នៅក្នុងកិច្ចប្រជុំនេះប្រតិភូចូលរួមបានសង្ខេបពីស្ថានភាពនៅក្នុងប្រទេសរៀងៗខ្លួន និងចែករំលែកពីបណ្តាវិធានការណ៍របស់រដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនេះ។ ប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសជាច្រើន និងនៅជុំវិញពិភពលោកនោះ រដ្ឋាភិបាលនិងសភានៅក្នុងតំបន់និងនៅទូទាំងពិភពលោកត្រូវការរួបរួមសាមគ្គីគ្នា សហការធ្វើសកម្មភាពរួមគ្នា និងចូលរួមចំណែកក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតសម្រាប់ធានាសន្តិសុខសង្គមឲ្យប្រជាជន។ ទន្ទឹមនឹងនេះដែរត្រូវចាត់វិធានការនានាដើម្បីផ្តល់ជំនួយគាំទ្រដល់អាជីវកម្ម និងអ្នកដែលជួបការលំបាកនៅក្នុងសង្គមដោយរងផលប៉ះពាល់ពីជំងឺរាតត្បាត។

leftcenterrightdel
ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមលោក Nguyen Van Giau ចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូដោយមានប្រធានបទថា “តួនាទីរបស់សភាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹង Covid-19”

 

យោងតាមប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឥណ្ឌូណេស៊ីក៏ដូចជាបណ្តាប្រទេសជាច្រើនក្នុងតំបន់ដែលកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុបានព្យាករណ៍ថា ផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 នឹងត្រូវតែអូសបន្លាយជាបន្តទៀត និងកាន់តែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨-២០០៩ ទៀត។ អាស្រ័យហេតុនោះ សមាជិកសភាចាំបាច់ត្រូវលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការត្រួតពិនិត្យ ការអនុវត្តវិធានការប្រយុទ្ធប្រឆាំង និងការបែងចែកថវិកាសម្រាប់ការគ្រប់គ្រងជំងឺ និងការគាំទ្រផ្តល់ជំនួយដល់ប្រជាជននិងអាជីវកម្មដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃការរាតត្បាតជំងឺ Covid-19។ ទន្ទឹមនឹងនោះត្រូវតែលើកកំពស់ការឃោសនា ការផ្សព្វផ្សាយ និងការចលនាប្រជាជនឲ្យប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងកំឡុងពេលផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នេះ។

ប្រតិភូទាំងអស់ក៏បានលើកឡើងផងដែរថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាគួរតែមានវិធានការណ៍ដើម្បីពន្យារពេលចំពោះបំណុលដល់ប្រទេសក្រីក្រ ជួយពួកគេឱ្យឆ្លងផុតដំណាក់កាលលំបាកនាពេលខាងមុខ។ ជាមួយគ្នានេះដែរប្រតិភូទាំងអស់បានឯកភាពបន្តធ្វើការជាមួយបណ្តាអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងរោគរាតត្បាត Covid-19 នៅថ្នាក់ជាតិ និងថ្នាក់តំបន់។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាវៀតណាមលោក Nguyen Van Giau បានឲ្យដឹងថា រោគរាតត្បាត Covid-19 បាននិងកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់តំបន់ និងពិភពលោក។ ក្នុងនាមជាតំណាងប្រជាជន សមាជិកសភាទាំងអស់ចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយជាមួយវិបត្តិ និងជំនះលើរាល់ការលំបាក និងបញ្ហាប្រឈមនានាទាំងអស់ដែលបណ្តាលមកពីជំងឺរាតត្បាត។

លោក Nguyen Van Giau ក៏មានប្រសាសន៍ថា ក្នុងនាមជាប្រធាន AIPA ២០២០ រដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់និងគាំទ្រចំពោះរបៀបវារៈទាំងអស់នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងកិច្ចប្រជុំកំពូលពិសេសអាស៊ាន + ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ថ្មីៗនេះ។ សេចក្តីប្រកាសនៃកិច្ចប្រជុំបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសសមាជិកអាស៊ានក្នុងស្មារតីនៃ “ការរួបរួមគ្នា និងការបន្សាំដោយបុរេសកម្ម” របស់អាស៊ានដើម្បីបន្តសាមគ្គី និងរួបរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើជីវភាពរបស់ប្រជាជន សង្គម និងសេដ្ឋកិច្ចក្នុងតំបន់។

បទពិសោធន៍និងលទ្ធផលក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាត Covid-19 ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកចូលរួមកិច្ចប្រជុំ ជាពិសេសបទពិសោធន៍របស់វៀតណាមក្នុងការដាក់ចេញគោលនយោបាយគាំទ្រប្រជាជន និងអាជីវកម្មដែលរងផលប៉ះពាល់នៃជំងឺរាតត្បាត។ លើសពីនេះទៅទៀតប្រតិភូវៀតណាមក៏បានទទួលយកនូវមតិយោបល់របស់ប្រតិភូចូលរួមដើម្បីពង្រឹងតួនាទីរបស់ AIPA ក្នុងការគាំទ្រដល់ការបង្ការ និងទប់ស្កាត់ជំងឺ Covid-19 នៅក្នុងអាស៊ាន។ ក្នុងបរិបទបច្ចុប្បន្នដោយស្មារតីជំរុញភាពជាដៃគូសភាដើម្បីសហគមន៍អាស៊ានប្រកបដោយការរួបរួមគ្នា និងការបន្សាំដោយបុរេសកម្ម រដ្ឋសភាវៀតណាមកំពុងពិចារណាលើការរៀបចំរាល់សកម្មភាពនានាក្នុងឆ្នាំប្រធាន AIPA តាមប្រព័ន្ធវីដេអូ រួមចំណែកដល់ជោគជ័យក្នុងនាមជាប្រធាន  AIPA នៅឆ្នាំ ២០២០៕

បកប្រែដោយ Minh Trung