែកការទូតបានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនានាក្នុងការលើកកម្ពស់សមាហរណកម្មអន្តរជាតិក្នុងវិស័យការពារសន្តិសុខ សង្គម វប្បធម៌ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ...

វិស័យការទូតរួមគ្នាជាមួយវិស័យការពារជាតិសន្តិសុខបានចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់មាតុភូមិ។ ក្នុងនោះ ផ្នែកការទូតរួមជាមួយក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនានាបានខិតខំប្រឹងប្រែងចរចានិងកសាងព្រំដែនគោកប្រកបដោយសន្តិភាព និងអភិវឌ្ឍជាមួយប្រទេសឡាវ កម្ពុជា និងចិន។ ទន្ទឹមនឹងនេះផ្នែកការទូតបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្លាំងយោធា និងនគរបាលក្នុងដំណើរការ“ រក្សាប្រទេសតាំងពីចម្ងាយ ពីពេលដែលប្រទេសមិនទាន់មានគ្រោះថ្នាក់” ជាពិសេសក្នុងការតស៊ូការពារអធិបតេយ្យភាពនិងអធិបតេយ្យភាពជាតិនៅសមុទ្រខាងកើត។

ពិភពលោកកំពុងត្រៀមខ្លួនឈានចូលទសវត្សរ៍ទី ៣ នៃសតវត្សរ៍ទី ២១ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ រហ័ស និងពិបាកអាចស្មានដល់។ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជាសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងអស់នៅលើពិភពលោក ប៉ុន្តែកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសវិបត្តិសេដ្ឋកិច្ចពិភពលោក ការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមប្រទេសធំ ៗ បញ្ហាប្រឈមសន្តិសុខប្រពៃណី  និងមិនប្រពៃណីដូចជាជំងឺរាតត្បាត បរិស្ថាន ការប្រែប្រួលអាកាសធាតុ សន្តិសុខប្រភពទឹក។ ក្រោមឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ការផ្លាស់ប្តូរនៅលើឆាកអន្តរជាតិត្រូវបានពន្លឿនជាងដែលមានផលប៉ះពាល់ដោយផ្ទាល់លើបរិស្ថានសន្តិសុខ និងការអភិវឌ្ឍរបស់វៀតណាម នាំមកនូវឱកាសនិងបញ្ហាប្រឈមថ្មីៗ។

នៅក្នុងបរិបទថ្មីនោះ វិស័យការទូតគួរតែបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការបង្កើតបរិយាកាសសន្តិភាព អំណោយផលសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេស។ អាស្រ័យហេតុនោះ យើងចាំបាច់ត្រូវកសាងវិស័យការទូតទំនើបមួយទាំងកម្លាំង ទាំងខ្លឹមសារ និងរបៀបប្រតិបតិ្តការដោយផ្អែកលើមរតកប្រពៃណីការទូតរបស់វៀតណាម និងសតិអារម្មណ៍ការទូតរបស់ប្រធានហូជីមិញ។ ទន្ទឹមនឹងនេះ ផ្នែកការទូតនឹងជំរុញស្មារតីនៃការច្នៃប្រឌិតយ៉ាងសកម្ម និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរនៃស្ថានភាពដើម្បីបំពេញតួនាទីដែលបានកំណត់សម្រាប់ផ្នែកការទូតក្នុងរយៈពេលថ្មី។

ជាមួយនឹងជំហរ និងអានុភាពថ្មីរបស់ប្រទេសជាតិ ដោយការពង្រីកនូវទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿង និងសមិទ្ធិផលដ៏អស្ចារ្យក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ រួមទាំងក្រោមការដឹកនាំរបស់បក្ស ផ្នែកការទូតវៀតណាមប្តេជ្ញាបន្តបោះជំហានទៅមុខជាលំដាប់ បន្តសរសេរទំព័រមាសនៃការទូតទំនើប រួមចំណែកយ៉ាងសក្តិសមនឹងបុព្វហេតុកសាងនិងការពារមាតុភូមិវៀតណាម៕

បកប្រែដោយ Minh Trung