leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong 

ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតសមាគមអ្នកកាសែតវៀតណាម (ថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩៥០/ថ្ងៃទី ២១ ខែមេសាឆ្នាំ២០២០) ខ្ញុំសូមជូនពរកម្មាភិបាល និងសមាជិកសមាគមអ្នកសារព័ត៌មានវៀតណាមទាំងអស់នៃគ្រប់សម័យកាលឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជួបសំណាងល្អ និងសម្រេចបានបំណងប្រាថ្នាទាំងអស់។

ក្នុងរយៈពេល៧០ឆ្នាំកន្លងផុតទៅហើយ ចាប់តាំងពីការបង្កើតតំបន់សង្រ្គាម Viet Bac ក្នុងការតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំង គ្រប់ជំនាន់នៃសមាគមអ្នកសារព័ត៌មានវៀតណាមនិងអ្នកធ្វើកាសែតនៅទូទាំងប្រទេសតែងតែរួបរួមសាមគ្គីគ្នា ម្ចាស់ការក្នុងការច្នៃប្រឌិត ការខិតខំប្រឹងប្រែងជំនះលើរាល់ការលំបាក និងមានការរីកចម្រើនឥតឈប់ឈរដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជនយើង។ ក្នុងគ្រប់កាលៈទេសៈទាំងអស់ សមាជិក និងអ្នកសារព័ត៌មានជាច្រើនតែងតែរួមដំណើរជាមួយប្រទេសជាតិ ប្រកាន់ខ្ជាប់នូវភាពជាក់ស្តែង ភាពសកម្មក្នុងការឃោសនាពីមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ លើកទឹកចិត្ត និងគាំទ្រប្រជាជនទាំងមូលក្នុងការតស៊ូដើម្បីឯករាជ្យ និងសេរីភាព ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារជាតិនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនោះចូលរួមយ៉ាងសកម្មក្នុងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ និងរឹងមាំ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអំពើអាក្រក់ លាតត្រដាងផែនការ និងល្បិចនៃកម្លាំងអមិត្ត ពួកឱកាសនិយមនយោបាយ ការពារគ្រឹះមនោគមវិជ្ជារបស់បក្ស បង្កើនការបង្រួបបង្រួមជាតិ។ ដោយបានទទួលស្គាល់នូវការចូលរួមវិភាគទានដ៏ធំធេងរបស់សមាគមអ្នកសារព័ត៌មានវៀតណាម និងជួរអ្នកសារព័ត៌មានវៀតណាមនៅទូទាំងប្រទេសនោះ បក្ស និងរដ្ឋបានផ្តល់រង្វាន់ដល់សមាគមអ្នកសារព័ត៌មានវៀតណាមគឺគ្រឿងឥស្សរិយយសផ្កាយមាស គ្រឿងឥស្សរិយយសហូជីមីញ និងរង្វាន់កិត្តិយសជាច្រើនទៀត។

ក្នុងឱកាសនេះក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលប្រកបដោយមោទនភាពរបស់សមាគមអ្នកសារព័ត៌មានវៀតណាម និងអ្នកសារព័ត៌មានទូទាំងប្រទេសរហូតក្នុងរយៈពេល៧០ ឆ្នាំ កន្លងមក។ ប្រទេសរបស់យើងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍដោយមានតួនាទីថ្មី កិត្យានុភាពថ្មី ហើយទាំងកាលានុវត្ត និងការលំបាកជាច្រើនបានចងប្រទាក់ក្រឡាគ្នា។ នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ដែលកំពុងមានការរីកលូតលាស់យ៉ាងខ្លាំងនោះ ទោះបីភារកិច្ចរបស់សារពត៌មានពិតជាធ្ងន់ណាស់ក្តី តែវាក៏មានភាពរុងរឿងផងដែរ។ ខ្ញុំសង្ឃឹមថា សមាគមអ្នកសារព័ត៌មានវៀតណាម និងសមាជិកលើទូទាំងប្រទេសបន្តលើកកម្ពស់ប្រពៃណីបដិវត្តន៍របស់ខ្លួនកសាងសមាគមឲ្យកាន់តែអភិវឌ្ឍស្អាតស្អំ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយនិងមិនឈប់ឈរក្នុងការថែទាំបំប៉ុននូវសតិអារម្មណ៍ ចំណេះដឹងខាងនយោបាយ ជំនាញវិជ្ជាជីវៈ ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាជិករបស់ខ្លួនថែមទៀត។ នៅគ្រប់ជាន់ថ្នាក់នៃសមាគម និងអ្នកសារព័ត៌មាននីមួយៗគួរតែយកលំនាំតាម និងអនុវត្តឲ្យបានល្អនូវការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ“ កម្មាភិបាលសារព័ត៌មានក៏ជាយុទ្ធជនបដិវត្តន៍ផងដែរ។ ប៊ិច និងក្រដាសជាអាវុធមុតស្រួចរបស់ពួកគេ”  បន្តការកែលម្អខ្លឹមសារ និងរបៀបនៃការប្រតិបតិ្តការដើម្បីក្លាយជាទីគួរឲ្យជឿទុកចិត្តបានក្នុងសកម្មភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ខ្ញុំសូមស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់បន្តការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមអ្នកសារព័ត៌មានវៀតណាម និងវិស័យសារព័ត៌មានដើម្បីបំពេញភារកិច្ចរបស់ខ្លួនបានជោគជ័យ។

ដោយក្តីស្រឡាញ់ និងការជឿទុកចិត្ត ខ្ញុំសូមជូនពរដល់សមាជិក សមាជិកា និងអ្នកសារព័ត៌មានទាំងអស់ឲ្យមានសុខភាពល្អ សប្បាយរីករាយ និងសុភមង្គលក្នុងគ្រួសារ ព្រមទាំងបន្តការច្នៃប្រឌិត ការខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បី សាកសមជាយុទ្ធជនជួរមុខលើសមរភូមិសតិអារម្មណ៍-វប្បធម៌៕

បកប្រែដោយ Minh Trung